Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ស៊ុន ចាន់ថុល​៖ ថែទាំ​ផ្លូវ​ជាតិ​លេខ ៣ និង លេខ ៧ ដោយ​ប្តូរ​ពី​កៅស៊ូ DBST បច្ចុប្បន្ន ទៅ​ជា​កម្រាល​កៅស៊ូ AC

spot_img

ភ្នំពេញ​៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា ជាមួយ​ក្រុមហ៊ុន Sichuan Road and Bridge (Group) Corporation Ltd ដើម្បី​លើក​កម្រិត និង​ថែទាំ​ផ្លូវជាតិ​លេខ ៣ និង លេខ ៧ គម្រោង​កំណាត់​ផ្លូវជាតិ​ទាំងពីរ​នេះ នឹង​ធ្វើការ​លើក​កម្រិត​ផ្លូវ​ពី​កម្រាល​កៅស៊ូ DBST បច្ចុប្បន្ន ទៅ​ជា​កម្រាល​កៅស៊ូ AC ហើយ​និង​ធ្វើ​ការស្ថាបនា​លូ​សងខាង​ផ្លូវ ដើម្បី​រំដោះ​ទឹកភ្លៀង​ចេញ ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ ២០១៨ នា​ទីស្តីការក្រសួង ។​

​លោក ស៊ុន ចាន់ថុល បាន​ថ្លែងថា ការងារ​លើក​កម្រិត​ដោយ​ការងារ​ស្ថាបនា​ក្រាល​កៅស៊ូ AC រយៈពេល ១៨​ខែ ហើយ​បន្ត​ថែទាំ​រយៈពេល ៣៦​ខែ សរុប ៥៤​ខែ ដែល​នឹង​ចាប់ផ្ដើម​ការដ្ឋាន ពី​ខែ​មេសា ឆ្នាំ​២០១៨ រហូតដល់ ខែ​កញ្ញា ឆ្នាំ​២០២២ ក្រោម​ហិរញ្ញ​ប្រទាន​ពី​ធនាគារពិភពលោក លេខ 5789-KH: គម្រោង​គ្រប់គ្រង​សម្បត្តិ​ផ្លូវថ្នល់ ២ (Road Asset Management Project II – RAMP II) ដែល​មាន​ប្រវែង​សរុប ១១១,៣ គីឡូម៉ែត្រ និង​ចំណាយ​ទឹកប្រាក់​សរុប​ចំនួន 16.969.422,59 ដុល្លារ​អាមេរិក​។​

​លោក ស៊ុន ចាន់ថុល បាន​ថ្លែង​ទៀតថា ក្រោម​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​តេជោ ហ៊ុន សែន តែងតែ​គិតគូរ និង​ផ្ដល់​សេវាសាធារណៈ ឲ្យបាន​ល្អ​ជូន​បងប្អូន​ប្រជាពលរដ្ឋ កាន់តែ​ងាយស្រួល ក្នុងការ​ធ្វើ​ដំណើរ​។ លោក​រដ្ឋមន្ត្រី បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ ម្ចាស់​ក្រុមហ៊ុន​ដឹកទំនិញ ចូលរួម​ចំណែក​ថែរក្សា​ផ្លូវ​​កុំ​ដឹក​លើស​ទម្ងន់ គោរព​ច្បាប់​ចរាច​រណ៍ និង​ត្រូវ​ជួយ​ការពារ​ថែរក្សា​ផ្លូវ​ផងដែរ​។​

​លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ថា នៅក្នុង​គម្រោង​ដដែល​នេះ រាជរដ្ឋាភិបាល​បាន​ស្នើ​ទៅ​ធនាគារពិភពលោក ដើម្បី​ខ្ចី​ហិរញ្ញ​ប្រទាន​សម្បទាន​ចំនួន​១១០​លាន​ដុល្លារ បន្ថែមទៀត សម្រាប់​លើក​កម្រិត​ផ្លូវជាតិ​លេខ​៤ ដោយ​ក្រាល​កៅស៊ូ AC ស្ថាបនា​ចិញ្ចើម​កៅស៊ូ​AC​និង​បន្ថែម​នូវ​ប្រព័ន្ធ​ប្រឡាយ​ដែល​ចាំបាច់ ដើម្បី​ធានា​ឲ្យ​ផ្លូវជាតិលេខ​៤ អាច​ធ្វើដំណើរ​បាន​គ្រប់​រដូវ​។ បច្ចុប្បន្ន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ធនាគារ​ពិភពលោក កំពុង​រៀបចំ​ឯកសារ​បច្ចេកទេស សម្រាប់​ហិរញ្ញ​ប្រទាន​១១០​លាន​ដុល្លារ​អាមេរិក​នេះ ហើយ​នឹង​ដាក់ជូន​ក្រុមប្រឹក្សានាយក​ធនាគារពិភពលោក សម្រេច​ក្នុង​ខែមិថុនា ឆ្នាំ​២០១៨ ដែល​ការដ្ឋាន​សាងសង់​អាច​ដំណើរការ​នា​ដើមឆ្នាំ​២០១៩៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×