Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ជិះ​រថយន្តក្រុង​វ៉ៃ​បុរស​ម្នាក់​បែក​មុខ ក្រោយ​ពេល​ឈ្លោះ​ជាមួយ​ប្រពន្ធ លើ​រថយន្តក្រុង​ដែល​កំពុង​បើកបរ រត់​ទៅ​ទាញ​ចង្កូត​រថយន្ត រេ​ឡើង​ទ្រូងផ្លូវ​

spot_img

​កំពង់ចាម​៖ បុរស​ម្នាក់​ដែល​ជាប់​សារធាតុ​ញៀន និង​បាន​បង្ក​ជម្លោះ​ជាមួយ​ប្រពន្ធ​នៅលើ​រថយន្ត​ក្រុង​កំពុងតែ​ធ្វើដំណើរ​លើ​ផ្លូវជាតិ​លេខ​៦ ក៏​ស្ទុះ​រត់​ទៅ​ទាញ​បួង​ចង្កូត​រថយន្ត ដែល​កំពុង​បើកបរ​នោះ បណ្តាល​ឲ្យ​ឡើង​លើ​សួនច្បារ​ទ្រូងផ្លូវ​ត្រង់​ចំណុច​គីឡូ​លេខ​៧០ ក្នុងភូមិ​រវៀង ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ នៅ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨​។​

​ហេតុការណ៍​នេះ​បង្ក​ឲ្យ​អ្នកធ្វើ​ដំណើរ​ជា​ច្រើននា​ក់ ទាំង​ខ្មែរ និង​បរទេស​ដែល​កំពុង​ជិះ​លើ​រថយន្ត​ក្រុង​នោះ ភ័យ​ស្លន់ស្លោ​ចង់​លោះ​ព្រលឹង​។ បន្ទាប់​ពី​បង្កហេតុ បុរស​រូប​នោះ ត្រូវបាន​អ្នកដំណើរ​ជិះ​លើ​រថយន្តក្រុង ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង ឡើង​បែក​មុខ​ចេញឈាម ហើយ​ត្រូវបាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម ដើម្បី​ចាត់វិធានការ​តាមច្បាប់​។​

​លោក​វរសេនីយ៍ឯក ប្រាក់ សុ​គុណ អធិការនគរបាល​ស្រុក​ជើងព្រៃ ប្រាប់ឲ្យដឹង​ថា រថយន្តក្រុង​ដឹក​អ្នកដំណើរ ម៉ាក​ហ៊ីយ៉ានដាយ​មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3A-1863 បើកបរ​ដោយ​ឈ្មោះ ភុំ ណាក់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ចុង​ដូង ឃុំ​ចុង​ដូង ស្រុក​បារាយ​រណ៍ ខេត្ត​កំពង់ធំ កាលពី​ព្រឹក​ថ្ងៃទី​៥ ខែ​កុម្ភៈ បាន​ដឹក​អ្នកដំណើរ​ខ្មែរ និង​បរទេស ពេញ​រថយន្ត ចេញពី​រាជធានី​ភ្នំពេញ ដើម្បី​ឆ្ពោះ​ទៅកាន់​ខេត្តសៀមរាប​។ នៅវេលា​ម៉ោង​ប្រហែល​៩​ព្រឹក រថយន្តក្រុង​បាន​ធ្វើដំណើរ​មក​ដល់​ត្រង់​ចំណុច​ភូមិ​រវៀង ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ ស្រាប់តែ​មាន​អ្នកដំណើរ​ម្នាក់​ឈ្មោះ សំ សុជា​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​គោក​ចាន់ ឃុំ​តា​សោម ស្រុក​អង្គ​ជុំ ខេត្តសៀមរាប បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ​ឈ្មោះ តឹប នី​ន អាយុ​២៩​ឆ្នាំ​។ បុរស​នោះ​បាន​ខឹង​ប្រពន្ធ​ខ្លាំងពេក ក៏​ស្ទុះ​ទៅ​ចាប់​ទាញ​ចង្កូត​រថយន្ត​ក្រុង ដែល​កំពុង​បើកបរ​ធ្វើឲ្យ​រថយន្ត​រេ​ចង្កូត​ចុះឡើងៗ និង​បាន​ឡើង​លើ​សួនច្បារ​ពុះ​ទ្រូងផ្លូវ​ជាប់គាំង​ទៅមុខ​លែងរួច​។ ពេលនោះ​អ្នកដំណើរ​លើ​រថយន្តក្រុង មាន​បរទេស និង​ខ្មែរ នាំគ្នា​ភ័យ​លោះ​ព្រលឹង​។ ដោយសារតែ​ខឹង​ពេក អ្នកធ្វើ​ដំណើរ​ជា​ច្រើន​នាក់ នាំគ្នា​វ៉ៃ​ជន​រូប​នោះ​ឡើង​ទ្រម​ខ្លួន ដែល​ប្រព្រឹត្ត​អំពើ​ផ្តេសផ្តាស​ក្នុង​បំណង​អ្នកដំណើរ​លើ​រថយន្ត​មាន​គ្រោះថ្នាក់ ហើយ​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ សួរនាំ​។ សមត្ថកិច្ច​បាន​ធ្វើតេស្ត​ទឹកនោម​លើ​បុរស​រូប​នោះ ដោយ​រក​ឃើញ​មាន​សារធាតុ​ញៀន​។​

​លោក​ឧត្តមសេនីយ៍ត្រី សោម រស់ ស្នងការរង​នគរបាល​ទទួល​ផែន​សណ្តាប់ធ្នាប់ បាន​ប្រាប់​ឲ្យដឹង​ដែរថា ជនបង្ក​នេះ នឹង​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ចាម នឹង​អាច​ដាក់​ពន្ធនាគារ ដើម្បី​ឲ្យ​រាងចាល​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×