Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិត្ត​ហ្វូ​ន បានដាក់​ពង្រាយ ប្រព័ន្ធ​អប់រំ​ឌីជីថល នៅ​ខេត្តសៀមរាប​

spot_img

​ភ្នំពេញ ៖ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​និង​ក្រុមប្រឹក្សាភិបាល​នៃ​វិទ្យាល័យ ១០ មករា ១៩៧៩ នៅ​ថ្ងៃទី ២៧ ខែសីហា ឆ្នាំ​២០២០ នេះ បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MOU) ដើម្បី​ដាក់ពង្រាយ​ប្រព័ន្ធ​អប់រំ​ឌីជីថល​សម្រាប់​សាលារៀន​នេះ​។ នេះ​គឺជា​វឌ្ឍនភាព​មួយ​ដែល​មិត្ត​ហ្វូ​ន​បាន​នឹង​កំពុង​អនុវត្ត​ប្រព័ន្ធ​អប់រំ​សម្រាប់​សាលារៀន​ជាង ៣០០០ កន្លែង​នៅ​ទូទាំងប្រទេស​។​
​ពិធី​នេះ​បានធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក គឹម ឡេង នាយក​នៃ​វិទ្យាល័យ ១០ មករា ១៩៧៩ ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន និង​អ្នកតំណាង​មកពី​ក្រសួង​អប់រំ យុវជន និង​កីឡា​។

​អនុស្សរណៈ​យោគយល់​នេះ​មាន​គោលបំណង បើក​កិច្ចសហប្រតិបត្តិការ​រ​យៈ​ពេល​វែង ក្នុងការ​លើកកម្ពស់​កា​រ​អភិវឌ្ឍន៍​ប្រព័ន្ធ​អប់រំ​ឌីជីថល ជាពិសេស​ក្នុងការ​ដាក់ពង្រាយ​ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​សាលា (SIS) ប្រព័ន្ធ e-Learning និង e-Book និង​មិន​កំណត់​លើ​ការប្រើប្រាស់​ដំណោះស្រាយ​សេវា​ឌីជីថល​ផ្សេងៗ​ទៀតឡើយ​។ នៅថ្ងៃនោះ​ដែរ មិត្ត​ហ្វូ​ន​ក៏បាន​ធ្វើការ​បណ្តុះបណ្តាល និង​សិក្ខាសាលា​អំពី​ប្រព័ន្ធ​ថ្មី​នេះ​សម្រាប់​លោកគ្រូ អ្នកគ្រូ​ទាំងអស់​នៅក្នុង​សាលារៀន​នេះ​ផងដែរ​។​

SIS គឺជា​ដំណោះស្រាយ​មួយ​ក្នុងចំណោម​ដំណោះស្រាយ​ដ៏​លេចធ្លោ របស់​មិត្ត​ហ្វូ​ន​នៅក្នុង​វិស័យ​អប់រំ ដែល​ត្រូវ​បានដាក់​សាកល្បង​នៅ​វិទ្យាល័យ​ហ៊ុនសែន​សេរីភាព​តាខ្មៅ ខេត្តកណ្តាល​មុនគេ និង​បាន​បន្ត​អនុវត្ត​នៅ​ខេត្តសៀមរាប​សម្រាប់​វិទ្យាល័យ ១០ មករា ១៩៧៩ ។ ប្រព័ន្ធ SIS អនុញ្ញាតឱ្យ​គ្រូបង្រៀន​ទាំងអស់​មើល និង​បញ្ចូល​វត្តមាន អវត្តមាន របស់​សិស្ស និង​សម្គាល់​ពួកគេ​នៅក្នុង​ប្រវត្តិរូប​អេឡិចត្រូនិក​ផ្ទាល់ខ្លួន​។ អាច​គ្រប់គ្រង​ពេលវេលា​, ផ្តល់​ពិន្ទុ​សម្រាប់​ការប្រលង គ្រប់គ្រង​ថ្នាក់រៀន មើល​និង​ផ្ទៀងផ្ទាត់​ប្រវត្តិរូប​ផ្ទាល់ខ្លួន ជាពិសេស​អាច​ផ្ញើ និង​ទទួល​ការជូនដំណឹង​ដល់​សិស្ស​និង​ឪពុកម្តាយ​របស់​ពួកគេ​។ នៅ​ផ្នែក​ផ្សេងទៀត សិស្ស និង​ឪពុកម្តាយ​របស់​ពួកគេ​ក៏​អាច​ពិនិត្យមើល​វត្តមាន កាលវិភាគ តម្លៃ​សេវា​ផ្សេងៗ ឬ​កាលបរិច្ឆេទ​ប្រឡង​។ អាណាព្យាបាល​អាច​តាមដាន​កូនៗ​របស់​ពួកគេ​គ្រប់ពេលវេលា គ្រប់​ទីកន្លែង ទទួលបាន​ការជូនដំណឹង​ពី​គ្រូ ហើយ​បញ្ជូន​តម្រូវការ​ផ្សេងៗ​ទៅ​សាលារៀន​។ រាល់​សកម្មភាព​ទាំងអស់​នឹង​ត្រូវបានប្រតិបត្តិ​ការ​តាម​អ៊ិន​ធឺ​ណិ​ត ដោយ​ស្មា​ត​ហ្វូ​ន ឬ​កុំព្យូទ័រ តាម​មធ្យោបាយ​ដ៏​ងាយស្រួល​បំផុត​។​

​ថ្លែង​នៅក្នុង​ពិធី​នោះ​លោក Bui Minh Binh អគ្គនាយករង​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​មានប្រសាសន៍ថា “​នៅ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​យើង​មិន​ត្រឹមតែ​ធ្វើ​អាជីវកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​តែងតែ​ប្រកាន់ខ្ជាប់​នូវ​ការចូលរួម ក្នុង​កិច្ចសហប្រតិបត្តិការ​លើ​សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម​។ ដូច្នេះ​យើង​តែងតែ​ចូលរួម​ជាមួយ​ក្រសួង​អប់រំ​យុវជន និង​កីឡា​ជាពិសេស​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។ មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​ក្រសួង​អប់រំ បានជ្រើសរើស​ធ្វើជា​ដៃគូ ក្នុងការ​បង្កើត​ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​សាលា​នេះ​នៅ​វិទ្យាល័យ ១០ មករា ១៩៧៩ និង​នៅតាម​សាលារៀន​ដទៃទៀត​ក្នុងប្រទេស​កម្ពុជា​។​

​នេះ​គឺជា​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ មិន​ត្រឹមតែ​រវាង​ក្រសួង​អប់រំ និង​ក្រុមហ៊ុន​មិ​ត្ដ​ហ្វូ​ន​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​សហការ​រវាង​មន្ទីរអប់រំ ១០០​ភាគរយ សាលារៀន​ទូទាំង ២៥​ខេត្ត​ក្រុង និង​សាខា​មិត្ត​ហ្វូ​ន​ទូទាំងប្រទេស​ផងដែរ​” លោក​បាន​បន្ថែម​។​

​នៅក្នុង​ពិធី​នោះ លោក គឹម ឡេង នាយក​នៃ​វិទ្យាល័យ ១០ មករា ១៩៧៩ ក៏បាន​ចែករំលែក​ក្តី​រំពឹងទុក​របស់លោក​លើ​គម្រោង​នេះ​ថា “​ជាមួយនឹង​បទពិសោធន៍​របស់​មិត្ត​ហ្វូ​ន លើ​ការដាក់​ពង្រាយ​ប្រព័ន្ធ​អប់រំ​ឌីជីថល​នាពេល​ថ្មីៗ​នេះ យើង​រំពឹងថា​ប្រព័ន្ធ​នេះ​នឹង​ផ្លាស់ប្តូរ​ទំលាប់​ធ្វើការ​របស់​យើង​ទាំងស្រុង​។ ការបញ្ចូល​ទិន្នន័យ​របស់​សិស្ស និង​ការគ្រប់គ្រង​ទិន្នន័យ​សិស្ស នឹង​កាន់​តែមាន​ភាពងាយស្រួល​ក្នុង​ការចូលទៅ​ត្រួតពិនិត្យ មិន​ថា​អវត្តមាន ការរៀបចំ​កាលវិភាគ ការដាក់​ពិន្ទុ​ជាដើម ហើយ​អាណាព្យាបាល​ក៏​អាច​តាមដាន​ការអប់រំ​កូនៗ របស់​ពួកគេ​តាមរយៈ​សារ​ជូនដំណឹង​តាម​ទូរស័ព្ទ​ចល័ត​ផងដែរ​”​។​
​មិត្ត​ហ្វូ​ន គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​ផ្នែក​ទូរគមនាគមន៍​និង ICT នៅក្នុង​ប្រទេស​កម្ពុជា​ដែល​នាំមក​នូវ​បច្ចេកវិទ្យា​ថ្មីៗ​ដល់​វិស័យ​ឯកជន និង​សាធារណៈ​ជាពិសេស​នៅក្នុង​វិស័យ​អប់រំ​។ ជាមួយនឹង​ទស្សនវិជ្ជា​របស់ខ្លួន “​អ្នក​យកចិត្តទុកដាក់ និង​ច្នៃប្រឌិត​ខ្ពស់​” ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​នឹង​បន្ត​អភិវឌ្ឍ​ផលិតផល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​របស់ខ្លួន សម្រាប់​ប្រជាជន​កម្ពុជា​និង​ប្រទេស​កម្ពុជា​ឱ្យមាន​ភាពទាន់សម័យ​នៅក្នុង​យុគសម័យ​ឌីជីថល​នេះ​៕
​ដោយ​៖CEN

spot_img
×