Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ប្រធានរដ្ឋសភា​សង្ឃឹមថា ឯកអគ្គរដ្ឋទូត​ថ្មី​ប្រទេស​វៀតណាម ចូលរួម​អភិវឌ្ឍន៍ កសាង​ថែរក្សា​សន្តិសុខ សន្តិភាព ស្ថិរភាព ប្រទេស​ទាំង​ពីរ​

spot_img

​នៅពេល​អនុញ្ញាត​ឲ្យ លោក វូ ក្វាង​មិញ ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម វិសាមញ្ញ​និង​ពេញ​សមត្ថភាព ដែល​ទើប​តែងតាំង​ថ្មី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​គូសបញ្ជាក់ថា សម្តេច​មាន​ជំនឿ​ថា ក្នុង​អាណត្តិ​ការទូត​ថ្មី​នេះ លោក វូ ក្វាង​មិញ នឹង​បន្ត​ពង្រឹង ពង្រីក និង​លើកកម្ពស់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​រឹងមាំ​ថែម​ទៀត​។​

​នៅក្នុង​ជំនួប​ដែល​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ នៅ​វិមាន​រដ្ឋ​សភា សម្តេច​ប្រធានរដ្ឋសភា​បាន​ស្នើ​ដល់​លោក​ឯកអគ្គរដ្ឋទូត សហការ​ជាមួយ​បណ្តា​ស្ថាប័ន ក្រសួង មន្ទីរ ខេត្ត ក្រុង​នានា ជា​ពិសេស​ខេត្ត​ជាប់​ព្រំដែន នៃ​ប្រទេស​ទាំង​ពីរ សំដៅ​រួមគ្នា​អភិវឌ្ឍន៍ និង​កសាង​វិបុលភាព ជូន​ប្រជាជាតិ​នៃ​ប្រទេស​យើង​ទាំង​ពីរ ក៏ដូចជា​រួមគ្នា​ថែរក្សា​សន្តិសុខ សន្តិភាព ស្ថិរភាព ដើម្បី​សេចក្តីសុខក្សេមក្សាន្ត​របស់​ប្រជាជន​ទាំងសងខាង​។​

​ក្នុងនាម​រដ្ឋ​សភា សម្តេច ហេង សំរិន បាន​ស្វាគមន៍ ដោយ​សេចក្តីសោមនស្ស​រីករាយ ចំពោះ​លោក វូ ក្វា​ង មិញ ដែល​ត្រូវបាន​បក្ស និង​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ផ្តល់​សេចក្តីទុកចិត្ត​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។ “​បេសកកម្ម​ការទូត​ថ្មី​របស់​លោក​នៅ​កម្ពុជា នឹង​រួមចំណែក​ដ៏​សំខាន់ ក្នុង​ការលើកកម្ពស់​ទំ​នាក់​ទំនង​ចំណងមិត្តភាព សាមគ្គីភាព​ជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ដែល​មាន​ស្រាប់​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​មួយកំរិត​ទៀត​” នេះ​ជា​ការគូសបញ្ជាក់​របស់​សម្តេច​ប្រធានរដ្ឋសភា​។​

​លោក វូ ក្វា​ង មិញ បាន​ជម្រាប​សម្តេច​ប្រធាន​រដ្ឋសភា​ថា លោក​ពិតជា​មាន​កិត្តិយស​ណាស់ ដែល​បាន​មក​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា ក្នុងខណៈដែល​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំង​ពីរ​រឹងមាំ និង​រីកចម្រើន​លើ​គ្រប់​វិស័យ​។​

​លោក​បាន​គូសបញ្ជាក់ថា បន្ទាប់ពី​បាន​ថ្វាយ​សារតាំង​ចំពោះ​ព្រះករុណា​ព្រះមហាក្សត្រ​កម្ពុជា​រួច​មក ក្នុង​រយៈពេល​នេះ លោក​បាន​ចូលរួម និង​បាន​ធ្វើ​កិច្ចការ​មួយចំនួន​ក្នុង​បេសកកម្ម​ពង្រឹង​ពង្រីក​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​នោះ​។ ក្នុងនោះ​លោក​បាន​ចូលរួម​ក្នុង​ពិធី​បញ្ចុះ​បឋម​សីលា​ជួសជុល​ប្រាសាទ​ថ្មដា​នៅក្នុង​ខេត្ត​តាកែវ​។ ចូលរួម​ពិធី​ចុះហត្ថលេខា​រវាង​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​កម្ពុជា ជាមួយ​ក្រុមហ៊ុន​ស្វាយ​ចាន់ទី របស់​ប្រទេស​វៀតណាម​។​

​លោក​ឯកអគ្គរដ្ឋទូត បាន​លើកឡើង​ថា នៅ​ពេល​លោក​បាន​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពីពេល​កន្លង​ទៅនេះ សម្តេចនាយក​រដ្ឋមន្ត្រី​បាន​លើកឡើង​ថា​បេសកកម្ម​ការទូត​របស់​លោក​នៅ​ពេល​នេះ​គួរ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ​ឲ្យ​កើនឡើង​ថែម​ទៀត​។ លោក វូ ក្វា​ង មិញ បាន​ស្នើ​សូម​សម្តេច​ប្រធានរដ្ឋសភា និង​ស្ថាប័ន​នានា​របស់​កម្ពុជា ផ្តល់​កិច្ច​សហការ​ដើម្បី​បេសកកម្ម​ការទូត​របស់​លោក ទទួលបាន​ជោគជ័យ បម្រើ​ដល់​ផលប្រយោជន៍​ប្រជាជន និង​ប្រទេស​ទាំង​ពីរ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​លើកឡើង​ថា ក្នុង​រយៈពេល​៥០​ឆ្នាំ​កន្លងមកនេះ ទំនាក់ទំនង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​កម្ពុជា​-​វៀតណាម មាន​ការរីកចម្រើន​ឥត​ឈប់​ឈរ​លើ​គ្រប់​វិស័យ គ្រប់​កម្រិត ក្នុង​ស្មារតី​ភាតរ​ភាពស្និទ្ធស្នាល ក្រោម​ពាក្យស្លោក “​អ្នកភូមិផង​ល្អ មិត្តភាព សាមគ្គីភាព​ជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​ស្អិតរ​មួ​ត និង​យូរអង្វែង​”៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×