Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភា​ទទួល​យក​សេចក្តីព្រាងច្បាប់​ចំនួន​៤ ដែល​ស្នើ​ដោយ​រាជរដ្ឋាភិបាល​មក​ពិនិត្យ និង​សិក្សា​

spot_img

ភ្នំពេញ​ ៖​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ បាន​បើក​កិច្ចប្រជុំ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បី​ពិនិត្យ​សម្រេច​លើ​សំណើ​របស់​រាជរដ្ឋាភិបាល ដែល​បាន​ស្នើ​សុំ​រដ្ឋសភា ពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​មួយចំនួន​។​

​សេចក្តីព្រាងច្បាប់​ចំនួន​៤ ដែល​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា លើកយក​មក​ប្រជុំ​ពិភាក្សា និង​អនុម័ត ដើម្បី​ប្រគល់​ជូន​គណៈកម្មការ​ជំនាញ​រដ្ឋសភា ពិនិត្យ​សិក្សា​នាពេល​នេះ​មាន​ចំនួន​៤ មាន សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម​។ សេចក្តីព្រាងច្បាប់​ស្តីពី វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​។ សេចក្តីព្រាងច្បាប់​ស្តីពី អាជ្ញា​បណ្ណ​បញ្ជា​សម្រាប់​សុខភាព​សាធារណៈ និង សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​២៦ មាត្រា​២៧​ថ្មី មាត្រា​២៨ មាត្រា​៣១ និង​មាត្រា​៣២ នៃ​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​។​

​បន្ទាប់ពី​បាន​ប្រជុំ​ពិភាក្សា​តាម​នីតិវិធី​រួចមក អង្គប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​សម្រេច​ប្រគល់​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម ដល់​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៃ​រដ្ឋសភា​ពិនិត្យ​និង​សិក្សា ដោយ​សហការ​ជាមួយ​គណៈកម្មការ​មហា​ផ្ទៃ ការពារជាតិ និង​មុខងារ​សាធារណៈ និង​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនា​ការ និង​ព័ត៌មាន​នៃ​រដ្ឋសភា ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា វិញ​។​

​អង្គប្រជុំ​បាន​សម្រេច​ប្រគល់ សេចក្តីព្រាងច្បាប់​ស្តីពី វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ ដល់​គណៈកម្មការ​នីតិកម្ម​និង​យុត្តិធម៌ នៃ​រដ្ឋសភា ពិនិត្យ​និង​សិក្សា ហើយ​ធ្វើ​របាយការណ៍ ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ និង​អង្គប្រជុំ​បាន​សម្រេច​ប្រគល់​សេចក្តីព្រាងច្បាប់​ស្តីពី អាជ្ញា​បណ្ណ​បញ្ជា​សម្រាប់​សុខភាព​សាធារណៈ ដល់​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី នៃ​រដ្ឋសភា ពិនិត្យ​និង​សិក្សា ដោយ​សហការ​ជាមួយ​គណៈកម្មការ សាធារណការ ដឹក​ជញ្ជួន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី គន​រូបនីយកម្ម និង​សំណង់ នៃ​រដ្ឋសភា ហើយ​ធ្វើ​របាយការណ៍ ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា វិញ​។​

​ជា​ចុងក្រោយ អង្គប្រជុំ​បាន​សម្រេច​ប្រគល់​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​២៦ មាត្រា​២៧​ថ្មី មាត្រា​២៨ មាត្រា​៣១ និង​មាត្រា​៣២ នៃ​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​ដល់​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា ពិនិត្យ​និង​សិក្សា ហើយ​ធ្វើ​របាយការណ៍ ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា វិញ​៕​​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×