Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល ជំរុញ​ឲ្យ​ការផលិត​កម្ម​ស្រូវ​អង្ករ និង​ការនាំចេញ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​

spot_img

ភ្នំពេញ ៖ ​នា​រសៀល​ថ្ងៃ​សុក្រ​ទី​២៨ ខែសីហា ឆ្នាំ​២០២០ នា​ស្តី​ការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ “​កិច្ចប្រជុំ​ពិនិត្យ និង​វាយតម្លៃ​ការប្រមូល​ផល​ស្រូវ​ដើមដៃ និង​ការនាំចេញ​អង្ករ​” ត្រូវបាន​រៀបចំឡើង ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម ជូ វិ​ជិ​ត្ត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមការងារ ក្នុង​ក្របខ័ណ្ឌ​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​មានការ​ចូលរួម​ពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (​ស​.​អ​.​ក​) ដែល​ដឹកនាំ​ដោយ ឧកញ៉ា ចាន់ សុ​ឃាំង អនុប្រធាន​សហព័ន្ធ និង​ជា​ប្រធាន​គណកម្មាធិការ​ប្រតិបត្តិ ផ្នែក​ហិរញ្ញវត្ថុ និង​វិនិយោគ​របស់​ស​.​អ​.​ក រួមជាមួយ ឯកឧត្តម បណ្ឌិត ឧកញ៉ា ភូ ពុ​យ និង​ឧកញ៉ា ហ៊ីម ប៉ោ​ហឿង ជា ទីប្រឹក្សា​ប្រតិបត្តិ​របស់​សហព័ន្ធ ហើយក៏​មានការ​ចូលរួម​ពី​បណ្តា​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត នៅក្នុង​វិស័យ​ស្រូវ​អង្ករ​ផងដែរ​។

​កិច្ចប្រជុំ​ពិនិត្យ និង​វាយតម្លៃ​ការប្រមូល​ផល​ស្រូវ​ដើមដៃ និង​ការនាំចេញ​អង្ករ​នេះ ត្រូវបាន​រៀបចំឡើង​ក្រោម​ការចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

​គួរបញ្ជាក់​ផងដែរ​ថា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​មានការ​ព្រួយបារម្ភ​លើ​បញ្ហា​មួយចំនួន ដែល​សហព័ន្ធ​ក្រោម​អាណាព្យាបាល​របស់​ក្រសួងពាណិជ្ជកម្ម បានរៀបចំ​កិច្ចប្រជុំ​បន្ទាន់​នា​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០ ពិភាក្សា និង​ឯកភាព​លើ​សំណូមពរ ដែល​បានលើកឡើង​នៅក្នុង​អង្គប្រជុំ ទាក់ទង​នឹង​បញ្ហា​មួយចំនួន​ដែល​រួមមាន ៖ ១.) បម្រែបម្រួល អាកាសធាតុ ដែល​ជំរុញ​ឲ្យ​មាន​ភាពយឺតយ៉ាវ​ក្នុងការ​ប្រមូល​ផល និង​ទិន្នផល ជាពិសេស​ប្រភេទ​ស្រូវ​សែន​ក្រអូប ២.) ភាពយឺតយ៉ាវ​ក្នុងការ​ផ្តល់​ទិន្នផល​បាន​ជំរុញ​ឲ្យ​ការនាំចេញ​អង្ករ​ធ្លាក់ចុះ​យ៉ាងគំហុក ជាពិសេស​ក្នុង​ខែសីហា ហើយ​និង​ឈានដល់​ខែកញ្ញា​ផងដែរ ៣.) ការព្រួយបារម្ភ​ក្នុង​រយៈពេល​វែង​ខាងមុខ លើ​ការ​បម្រែបម្រួល​អាកាសធាតុ​លើ​សន្តិសុខ​ស្បៀង​ក្នុងស្រុក និង ៤.) ឥណទាន​បន្ថែម​ដល់​រោង​ម៉ាស៊ីន ក្នុងការ​ប្រមូល​ទិញស្រូវ​ពី​ប្រជាកសិករ និង​លក្ខខណ្ឌ​បង្វិល នា​រដូវ​កាល​ច្រូតកាត់​ថ្មី​។

​បន្ទាប់ពី​ការពិភាក្សា ផ្លាស់ប្តូរ​យោបល់ លើ​បញ្ហា​ដែល​បានលើកឡើង​ដូចខាងលើ​នេះ យ៉ាង​ផុសផុល​ពី​សំណាក់​សមាជិក​អង្គប្រជុំ និង​ក្រោម​ការសម្របសម្រួល​រប​ស់​ឯកឧត្តម​ប្រធាន​អង្គប្រជុំ​រួចមក ឯកឧត្តម​ប្រធាន​បានធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​ធាតុ​ចូល​ទាំងអស់ ហើយ​ឯកឧត្តម​នឹង​រាយការណ៍​ជូន​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ​បន្ត ដើម្បី​សុំ​គោលការណ៍​ដោះស្រាយ និង​លើក​បន្ត​ជូន​ដល់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុងការ​ផ្តល់នូវ​សេចក្តីសម្រេច ក៏ដូចជា​ផ្តល់នូវ​អនុសាសន៍ នៅក្នុង​បញ្ហា​នានា ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ស្រូវ​អង្ករ​នេះ ក្នុង​គោលបំណង​ដើម្បី​ជួយ​ជំរុញ​ផលិតកម្ម​ស្រូវ​អង្ករ និង​ការនាំចេញ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​៕
ដោយ​៖​កូ​ឡាប​

spot_img
×