Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំនិញ មាន​ផ្ទុក​សំណល់​ថ្នាំពុល​កសិកម្ម PY និង ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ មួយចំនួន ត្រូវបាន​រកឃើញ​នៅ​ផ្សារ​សិរីសោភ័ណ តាម​បណ្តា​តូប គេហដ្ឋាន និង​ម៉ា​ត

spot_img

​ខេត្តបន្ទាយមានជ័យ​៖ នៅ​ថ្ងៃ​ចន្ទ ទី​៣១ ខែសីហា ឆ្នាំ​២០២០ នេះ មន្ត្រី​សាខា ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) ខេត្តបន្ទាយមានជ័យ ដោយ​ទទួលបាន​ការសហការ​ពី​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អាជ្ញាធរ​ដែនដី បន្ត​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​វេច​ខ្ចប់​ស្រាប់ នៅ​ផ្សារ​សិរីសោភ័ណ តាម​បណ្តា​តូប គេហដ្ឋាន និង​ម៉ា​ត ស្ថិតក្នុង​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។

​គោលដៅ​សំខាន់​នៃ​ការត្រួតពិនិត្យ គឺ​ដើម្បី​ស្រាវជ្រាវ​ទប់ស្កាត់​ការ​ចរាចរណ៍​ទំនិញ​ខូចគុណភាព ក្លែងបន្លំ​ស្លាក​សញ្ញា ផុតកំណត់​កាលបរិច្ឆេទ​ប្រើប្រាស់ និង​មាន​សារធាតុ​គីមី​ហាមឃាត់ ។​

​ក្នុង​សកម្មភាព​នេះ មន្ត្រី​ជំនាញ​បានធ្វើ​តេស្ត​បឋម​ទៅលើ​ផលិតផល​ម្ហូបអាហារ​ចំនួន ១២ គំរូ រួមមាន សណ្តែក​គួ ស្ពៃ​តឿ ពោត​បារាំង និង​ខាត់ណា​ដើម ដើម្បី​រកសារ​ធាតុគីមី​ហាមឃាត់​ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ។ ជាមួយគ្នា​នោះ មន្ត្រី​ជំនាញ បានធ្វើការ​ត្រួតពិនិត្យ​រក​ភាពមិន​អនុលោម​នៅលើ​សម្បក​វេច​ខ្ចប់​ផលិតផល​ម្ហូបអាហារ​។ ជាពិសេស មន្ត្រី​សាខា ក​.​ប​.​ប​. បាន​ផ្សព្វផ្សាយ​អនុក្រឹត្យ​លេខ ១៣៣ ស្តីអំពី​ផលិតផល​ចិញ្ចឹម​ទារក និង​កុមារ លើ​សម្បក​វេច​ខ្ចប់​ម្សៅ​ទឹកដោះគោ​ផងដែរ​។​

​ជា​លទ្ធផល​មន្ត្រី​ជំនាញ បាន​រកឃើញ​ទំនិញ មាន​ផ្ទុក​សំណល់​ថ្នាំពុល​កសិកម្ម PY មានដូចជា សណ្តែក​គួ ស្ពៃ​តឿ ពោត​បារាំង និង​ខាត់ណា​ដើម និង​ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ដូចជា កម្ទេច​មី និង​នំ​ក្មេង​សរុប​ចំនួន ៩,២០ គីឡូក្រាម​។ បន្ទាប់មក​មន្ត្រី​សាខា ក​.​ប​.​ប​. បានធ្វើ​កំណត់ហេតុ​ដកហូត ទំនិញ​ទាំងនោះ​យកទៅ​រក្សាទុក​ដើម្បី​ធ្វើការ​កម្ទេចចោល​នៅពេល​ក្រោយ​។

​ទន្ទឹមនឹងនោះ មន្ត្រី​ជំនាញ​ក៏បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ​ផ្សេងទៀត ឱ្យ​យល់ដឹង និង​អនុវត្ត​ទៅតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ និង​សេវា ព្រមទាំង​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ជៀសវាង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ នឹង​អាច​ប្រឈម​ចំពោះមុខ​ច្បាប់​ថែមទៀត​៕​ដោយ​៖​កូ​ឡាប​

spot_img
×