Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ”​វិបត្តិ​គឺជា​ឱកាស​” ប្រកាស​ប្តេជ្ញាចិត្ត ជំរុញ​ទំនាក់ទំនង និង​ចំណងមិត្តភាព​ប្រទេស​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​

spot_img

​ភ្នំពេញ​៖ ក្នុងពេល​ដែល​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ បាន​បំពេញបេសកកម្ម​ជា​រយៈពេល​១​ឆ្នាំ ឯកឧត្តម​បានចេញ​សារ​មួយ​ដោយបាន​ប្រកាស​ប្តេជ្ញាចិត្ត ជំរុញ​ទំនាក់ទំនង និង​ចំណងមិត្តភាព​ប្រទេស​ទាំងពីរ​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​។​

​តាមរយៈ​ទំព័រ ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២០​នេះ ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ បាន​ប្តេជ្ញាចិត្ត​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​ក៏​សូម​ណែនាំ​ពាក្យ​ជប៉ុន​មួយ​ឃ្លា​ថា “ピンチはチャンス“ ដែល​មានន័យថា ”​វិបត្តិ​គឺជា​ឱកាស​”​។ ទោះបីជា ស្ថិតក្រោម​ស្ថានភាព​បែបនេះ​ក៏ដោយ ខ្ញុំ​នឹង​នៅតែ​គិតគូរ​ថា តើ​ខ្ញុំ​អាចធ្វើ​អ្វី​បាន​ខ្លះ ក្នុងនាម​ជា​ឯកអគ្គរាជទូត​ជប៉ុន និង​បន្ត​ព្យាយាម​ជំរុញ​បន្ថែមទៀត​នូវ​មិត្តភាព នៃ​ប្រទេស​យើង​ទាំងពីរ កាន់តែ​ស៊ីជម្រៅ ដោយ​សហការ​ជាមួយ​លោក លោកស្រី​»​។​

«​សារ​ចំណាប់អារម្មណ៍​របស់ ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​» បាន​ខ្លឹមសារ​ថា ជម្រាបសួរ​ប្រជាជន​កម្ពុជា​ជាទីគោរព​រាប់អាន​។
​ពេលវេលា​មួយឆ្នាំ គឺ​ពិតជា​ដើរ​លឿន​ណាស់ បន្ទាប់ពី​ពេលដែល​ខ្ញុំ​បានមក​ដល់​កម្ពុជា​ក្នុងនាម​ជា​ឯកអគ្គរាជទូត​ជប៉ុន កាលពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំមុន​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រជាជន​កម្ពុជា​ដែល​បាន​ស្វាគមន៍ និង​ផ្ញើ​សារ​ដ៏​កក់ក្តៅ​ជាច្រើន​មកដល់​ខ្ញុំ​។
​ក្រោយពេល​ខ្ញុំ​បាន​មកដល់​កម្ពុជា ខ្ញុំ​ក៏បាន​ចាប់ផ្តើម​រៀន​ភាសា​ខ្មែរ ដើម្បី​បង្ហោះ​វីដេអូ​ជា​ភាសា​ខ្មែរ ក្នុង​ទំព័រ​ហេ្វ​ស​ប៊ុ​ក​នៃ​ស្ថានទូត​ជប៉ុន​ជា​រៀងរាល់​សប្តាហ៍​។
​ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ បាន​ថ្លែងបន្តថា នេះ​គឺជា​កិច្ចការ​មួយ​ដ៏​ពិបាក​ខ្លាំង​សម្រាប់​ខ្ញុំ​ដែល​មិន​ធ្លាប់​រៀន​ភាសា​ខ្មែរ​ពីមុនមក​សោះ​។ ប៉ុន្តែ​ដោយសារ​ការអនុវត្ត និង​បន្ត​ហ្វឹកហាត់​ជា​រៀងរាល់​សប្តាហ៍ ខ្ញុំ​ចាប់ផ្តើម​មាន​អារម្មណ៍​សប្បាយរីករាយ​ដោយបាន​ស្វែងយល់​ពី​វប្បធម៌​ខ្មែរ តាមរយៈ​ការរៀន​ភាសា​។​

“​ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងមកនេះ ខ្ញុំ​ក៏មាន​ឱកាស​បាន​ចុះ​បំពេញ​កិច្ចការ​នៅ​ខេត្ត​មួយចំនួន​នៅ​កម្ពុជា​ផងដែរ​។ ហើយ​ក្នុងនាម​ជា​សហប្រធាន​នៃ​គណៈកម្មាធិការ​អន្តរជាតិ​ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ ខ្ញុំ​បាន​ចុះ​ទស្សនា​បេតិកភណ្ឌ​ពិភពលោក​ដ៏​ល្បីល្បាញ គឺ​ប្រាសាទ​អង្គរ ប្រាសាទសំបូរព្រៃគុក នៅ​ខេត្តកំពង់ធំ និង​ប្រាសាទព្រះវិហារ ហើយ​ខ្ញុំ​ក៏បាន​ទៅ​ខេត្ត​ព្រះសីហនុ និង​ទីក្រុង​ប៉ោយប៉ែត ដែលជា​ទីកន្លែង​សំខាន់​សម្រាប់​សេដ្ឋកិច្ចកម្ពុជា​។ ខ្ញុំ​ចង់​ធ្វើ​ទស្សនកិច្ច​ខេត្ត​ផ្សេងៗ​ទៀត​ដើម្បី​យល់ដឹង​ពី​ស្ថានភាព​ជាក់ស្តែង​នៃ​ប្រទេស​កម្ពុជា​កាន់តែច្បាស់​”​។​ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ បាន​បន្ថែម​យ៉ាង​ដូច្នេះ​។​

​តាំងពីដើម​ឆ្នាំនេះ​មក បញ្ហា​មេរោគ​Covid-19 បាន​ផ្ទុះឡើង​នៅ​ទូទាំង​ពិភពលោក ហើយ​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​យើង​ម្នាក់ៗ​បាន​ផ្លាស់ប្តូរ​យ៉ាងខ្លាំង​។ ទោះបីជា​កម្ពុជា​ស្ថិតនៅក្នុង​ស្ថានភាព​ឋិត​ឋេ​រ ដោយមាន​ការខិតខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល និង​ប្រជាជន​ក៏ដោយ ខ្ញុំ​ដឹងថា​ប្រជាជន​កម្ពុជា ក៏មាន​ការព្រួយបារម្ភ និង​ជួបប្រទះ​ការពិបាក​ជាច្រើន​ផងដែរ​។ នៅពេល​បច្ចុប្បន្ននេះ មានកម្ម​វិធី​ជាច្រើន​បាន​ផ្អាក និង​ពន្យារពេល ហើយ​ការចេញ​ចូលក្នុង និង​ក្រៅប្រទេស​ក៏​មានការ​រឹតត្បិត​។​
​កាលពី​ថ្ងៃទី​២១ និង​២២ ខែសីហា ថ្មីៗ​នេះ លោក ម៉ូ​តេ​ហ្គី រដ្ឋមន្ត្រីការបរទេស​ជប៉ុន​បានធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ហើយ​បាន​ឯកភាពគ្នា​ជាមួយ​សម្តេច​អគ្គសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស ថា​ប្រទេស​យើង​ទាំងពីរ​នឹង​បើក​ឲ្យ​ប្រជាជន​យើង​អាចធ្វើ​ដំណើរ​ទៅវិញទៅមក​បាន​បន្តិច​ម្តង បន្តិច​ម្តង ដោយ​ស្រប​ជាមួយនឹង​វិធានការ​ផ្សេងៗ​ទប់ទល់​នឹង​Covid-19​។​

​ឯកឧត្តម បាន​មានប្រសាសន៍ថា “​ខ្ញុំ​ក៏​សូម​ណែនាំ​ពាក្យ​ជប៉ុន​មួយ​ឃ្លា​ថា “ピンチはチャンス“ ដែល​មានន័យថា ”​វិបត្តិ​គឺជា​ឱកាស​”​។ ទោះបីជា ស្ថិតក្រោម​ស្ថានភាព​បែបនេះ​ក៏ដោយ ខ្ញុំ​នឹង​នៅតែ​គិតគូរ​ថា តើ​ខ្ញុំ​អាចធ្វើ​អ្វី​បាន​ខ្លះ ក្នុងនាម​ជា​ឯកអគ្គរាជទូត​ជប៉ុន និង​បន្ត​ព្យាយាម​ជំរុញ​បន្ថែមទៀត​នូវ​មិត្តភាព​នៃ​ប្រទេស​យើង​ទាំងពីរ​កាន់តែ​ស៊ីជម្រៅ ដោយ​សហការ​ជាមួយ លោក លោកស្រី​”៕​ដោយ​៖​កូ​ឡាប​

spot_img
×