Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ដាក់​វិធានការ​ការពារ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​-​បុណ្យ​ភ្ជុំបិណ្ឌ ឆ្នាំ​២០២០

spot_img

​ភ្នំពេញ​៖ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន នៅ​ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ​២០២០ បានចេញ​សេចក្តីណែនាំ ស្តីពី​វិធានការ​ការពារ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​-​បុណ្យ​ភ្ជុំបិណ្ឌ ឆ្នាំ​២០២០​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​ថ្លែងថា ក្នុង​គោលបំណង​ធានាបាន​នូវ​ស្ថិរភាព​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម សំដៅ បង្ក​បរិយាកាស​សប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ​ក្នុងឱកាស​បុណ្យកាន់បិណ្ឌ បុណ្យ​ភ្ជុំបិណ្ឌ តាម​ប្រពៃណី ទំនៀមទម្លាប់​ដ៏​រុងរឿង​របស់​ជាតិ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ៣ ដល់​ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ​២០២០ ខាងមុខនេះ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ សូម​ធ្វើ​ការណែនាំ​ដល់​នាយកដ្ឋាន​កណ្តាល នាយកដ្ឋាន អង្គភាព​ជំនាញ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី -​ខេត្ត ដូចខាងក្រោម ៖

១-​ត្រូវ​យកចិត្តទុកដាក់​បង្កើន​ការ​ក្តាប់ និង​វិភាគ​វាយតម្លៃ​នូវ​សភាពការណ៍ និង​ព័ត៌មាន​នានា ពាក់ព័ន្ធ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម ជាពិសេស​សកម្មភាព​ភេរវកម្ម ឧក្រិដ្ឋកម្ម និង​សកម្មភាព ល្មើសច្បាប់​ផ្សេងៗ​ទៀត​ដើម្បី​ចាត់វិធានការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព​ទាន់ពេលវេលា​។​

២ -​ត្រូវ​ជំរុញ​ការអនុវត្ត​គោលនយោបាយ “​ភូមិ -​ឃុំ មាន​សុវត្ថិភាព​” ឲ្យ​បាន​សកម្ម​ផុលផុស និង​ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង​ឲ្យ​បាន​ហ្មត់ចត់​នូវ​មុខសញ្ញា​គ្រប់​ប្រភេទ​នៅតាម​សហគមន៍ ភូមិ​-​ឃុំ ដោយ​ប្រើប្រាស់​នូវ​គ្រប់​វិធានការ ដើម្បី​បំបាត់​ប្រសិទ្ធភាព ជាមុន មិន​ទុក​ឲ្យ​មុខសញ្ញា​មានឱកាស​ធ្វើ សកម្មភាព​បង្ក​អសន្តិសុខ ឬ​គ្រោះថ្នាក់​ដល់​អាយុជីវិត និង​បង្ក​មហន្តរាយ​ដល់​ទ្រព្យសម្បត្តិ​របស់​ប្រជា ពលរដ្ឋ​ឡើយ​។​

៣-​ត្រូវ​ចាត់វិធានការ​ការពារ​យ៉ាង​ម៉ឺងម៉ាត់​គ្រប់​គោលដៅ​ប្រារព្ធ​ពិធីបុណ្យ និង​គោលដៅ កម្សាន្ត​សប្បាយ​នានា ដូចជា​៖ ទី​វត្ត​អា​រ៉ា​ម ប្រាង្គ​ប្រាសាទ រមណីយដ្ឋាន ព្រមទាំង​បង្កើន​កិច្ចការពារ សន្តិសុខ និង​ធានា​សុវត្ថិភាព​ថ្វាយ​ព្រះមហាក្សត្រ និង​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​ជាតិ ដែល​យាង និង អញ្ជើញ​ទៅ​ចូលរួម​ពិធីបុណ្យ​។ ទន្ទឹម​នោះ​ត្រូវ​យកចិត្តទុកដាក់​យាម​កាម ល្បាត​ការពារ​ផ្ទះសម្បែង​ទ្រព្យ សម្បត្តិ​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ទៅ​ស្រុកកំណើត ឬ​ទៅ​សម្រាក​កំសាន្ត​នៅតាម​តំបន់​នានា​ទាំង គ្រួសារ​…​។​ល​។​

៤ -​ត្រូវ​បន្ត​យកចិត្តទុកដាក់​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​ស្មារតី​អនុក្រឹត្យ លេខ ៣៩​អនក្រ​.​បក ចុះ​ថ្ងៃទី ១៧ ខែមីនា ឆ្នាំ​២០២០ ជាពិសេស​ត្រូវ​ត្រួតពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​នៅ គ្រប់​គោលដៅ​ដើមទី​។ ជាមួយគ្នានេះ ក៏ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់​ចរាចរណ៍​តាម​ដងផ្លូវ​ជាតិ ទីប្រជុំជន ច្រកចេញ​-​ចូល​រាជធានី -​ខេត្ត​ឲ្យ​បានល្អ សំដៅ​កាត់បន្ថយ​ការកកស្ទះ ឬ​គ្រោះថ្នាក់​ដែល​អាច​កើតឡើង ជាយថាហេតុ និង​ត្រូវ​សហការ​ជាមួយ​បណ្តាញ​ព័ត៌មាន​សំខាន់ៗ ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាន់ ហេតុការណ៍​អំពី​ការកកស្ទះ​ចរាចរណ៍ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ជ្រាប និង​បង្វែរ​ទិស​ធ្វើដំណើរ​។​

៥-​ត្រូវ​ជំរុញ​អនុវត្តតាម​ខ្លឹមសារ​សេចក្តីណែនាំ​របស់​ក្រសួងមហាផ្ទៃ និង​របស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ ស្តីពី​វិធានការ​បន្ទាន់​សម្រាប់​ប​ង្កា​រ និង​ការទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ដោយ ណែនាំ​ឲ្យ​មន្ត្រី​បន្ត​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​បន្ថែមទៀត​អំពី​វិធាន​សុខាភិបាល ជូន​ដល់​ប្រជាពលរដ្ឋ​ឲ្យ បាន​យល់​ជ្រួតជ្រាប និង​ចូលរួម​បង្ការ​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ ជាពិសេស​នៅតាម​បណ្តា​វត្ត​អា​រ៉ា​ម រមណីយដ្ឋាន ទី​កម្សាន្ត​សប្បាយ​នានា​)​។ ក្នុងករណី​សង្ស័យ​មាន​អ្នក​ផ្ទុក​វីរុស​កូ​វីដ​-១៩ ត្រូវ​រាយការណ៍ ជាបន្ទាន់​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​នៅ​ជិត​បំផុត​។

៦ -​ត្រូវ​យកចិត្តទុកដាក់​អប់រំ​ប្រជាពលរដ្ឋ ឲ្យ​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះ​អគ្គិភ័យ និង​គ្រោះមហន្តរាយ​នានា និង​ត្រូវ​ពង្រឹង​បន្ថែម​ការងារ​ប្រចាំ​បញ្ជា​គ្រប់​ថ្នាក់ ដើម្បី​ត្រៀម​អន្តរាគមន៍​បាន​ទាន់ពេលវេលា​។ ទន្ទឹម​នោះ ក៏ត្រូវ​រៀបចំ​ឲ្យ​មានការ​ផ្លាស់ប្តូរ​វេន​ប្រចាំការ សំដៅ​ធ្វើយ៉ាងណា​ឲ្យ​កងកម្លាំង​នគរបាល​ទាំងអស់ បាន​ឈប់សម្រាក​ចូលរួម​ក្នុង​ពិធីបុណ្យ​គ្រប់ៗ​គ្នា​។​

៧-​ត្រូវ​រៀបចំ​ប្រតិភូ និង​អំណោយ ចុះសួរសុខទុក្ខ​កងកម្លាំង​នគរបាល​នៅ​សមរភូមិ​មុខ កម្លាំង​កំពុង​សម្រាក​ព្យាបាល​នៅតាម​មន្ទីរពេទ្យ គេហដ្ឋាន និង​គ្រួសារ​មន្ត្រីនគរបាល​ដែល​បាន​ពលី ឬ​រងរបួស ក្នុង​បុព្វហេតុ​ការពារជាតិ​។

៨-​ត្រូវ​បូកសរុប​សភាពការណ៍ និង​លទ្ធផល​កិច្ចប្រតិបត្តិការ ក្នុងអំឡុងពេល​កាន់បិណ្ឌ និង បុណ្យ​ភ្ជុំបិណ្ឌ ជា​ពីរ​ផ្សេងៗ​គ្នា​គឺ ចាប់ពី​បិណ្ឌ​ទី​១ ដល់​ថ្ងៃ​ភ្ជុំបិណ្ឌ និង​រយៈពេល ៣​ថ្ងៃ បុណ្យ​ភ្ជុំបិណ្ឌ​រាយការណ៍​មក​អគ្គស្នងការដ្ឋាន​ន​គ​របាល​ជាតិ នៅ​ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ​២០២០ ជា​កំហិត​។

​ទទួលបាន​សេចក្តីណែនាំ​នេះ ស្នើ​អស់លោក​ប្រធាន​នាយកដ្ឋាន​កណ្តាល នាយកដ្ឋាន​-​អង្គភាព ជំនាញ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ចាត់ចែង​អនុវត្ត​ក្នុង​ស្មារតី​ទទួលខុសត្រូវ និង​ប្រកបដោយ ប្រសិទ្ធភាព​ខ្ពស់​៕ដោយ៖កូឡាប​


spot_img
×