Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្នែក​ខ្លះ​នៃ​ផ្សារណាត់ បើក​ដំណើរការ​លក់ដូរ​ឡើងវិញ នៅ​ថ្ងៃទី​២​កញ្ញា​នេះ ប៉ុន្តែ​កន្លែង​ឆេះ រង​ការខូចខាត និង​រៀបចំ​ជួសជុល​កែលម្អ​ឲ្យ​ប្រសើរ​ឡើងវិញ​

spot_img

​បាត់ដំបង ៖ នៅ​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២០​នេះ អាជ្ញាធរខេត្ត​បាត់ដំបង បានកំណត់​ឲ្យ​អាជីវករ នៃ​ផ្នែក​ខ្លះ​ឲ្យ​ចូល​លក់ដូរ​ធម្មតា​ឡើងវិញ ដោយនៅ​ផ្នែក​ប៉ែក​ខាងលិច​ផ្សារ ដែល​រង​ការឆេះ​បំផ្លាញ​ដោយ​អគ្គីភ័យ​នៅ​ព្រលប់ៗ ថ្ងៃទី​៣០ ខែសីហា​កន្លងទៅនេះ មិនទាន់​អនុញ្ញាត​ឲ្យ​ចូល​លក់ដូរ​នៅឡើយ​ទេ ព្រោះ​ហេតុផល​នៃ​អាគារ​ផ្សារ នៅ​ផ្នែក​ក​ន្លែ​ដែល​ឆេះ​ភ្លើង​រង​នូវ​ការខូចខាត​សំណង់​ដំបូល​ផ្សារ តម្រូវ​ឲ្យ​មានការ​រៀបចំ​ជួសជុល និង​ធ្វើការ​កែលម្អ​ឲ្យ​ប្រសើរ​ឡើងវិញ ចាប់ពី​ថ្ងៃទី​២ ខែកញ្ញា​នេះ​តទៅ​។​

ឯកឧត្តម សឿ​ម ប៊ុន​រិ​ទ្ធិ អភិបាលរង​ខេត្តបាត់ដំបង បានបញ្ជាក់​ឲ្យ​ដឹង​កាលពី​ព្រលប់​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២០​ថា អ្នកលក់ដូរ​នៅក្នុង​ផ្សារណាត់ ឬ​ផ្សារ​ធំថ្មី​បាត់ដំបង ដែលមាន​តូប​លក់ដូរ​នៅ​ចំណុច​អគារ​ខាងកើត គឺ​រដ្ឋបាល​ខេត្តបាត់ដំបង បានអនុញ្ញាត​ឲ្យ​អាជីវករ ដែលមាន​តូប​លក់ដូរ​ចូល​លក់​ធម្មតា​ឡើងវិញ​។ ដោយឡែក​នៅ​ប៉ែក​អគារ​ខាងលិច ដែល​រង​ការឆេះ​មិនទាន់​អនុញ្ញាត​ឲ្យ​ចូល​លក់ដូរ​នៅឡើយ​នោះទេ ព្រោះ​កន្លែង​នោះ​នៅ​បន្ត​ពិនិត្យ​វាយតម្លៃ​ពី​ការខូចខាត និង​ការរៀបចំ​ជួសជុល​ឲ្យ​ប្រសើរ​ឡើងវិញ ឲ្យ​បាន​រួចរាល់​សិន​។ ប្រធាន​គណៈកម្មការ​ចុះ​សិក្សា​ស្រាវជ្រាវ ពី​ករណី​ឆេះ​ផ្សារណាត់​បាត់ដំបង និង​សម្របសម្រួល​ជាមួយ​អាជីវករ​លក់ដូរ និង​ការរៀបចំ​សម្អាត អនាម័យ​បរិស្ថាន សណ្តាប់ធ្នាប់​របៀបរៀបរយ សោភ័ណភាព និង​ការលើក​ផែនការ​ជួសជុល​ការខូចខាត ការរៀបចំ​នូវ​ប្រព័ន្ធ​បណ្តាញ​នានា ក្នុង​ផ្សារ​ឡើងវិញ​។ ទំហំ​នៃ​ការខូចខាត​ពី​ការឆេះ​ផ្សារ​នេះ គឺ​ខូចខាត​គិត​ជា​ទឹកប្រាក់​សរុប​ប្រមាណ​៨៣១​ពាន់​ដុល្លារ (​ក្នុងនោះ តូប​ខូចខាត​ទាំងស្រុង មាន​ចំនួន​៣២​តូប ប៉ាន់ប្រមាណ​ជា​ទឹកប្រាក់​ចំនួន​៧៥​ម៉ឺន​ដុល្លារ​) មាន​តូប​លក់​គ្រឿងទេស ចំនួន​១៥​តូប មាន​៨​ម្ចាស់ តូប​ចានឆ្នាំង​ចំនួន​៤​តូប​ម្ចាស់​តែមួយ តូប​លក់​ខោអាវ ចំនួន​១៣​តូប មាន​៤​ម្ចាស់ និង​តូប​ដែល​រង​ការខូចខាត ប្រមាណ​៥០​ភាគរយ មាន​ចំនួន ៦​តូប​(​ក្នុងនោះ​តូប​គ្រឿងទេស ចំនួន​៥​តូប និង​តូប​ខោអាវ​១​តូប​) គិត​ជា​ទឹកប្រាក់​ប្រមាណ​៨​ម៉ឺន​ដុល្លារ​។​
​មាន​តូប ដែល​មិន​រង​ការខូចខាត ចំនួន​៥០​តូប និង​មាន​ម្ចាស់​ចំនួន​២០​នាក់​។ ក្នុងចំណោម​នោះ​មាន​៣៤​តូប បាន​រើ​អីវ៉ាន់​ចេញ​អស់ និង​សល់​១៦​តូប នៅ​មិនទាន់​រើ​អីវ៉ាន់​។ ដោយឡែក​តូប​លក់​បន្លែ ចំនួន​១០ មិន​រង​ការឆេះ​ខូចខាត តែ​អីវ៉ាន់​បន្លែ​រលួយ​ខូច ត្រូវ​ម្ចាស់​សុំ​រើចេញ យកទៅ​បោះចោល​ដែរ​។ ករណី​ដែល​ចុះ​ពិនិត្យ​និង​ការវាយតម្លៃ ក្នុងករណី​នៃ​ការឆេះ​ផ្សារ​នេះ គឺ​បណ្តាលមកពី​ការ​ទុស្សេ​ខ្សែភ្លើង រង​ការខូចខាត​មួយចំនួន ដូចជា ប៉ះពាល់​ដល់​ផ្នែក​ខ្លះ​នៃ​ដំបូល​ផ្សារ បង្ក​ឲ្យ​មាន​ស្នាម​ប្រេះ​ធ្នឹម​ខាងលើ បែក​កញ្ចក់ បាក់បែក​ដំបូល​ហ្វី​ប្រូ​ស៊ីម៉ងត៍ ដែល​តម្រូវ​ឲ្យ​មានការ​សិក្សា​លម្អិត​ពី​ការរៀប​កែលម្អ និង​ជួសជុល​ឡើងវិញ តាមរយៈ​ប្រគល់​ឲ្យ​ខាង​មន្ទីរ​ដែនដី និង​មន្ទីរ​វប្បធម៌​ខេត្ត សហការគ្នា​ពិនិត្យ​និង​ជួសជុល​ឡើងវិញ ដើម្បី​ឲ្យ​ឆ្លើយតប​និង​អគារ​បន្សល់ទុក​ពី​បុរាណ និង​រក្សា​នូវ​ទម្រង់​ដើម​របស់​អតីត​ផ្សារ​ចាស់​
​មួយ​នេះ​ឲ្យ​បាន​គង់​វង់​៕ ដោយ ៖ អ៊ុង​សា​រុំ​

spot_img
×