Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្វី​ស​ប្ដេជ្ញា​បន្ត​ជួយ​បណ្ដុះបណ្ដាល​ជំនាញ​ទេសចរណ៍​ដល់​ពលរដ្ឋ​កម្ពុជា រយៈពេល​៤​ឆ្នាំ​ទៀត​

spot_img

​ភ្នំពេញ​៖ វិស័យ​ទេសចរណ៍​កម្ពុជា​កាន់តែ​មានសង្ឃឹម​មួយកម្រិត​ទៀត ខណៈ​ការិយាល័យ​សហប្រតិបត្តិ​ការ​ស្វី​សបាន​ពាំនាំ​ដំណឹង​មក​ជម្រាប​ប្រាប់​ក្រសួងទេសចរណ៍​ឱ្យដឹងថា រដ្ឋាភិបាល​ស្វី​សនឹង​បន្ត​ជួយ​គាំទ្រ​លើ​គម្រោង​អភិវឌ្ឍន៍​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​រស់នៅ​ខេត្ត​ភាគ​ខាងជើង និង​ភាគ​ឦសាន រយៈពេល​៤​ឆ្នាំ​ទៀត​។​

​ការឱ្យ​ដឹង​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​រវាង​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជាមួយ​លោក ម៉ា​ខឺ​ស ប័​រលី (Markus Buerli) នាយក​ការិយាល័យ​សហប្រតិបត្តិ​ការ​ស្វី​ស នៃ​ស្ថាន​អគ្គ​កុល​ស៊ុ​ល​ស្វី​ស​ប្រចាំ​កម្ពុជា នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ នា​រសៀល​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២០​។​

​លោក ម៉ា​ខឺ​ស ប័​រលី បានឱ្យដឹងថា ចាប់ពី​ឆ្នាំ​២០២២-២០២៥ ខាងមុខ រដ្ឋាភិបាល​ប្រទេស​ស្វី​សនឹង​ដាក់ចុះ​គម្រោង​អភិវឌ្ឍន៍​ធំថ្មី​មួយទៀត ដែល​នឹង​អនុវត្តតាម​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន ក្នុងនោះ​ក៏មាន​ប្រទេស​កម្ពុជា​ផងដែរ​។ គម្រោង​នេះ​នឹងត្រូវ​អនុវត្ត​លើ​វិស័យ​ជាច្រើន ដូចជា វិស័យ​ទេសចរណ៍ វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ជាដើម​។​

​ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍន៍​ថ្មី ២០២២-២០២៥ នេះ​ទៀតសោត ស្វី​សនឹង​បន្ត​ជួយ​អភិវឌ្ឍន៍​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ ដល់​ប្រជាពលរដ្ឋ​កម្ពុជា​នៅតាម​ខេត្ត​ភាគ​ខាងជើង និង​ភាគ​ឦសាន ដូចជា ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី និង​ខេត្តមណ្ឌលគិរី​។​

​លោក មា​ខឺ​ស ពិតជា​ចាប់អារម្មណ៍​នឹង​ប្រទេស​កម្ពុជា​យ៉ាងខ្លាំង ដែល​កម្ពុជា​សម្បូរ​ទៅដោយ​សម្បត្តិ​ធនធានធម្មជាតិ សក្ដានុពល​ទេសចរណ៍ ពិសេស​គឺ​តំបន់​អេកូ​ទេសចរណ៍ ដែលមាន​នៅតាម​ខេត្ត​ភាគ​ខាងជើង និង​ភូមិភាគ​ឦសាន ជាហេតុ​ធ្វើឱ្យ​លោក​កាន់តែ​ស្រលាញ់​ចូលចិត្ត និង​ចង់​ចូលរួម​អភិរក្ស​ការពារ​។​

​យ៉ាងណាមិញ ដើម្បី​ជួយ​ការពារ​ធនធានធម្មជាតិ​ទាំងនេះ​ឱ្យ​គង់វង្ស​បាន គេ​ត្រូវ​បង្កើន​សក្ដានុពល​ខាង​វិស័យ​អេកូ​ទេសចរណ៍ ដែល​អាចឱ្យ​ប្រជាពលរដ្ឋ​មូលដ្ឋាន​មាន​ចំណូល​បាន​ច្រើន ជៀស​ផុតពី​ការកាប់បំផ្លាញ​ព្រៃឈើ បរបាញ់​សត្វព្រៃ ដែល​នាំទៅដល់​ការវិនាសហិនហោច​នូវ​ធនធានធម្មជាតិ​ក្នុងប្រទេស​។ ដូច្នេះហើយ​ទើប​លោក​ចង់​ជំរុញឱ្យមាន​ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ទេសចរណ៍ ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ទាំងនោះ ដើម្បីឱ្យ​ពួកគេ​មាន​ជំនាញ​ច្បាស់លាស​រឹងមាំ អាច​បម្រើ​សេវាកម្ម​ក្នុង​វិស័យ​ទេសចរណ៍​បាន​ច្រើន​។​
​គំនិត​ស្រឡាញ់​ធនធានធម្មជាតិ​នៅ​កម្ពុជា​នេះ ទទួលបាន​ការស្វាគមន៍​យ៉ាងខ្លាំង​ពី​សំណាក់​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន ខណៈ​ភាគី​ទាំងពីរ​ក៏បាន​ប្ដេជ្ញា​ថា​នឹង​ជំរុញ​ការអនុវត្ត​ការងារ​ខាងលើនេះ​ឱ្យបាន​ខ្លាំងក្លា នាពេលខាងមុខ ពិសេស​នៅក្រោយពេល​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។​

​ឯកឧត្តម​បណ្ឌិត ថោង ខុន ក៏បាន​បង្ហាញ​ព័ត៌មាន​ពិ​សេសមួយ​ទៅកាន់​លោក ម៉ា​ខឺ​ស ដែរ​ថា ក្រសួងទេសចរណ៍​បាននិងកំពុង​រៀបចំ​ផែនទី​ចង្អុល​ទិស ឆ្នាំ​២០២០-២០២៥ ដែល​នឹង​មានការ​ចែកចេញជា​៣​ដំណាក់កាល រួមមាន​៖
១) ឆ្នាំ​២០២០-២០២១ ជា​ដំណាក់កាល​មុន​ការ​ងើបឡើង​វិញ​នូវ​វិស័យ​ទេសចរណ៍ ដែល​ស្ថិត​ក្នុងពេល​គ្រប់គ្រង​វិបត្តិ​
២)​ឆ្នាំ​២០២១-២០២៣ ជា​ដំណាក់កាល​ដោះស្រាយ​ផល​លំបាក​នានា​ដែល​កើតចេញពី​វិបត្តិ​ជំងឺ​កូ​វីដ ដើម្បី​ជួយ​ដល់​វិស័យ​ទេសចរណ៍​
៣)​ឆ្នាំ​២០២៣-២០២៥ ជា​ដំណាក់កាល​ពង្រឹង​វិស័យ​ទេសចរណ៍​ឡើងវិញ ដើម្បី​វឌ្ឍនភាព​ទៅ​ថ្ងៃ​អនាគត​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ស្នើឱ្យ​មានការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត ពិសេស​លើ​ផ្នែក​ទេសចរណ៍​សហគមន៍ ដើម្បី​ធ្វើ​យ៉ាង​បង្កើន​ការបណ្ដុះបណ្ដាល លើ​ផ្នែក​គុណភាព​សេវាកម្ម​ទេសចរណ៍​ដល់​ប្រជា​សហគមន៍ និង​ប្រជាពលរដ្ឋ​មូលដ្ឋាន​ឱ្យបាន​កាន់តែច្រើន ហើយ​ឆ្លើយតប​ទៅនឹង​បរិបទ​ថ្មី​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ ឬ New Normal Life​។
​ចំពោះ​សំណើ​នេះ លោក ម៉ា​ខឺ​ស ប័​រលី មានការ​ពេញចិត្ត​យ៉ាងខ្លាំង​ក្នុងការ​ទទួល​យកទៅ​ពិចារណា​។​

​សូមជម្រាបថា កន្លងមក កម្ពុជា​-​ស្វី​ស ធ្លាប់បាន​សហការគ្នា​លើ​ការអភិវឌ្ឍន៍​ទេសចរណ៍ តួយ៉ាង​មានដូចជា គម្រោង​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ដល់​យុវជន​កម្ពុជា ដើម្បីឱ្យ​ពួកគេ​មានចំណេះ​ជំនាញ​ស្របតាម​ស្ដង់ដា​អាស៊ាន​។ ក៏មានដែរ​នូវ​ការជួយ​រៀបចំ​ស្ដង់ដា​ទទួលស្គាល់​អ្នក​ដែលមាន​ការងារ​ក្នុង​វិស័យ​ទេសចរណ៍ តែ​មិនទាន់មាន​វិញ្ញាបនបត្រ ឬ​សញ្ញាបត្រ ខណៈ​គម្រោង​ទាំងនេះ​សុទ្ធ​មាន​រយៈពេល​៤​ឆ្នាំ​ដូចគ្នា​។​

​ជាមួយគ្នា​នោះ ក៏មាន​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ដល់​គ្រួសារ​ដែល​ងាយ​រងគ្រោះ ឬ​គ្រួសារ​ពលរដ្ឋ​នៅ​ខេត្តសៀមរាប ដែលមាន​ទំនោរ​ចង់​ធ្វើ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ដើម្បីឱ្យ​ពួកគេ​មាន​ជំនាញ​ផ្ទាល់ខ្លួន ហើយ​ងាក​មក​ចាប់យក​ការងារ​លើ​វិស័យ​ទេសចរណ៍​ក្នុងប្រទេស ឬ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​វិញ​។​

​កាលពី​ខែសីហា ឆ្នាំ​២០២០ កន្លងទៅ ក្រសួងទេសចរណ៍​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​អង្គការ Swiss contact លើ​ការបណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​បន្ថែម ដល់​អ្នក​បម្រើការ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី និង​ខេត្តរតនគិរី​។ កម្មវិធី​បណ្ដុះបណ្ដាល​នេះ​ក៏ត្រូវ​មានការ​ឆ្លើយតប​ទៅនឹង​ស្ដង់ដា​អាស៊ាន ហើយក៏​ឆ្លើយតប​ទៅនឹង​របៀបរបប​នៃ​ការរស់នៅ​ថ្មី ឬ New Normal Life ក្នុងពេល​មាន​វិបត្តិ​ជំងឺ​កូ​វីដ និង​ក្រោយពេល​វិបត្តិ​នេះ​ផងដែរ​។​

​មិនតែប៉ុណ្ណោះ ស្វី​ស​ថែមទាំង​បាន​ចូលរួម​ជួយ​កម្ពុជា​ក្នុង​ការរៀបចំ​ស្ដង់ដា​អាស៊ាន​ចំនួន ២ គឺ​ស្ដង់ដា​ស្ប៉ា​-​ម៉ាស្សា និង​ស្ដង់ដា MICE ដែល​កម្ពុជា​ដឹកនាំ​លើ​ការងារ​នេះ​។ បន្ទាប់ពី​រៀបចំ​ស្ដង់ដា​អាស៊ាន​ទាំងពីរ​នេះ​បាន​ហើយ ស្វី​ស​ក៏​កំពុង​ពិចារណា​លើ​គម្រោង​កម្មវិធី​ជួយ​បណ្ដុះបណ្ដាល​ជំនាញ​ស្ប៉ា​-​ម៉ាស្សា និង​ជំនាញ MICE នេះ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ផងដែរ​៕ ដោយ​៖​កូ​ឡាប​

spot_img
×