Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនល្មើស​២​នាក់​ជា​បងប្អូន​បង្កើត ប្រើ​កាំបិត​ចាក់​សម្លាប់​បងប្អូនជីដូន​មួយ​ខ្លួនឯង ដោយ​មិន​ញញើត​ដៃ ត្រូវ​តុលាការ​ខេត្តព្រៃវែង ចេញ​ដីកាឃុំខ្លួន​ដាក់ពន្ធនាគារ​

spot_img

​ព្រៃវែង ៖ លោក​អ៊ី​ន ប៊ុនលី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តព្រៃវែង បានចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​បណ្តោះអាសន្ន (​តាម​មាត្រា ២១៩ និង​មាត្រា​បន្តបន្ទាប់ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​) ឃុំខ្លួន​ជនល្មើស​២​នាក់​ជា​បងប្អូន​បង្កើត ករណី​ឃាតកម្ម​សម្លាប់​បងប្អូនជីដូន​មួយ​ខ្លួនឯង ។

​លោក​ចៅក្រម​បាន​បញ្ជាក់ថា -​បានឃើញ​មាត្រា ២០៣,២០៤,២០៥, និង​មាត្រា ២០៦ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​។ -​បានឃើញ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៤២២ ចុះ​ថ្ងៃទី ៣១ ខែសីហា ឆ្នាំ​២០២០​។ -​បានឃើញ​សំណុំរឿង​ស៊ើបសួរ​លេខ ២៨៦ មខ ចុះ​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២០​។ -​បានឃើញ​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​លេខ ២៨៦ អ​.​ក ចុះ​ថ្ងៃទី ៣១ ខែសីហា ឆ្នាំ​២០២០ របស់​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តព្រៃវែង​។ -​បានឃើញ​ដីកា​សម្រេច​ឲ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​លេខ ៨៨ ចុះ​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ ២០២០ ទាក់ទង​នឹង​ជន​ត្រូវ​ចោទ​ឈ្មោះ នី ធី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជាតិខ្មែរ មុខរបរ​កម្មករសំណង់ ទីកន្លែង​កំណើត និង ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ពារាំង ឃុំ​រាប ស្រុក​ពារាំង ខេត្តព្រៃវែង ឪពុក​ឈ្មោះ ឈៀង នី (​ស​) ម្តាយ​ឈ្មោះ ព្រីង ម៉ៅ (​រ​) ប្រពន្ធ​ឈ្មោះ ពិន សុខ​នី​ម មានកូន ០៣​នាក់ ប្រវត្តិ​នៃ​ការផ្តន្ទាទោស ពីមុន​គ្មាន​។ ឃាត់ខ្លួន​នៅ​ថ្ងៃទី ២៨ ខែសីហា ឆ្នាំ​២០២០​។​

​លោក​ចៅក្រម បាន​លើកឡើងថា ជននេះ​ត្រូវដាក់​ឲ្យ​ស្ថិតក្រោម​ការពិនិត្យ​ពីបទ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ មរណភាព​នៃ​ជនរងគ្រោះ ប្រព្រឹត្ត​នៅ​ភូមិ​គគរ ឃុំ​រាប ស្រុក​ពារាំង ខេត្តព្រៃវែង កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០ បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ២២៤ នៃ​ក្រមព្រហ្មទណ្ឌ​។​

​លោក​ចៅក្រម​ក៏បាន​បង្គាប់​ឲ្យ​ភ្នាក់ងារ​មាន​សមត្ថកិច្ច​នៃ​កម្លាំង​សាធារណៈ​ធ្វើការ​នាំខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ នី ធី ទៅ​ពន្ធនាគារ ខេត្តព្រៃវែង​ដោយ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់​។ បង្គាប់​មក​លោក​ប្រធាន​ពន្ធនាគារ​ខេត្តព្រៃវែង ឲ្យ​ទទួល និង​ឃុំខ្លួន​ជននេះ​រហូតដល់​មាន​បទបញ្ជា​ថ្មី​សម្រេច​ផ្សេង​ពីនេះ​។ បង្គាប់​មក​គ្រប់​ភ្នាក់ងារ​នៃ​កម្លាំង​សាធារណៈ​ទាំងអស់ នៅពេល​បង្ហាញ​ដីកា​នេះ ត្រូវ​សហការ​អនុវត្ត​ឲ្យ​បានល្អ​ក្នុងករណី​ចាំបាច់​។​

​សូមបញ្ជាក់ថា ករណី​ឃាតកម្ម​ចាក់​សម្លាប់​យុវជន​ម្នា​ក់នៅ​ផ្លូវជាតិ​លេខ​៨ ភូមិ​គគរ ឃុំ​កំពង់​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង កាលពី​យប់​ទី​២០ ខែសីហា ឆ្នាំ​២០២០​នោះ ត្រូវ​សមត្ថកិច្ច​ខេត្តព្រៃវែង​ចាប់​ឃាត់ខ្លួន​ជនដៃដល់​បាន​ហើយ ដោយ​ពួកគេ​មាន​គ្នា​២​នាក់ ត្រូវជា​បងប្អូន​បង្កើត​នឹង​គ្នា ហើយក៏​ត្រូវជា​បងប្អូន​ជីដូនមួយ​នឹង​ជនរងគ្រោះ ទៀតផង​។​

​ប្រភពពី​សមត្ថកិច្ច​ខេត្តព្រៃវែង​បានឱ្យដឹងថា ជន​ត្រូវ​ចោទ​ទាំង​២​នាក់​មាន​ទី​១៖ ឈ្មោះ នី ថា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពារាំង ឃុំ​រាប ស្រុក​ពារាំង ខេត្តព្រៃវែង និង​ទី​២៖ ឈ្មោះ នី ធី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជាមួយគ្នា​។ អ្នក​ទាំង​២​ត្រូវបាន​លោក អ៊​ន ប៊ុនលី ចៅក្រម​ស៊ើបសួរ នៃ​សាលា ដំបូង ខេត្តព្រៃវែង​នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២០ សម្រេច​ចេញ​ដីកាឃុំខ្លួន​ដាក់ពន្ធនាគារ​ជា​បណ្ដោះអាសន្ន ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ដោយ​មរណៈភាព​នៃ​ជនរងគ្រោះ​តាម​មាត្រា ២២៤ នៃ​ក្រមព្រហ្មទណ្ឌ​។ ចំណែក​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ ឈី​ម ឈុន​ណា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃខ្លា ឃុំ​រាប ស្រុក​ពារាំង ខេត្តព្រៃវែង​។​

​គួររំលឹកថា នៅ​មុនពេល​កើតហេតុ កាលពី​ព្រលប់​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០ ជនរងគ្រោះ​នឹង​មិត្ត​ភ័​ក្ដ​ម្នាក់ទៀត​នៅ​ភូមិ​ជាមួយគ្នា បាន​ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​ភូមិ​ក្នុង​បំណង ដើរលេង លុះ​ប្រហែល​ម៉ោង​១១​យប់​ថ្ងៃ​ដដែល ពួកគេ​បាន​ជិះ​មកដល់​ចំណុច​ផ្លូវជាតិ​លេខ​៨ ម្ដុំ​ដីឡូត៍​មួយកន្លែង ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ភ្លាមៗ​នោះ​ស្រាប់ តែ​លេចមុខ​ជនសង្ស័យ​២​នាក់ ប្រដាប់​ដោយ​កាំបិត​ចុង​ស្រួច មិន​ស្គាល់មុខ​បាន​ស្ទុះ​មក​ព្រួត​គ្នា​វាយ នឹង​កាប់​ចាក់​ជនរងគ្រោះ​។​

​ខណៈ​មិត្តភក្តិ​ជនរងគ្រោះ​បាន​រត់គេច​បាត់​ពី​កន្លែង បណ្ដាលឱ្យ​ជនដៃដល់​សម្រុក​ចាក់​ជនរងគ្រោះ​ជាច្រើន​កាំបិត ធ្លាយ​ខ្នង​ធ្លាយ​ពោះ បែកក្បាល​ស្លាប់​នៅ​កន្លែង​។ ក្រោយ​កើតហេតុ​ជនដៃដល់​បាន​រត់គេច​មក​ផ្ទះ​ធ្វើ​ដូច​មិនដឹង​អ្វី​សោះ​។​

​បន្ទាប់មក​មិត្តភក្តិ​ជនរងគ្រោះ នឹង​គ្រួសារ​មិន​អស់ចិត្ត​បាន​តាម​ហៅ​រថយន្ត​ដឹក​ទៅ​ពេទ្យ​ទាំងយប់​លុះដល់​មន្ទីរពេទ្យ គ្រូពេទ្យ​ប្រាប់ថា ជនរងគ្រោះ​ស្លាប់បាត់​ហើយ​។ ជាមួយគ្នា​នោះ​ព្រឹក​ឡើង​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០ សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ពិនិត្យ​នឹងធ្វើ​កំណត់ហេតុ​បើក​ការស្រាវជ្រាវ រហូត​ឈានដល់​ការឃាត់ខ្លួន​ជន​ត្រូវ​ចោទ ទាំង​២​នាក់​បងប្អូន នៅ​ភូមិ​ពារាំង ឃុំ​រាប ស្រុក​ពារាំង នឹង​បាន​បញ្ជូន​ខ្លួន​ទៅ​តុលាការ កាលពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ ហើយ​នៅ​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២០ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តព្រៃវែង សម្រេច​ឃុំខ្លួន​តែម្ដង​៕
ដោយ​៖​កូ​ឡាប​

spot_img
×