Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រុម​អ្នក​វាយប្រហារ អាច​រកលុយ​បាន​រាប់លាន ពី​ការលក់​គណនី​ហ្គេម Fortnite

spot_img

​ភ្នំពេញ ៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា Anti Cyber Crime Department នៅ​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២០​នេះ បានចេញ​ផ្សាយ​ព័ត៌មាន​ថា ក្រុម​ឧក្រិដ្ឋជន​តែងតែ​ស្វែងរក​វិធី​ថ្មីៗ​ដើម្បី​ធ្វើការ​វាយប្រហារ ទៅលើ​ក្រុមហ៊ុន​ក៏ដូចជា ទៅលើ​អ្នកប្រើប្រាស់​ដើម្បី​ស្វែងរក​ប្រាក់ចំណេញ​។

​ការវាយប្រហារ​ទាំងនោះ​មានដូចជា ការទាញយក​ទិន្នន័យ​ដើម្បី​យកទៅ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ការបញ្ចូល​កម្មវិធី​មេរោគ Malware ដើម្បី​លួច​ចូល​គណនី​ធនាគារ និង​ការបញ្ចូល​កម្មវិធី​មេរោគ Ransomware ដើម្បី​ជំរិត​ទារប្រាក់​ជាដើម​។​
​ប៉ុន្តែ​តាម​ការស្រាវជ្រាវ​កាលពីពេល​ថ្មីៗ​នេះ​បានបង្ហាញ​ផងដែរ​ថា ក្រុម​អ្នក​វាយប្រហារ​ក៏​អាច​រកលុយ​បាន​រាប់លាន​ពី​ការវាយប្រហារ​លួច​យក​គណនី​របស់​អ្នកលេង​ហ្គេម​។
​អ្នកស្រាវជ្រាវ​នៅ​ក្រុមហ៊ុន​សុវត្ថិភាព Night Lion Security បាន​រកឃើញថា គណនី​របស់​កម្មវិធី​ហ្គេម Fortnite អាចមាន​តម្លៃ​ពី​២០០ ទៅ​២៥០​ដុល្លារ នៅក្នុង​ទីផ្សារងងឹត ប៉ុន្តែ​គណនី​ខ្លះ​អាច​លក់បាន​ដល់​ទៅ​រាប់ពាន់​ដុល្លារ អាស្រ័យទៅលើ​សម្លៀកបំពាក់​របស់​តួអង្គ (Characters’ in-game skin) ដែល​គេ​មាននៅ​ក្នុង​គណនី​នោះ​។

Fortnite គឺជា​កម្មវិធី​ហ្គេម​ដែល​កំពុង​ពេញនិយម​មួយ ដែលមាន​អ្នកប្រើប្រាស់​ប្រមាណ ៣៥០​លាន​នាក់ ហើយ​ដែល​កំពុង​តែមាន​ការប្ដឹង​ផ្ដល់​គ្នា​ជាមួយនឹង​ក្រុមហ៊ុន Apple និង​ក្រុមហ៊ុន Google ទាក់ទង​នឹង​កម្រៃ​ដែល​ត្រូវ​បង់ ដើម្បី​ផ្សព្វផ្សាយ​លក់​នៅក្នុង​កម្ម​វិធី App Store និង Play Store​។​

​មូល​ហេតុដែល​អាចធ្វើឱ្យ​ជនអនាមិក​ចូលទៅក្នុង​គណនី​របស់​អ្នកប្រើប្រាស់​បាន​យ៉ាង​ងាយស្រួល​នោះ​គឺ មកពី​បញ្ហា​ពីរ​។ បញ្ហា​ទីមួយ​គឺ​ដោយសារតែ​មានការ​វាយប្រហា​រ​ទៅលើ​ក្រុមហ៊ុន​ជាច្រើន ហើយ​ទិន្នន័យ​ទាំងនោះ​រួមមាន​ទាំង​អ៊ីមែល និង​លេខ​សម្ងាត់ ត្រូវបាន​ដាក់លក់​នៅក្នុង​ទីផ្សារងងឹត​។ ចំណែកឯ​បញ្ហា​ទី​ពីរ គឺ​ទាក់ទង​ទៅនឹង​ការប្រើប្រាស់​លេខ​សម្ងាត់​។ បើតាម​ការស្រាវជ្រាវ​បាន​រកឃើញថា អ្នកប្រើប្រាស់​ភាគច្រើន​បាន​ប្រើ​លេខ​សម្ងាត់​ដែល​ងាយ​នឹង​ស្មានដឹង ឬ​ស្រដៀង​នឹង​លេខ​សម្ងាត់​ចាស់​របស់គេ​នោះ​។ ជា​ឧទាហរណ៍​នៅពេលដែល​អ្នកប្រើប្រាស់​ប្ដូរ​លេខ​សម្ងាត់​របស់គេ គឺ​គេ​គ្រាន់តែ​បន្ថែម​លេខ​មួយ​ខ្ទង់​នៅ​ចុងក្រោយ​លេខ​សម្ងាត់ ឬ​គ្រាន់តែ​ប្ដូរ​អក្សរ​ដំបូង​ទៅជា​អក្សរ​ធំ​តែប៉ុណ្ណោះ​។​

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ធ្លាប់​បានធ្វើ​ការណែនាំ​ជាច្រើនលើក​ច្រើនសារ​មក​ហើយ​ដែរ ទាក់ទង​ទៅនឹង​ការដាក់​លេខ​សម្ងាត់ ដែលមាន​លក្ខណៈ​ស្មុគស្មាញ និង​ពិបាក​ស្មាន ចៀសវាង​ប្រើ​លេខ​សម្ងាត់​ដូចជា ឈ្មោះ ថ្ងៃខែ​ឆ្នាំ​កំណើត លេខ​ទូរស័ព្ទ ស្លាក​លេខ​យានយន្ត ដែល​ធ្វើឱ្យមាន​ភាពងាយស្រួល​ក្នុងការ​លួច​ចូល​របស់​ជនអនាមិក​៕​ដោយ​៖​កូ​ឡាប​

spot_img
×