Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហ​ព្រះរាជអាជ្ញា​ជាតិ ចេញ​សេចក្តីបញ្ជាក់​ពី​មរណភាព​របស់​ទណ្ឌិត កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត បន្ទាប់ពី​តុលាការ​កាត់ទោស​ឲ្យ​ជាប់គុក​អស់​មួយជីវិត​

spot_img

​ភ្នំពេញ​៖ សហ​ព្រះរាជអាជ្ញា​ជាតិ បាន​ជម្រាបជូន​សាធារណជន​ឲ្យ​បាន​ជ្រាបថា ទណ្ឌិត កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត វេលា​ម៉ោង​០០​និង​៥១ នា​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២០​នេះ​។​

​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា នៅ​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន អំពី​មរណភាព​របស់​ទណ្ឌិត កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច​។​

​ទណ្ឌិត កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច កើត​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​១៩៤២ នៅ​ភូមិ​ពៅ​វើ​យ ឃុំ​ពាម​បាង ស្រុង​ស្ទោង ខេត្តកំពង់ធំ សញ្ជាតិ​ខ្មែរ មុខរបរ​គ្រូបង្រៀន ជា​ប្រធាន​មន្ទីរ​សន្តិសុខ ស​-២១​។ គាត់​ត្រូវបាន​ចាប់ និង​ឃុំខ្លួន​នៅ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​១៩៩៩ ហើយ​នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០០៧ ត្រូវបាន​ផ្ទេរ​មក​ឃុំខ្លួន ក្នុង​មន្ទីរឃុំឃាំង​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​)​។​

​នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០០៧ លោក ត្រូវបាន​ដាក់ឱ្យ​ស្ថិតនៅក្រោម​ការពិនិត្យ​ពីបទ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ បទ​បំពារបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ ចុះ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​១៩៤៩ និង​អំពើ​ទារុណកម្ម និង​មនុស្សឃាត ដែល​មានចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​ឆ្នាំ​១៩៥៦​។​

​នៅ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០០៩ អង្គជំនុំជម្រះ​សាលាដំបូង បាន​បើកសវនាការ​ដើម្បី​ជំនុំជម្រះ​លើ កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច ហើយ​បានធ្វើ​សវនាការ​ដេញដោល​ភស្តុតាង ស្តាប់​សក្ខីកម្ម​សាក្សី និង​ដើម​បណ្តឹងរដ្ឋប្បវេណី ដែល​បាន​ចំណាយ​ពេលវេលា​អស់​រយៈពេល ៧២​ថ្ងៃ​។​

​នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១០ សាលក្រម​ត្រូវបាន​ប្រកាស ដោយបាន​រកឃើញថា កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច ជា​អ្នកទទួលខុសត្រូវ​មន្ទីរ​សន្តិសុខ ស​-២១ អស់​រយៈពេល​ជាង ៣​ឆ្នាំ ដែល​បណ្តាលឱ្យ​មានការ​សម្លាប់​ជនរងគ្រោះ ជាង ១២២៧២ នាក់​។​

​ហេតុដូច្នេះ អង្គជំនុំជម្រះ​សាលាដំបូង បានសម្រេច​ផ្តន្ទាទោស កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច ដាក់ពន្ធនាគារ​រយៈពេល ៣៥​ឆ្នាំ ពីបទ​ការសម្លាប់​រង្គាល ការធ្វើ​មនុស្សឃាត ការធ្វើ​ឱ្យទៅជា​ទាសករ ការដាក់​ក្នុង​មន្ទីរឃុំឃាំង ការធ្វើ​ទារុណកម្ម និង​អំពើ​អមនុស្សធម៌​ផ្សេងៗ​ទៀត នៃ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ព្រមទាំង​ការធ្វើ​មនុស្សឃាត​ដោយ​ចេតនា ការធ្វើ​ទារុណកម្ម និង​ការ​ធ្វើបាប​ដោយ​អមនុស្សធម៌ ការបង្ក​ដោយ​ចេតនា​ឱ្យមាន​របួស​ធ្ងន់ធ្ងរ ឬ​ឱ្យមាន​ការឈឺចាប់​ដល់​រាងកាយ និង​សុខភាព ការដកហូត​ដោយ​ចេតនា​ពី​ឈ្លើយសឹក ឬ​ជន​ស៊ីវិល នូវ​សិទ្ធិ​ទទួលបាន​ការកាត់ទោស​ដោយ​យុត្តិធម៌ និង​ទៀងទាត់ និង​ការឃុំខ្លួន​ជន​ស៊ីវិល​ដោយ​ខុសច្បាប់ នៃ​បទ​បំពារបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ ចុះ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​១៩៤៩​។​

​សាលក្រម​របស់​អង្គជំនុំជម្រះ​សាលាដំបូង​នេះ ត្រូវបាន​សហ​ព្រះរាជអាជ្ញា ដើម​បណ្តឹងរដ្ឋប្បវេណី និង កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច ប្តឹង​សាទុក្ខ​ទៅ​អង្គជំនុំជម្រះ​តុលាការ​កំពូល​។ នៅ​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១២ អង្គជំនុំជម្រះ​តុលាការ​កំពូល បានចេញ​សាលដីកា​សម្រេច​ផ្តន្ទាទោស កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច ដាក់ពន្ធនាគារ​អស់​មួយជីវិត​។​

​កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច ត្រូវបាន​បញ្ជូនទៅ​ពន្ធនាគារ​ខេត្តកណ្តាល នៅ​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៣ ដើម្បី​អនុវត្ត​ទោស បន្ទាប់ពី​ការសម្រេច​របស់​អង្គជំនុំជម្រះ​តុលាការ​កំពូល​។​

​ថ្ងៃនេះ (២​កញ្ញា​) សហ​ព្រះរាជអាជ្ញា​ជាតិ ជូនដំណឹង​ថា កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច បានទទួល​មរណភាព ដោយ​ផ្អែក​តាម​របាយការណ៍​រប​ស់​មន្ត្រី​ពាក់ព័ន្ធ ហើយ​ចំពោះ​ការស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​មូលហេតុ​នៃ​មរណភាព​របស់​ទណ្ឌិត កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច ជា​សមត្ថកិច្ច​របស់​អា​ជ្ញា​ធរ​ជាតិ​៕

​ដោយ៖កូឡាប

spot_img
×