Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ក្រើនរំលឹក​ឲ្យ​មន្ទីរ​កសិកម្ម​ខេត្តស្វាយរៀង ត្រូវ​យកចិត្តទុកដាក់​បង្កើន​សមត្ថភាព​គ្រប់គ្រង ចំណេះ​ជំនាញ និង​បទពិសោធន៍ ក្នុង​បរិបទ​នៃ​ស្ថានភាព​ជំងឺ​កូ​វីដ​១៩

spot_img

​ខេត្តស្វាយរៀង ៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​ក្រើនរំលឹក​ឲ្យ​ថ្នាក់ដឹកនាំ​មន្ទីរ​គ្រប់​ជាន់ថ្នាក់ និង​មន្ត្រី​ជំនាញ នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តស្វាយរៀង ត្រូវ​យកចិត្តទុកដាក់​បង្កើន​សមត្ថភាព​គ្រប់គ្រង ចំណេះ​ជំនាញ និង​បទពិសោធន៍ ក្នុង​បរិបទ​នៃ​ស្ថានភាព​ជំងឺ​កូ​វីដ​១៩​នេះ ហើយ​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ គ្រប់​អនុវិស័យ​ឲ្យ​បាន​ទាន់ពេលវេលា លើកកម្ពស់​ស្តង់ដារ​អនាម័យ​នៅតាម​បណ្តា​សត្តឃាតដ្ឋាន ក៏ដូចជា​ភូតគាម​អនាម័យ នៃ​កសិផល​ផ្សេងៗ​ទៀត​ទាំង​ក្នុងស្រុក និង​នាំចូល​ពី​ខាងក្រៅ ដើម្បី​ធានា​សុខុមាលភាព​សាធារណៈ​។​

​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែង​បែបនេះ​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខដំណែង​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តស្វាយរៀង ដែល​ប្រព្រឹត្តិ​ទៅ​នៅ​សាលប្រជុំ​សាលាខេត្ត​ស្វាយរៀង​នា​ព្រឹក​ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ​២០២០​នេះ ។ ក្នុង​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក ម៉ែន វិបុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ។​

​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ផ្តាំផ្ញើ​ដល់​លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​ទើប​ទទួលបាន​ការតែងតាំង​មុខតំណែង​ថ្មី ត្រូវខិតខំ​បំពេញភារកិច្ច ប្រកបដោយ​ស្មារតី​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង និង​ឈរលើ​មូលដ្ឋាន នៃ​ការលើកកម្ពស់​ប្រសិទ្ធភាព​ការងារ ពង្រឹង​របៀបរបប​ធ្វើការ ដើម្បី​លើកកម្ពស់​ការទទួលខុសត្រូវ​ក្នុងការ​បំពេញ​តួនាទី ភារកិច្ច​របស់ខ្លួន ជាពិសេស​ត្រូវខិតខំ​រិះរក​វិធីសាស្ត្រ​ផ្សេងៗ ដើម្បី​បង្កើន​ប្រាក់ចំណូល​របស់​បងប្អូន​ប្រជាពលរដ្ឋ​តាមរយៈ​ការប្រកប​របរ​កសិក​ម្ម និង​ការ​ចិញ្ចឹមសត្វ​ជា​លក្ខណៈ​គ្រួសារ​។

​ទន្ទឹម​នោះ​លោក​បាន​ក្រើនរំលឹក​ឲ្យ​ថ្នាក់ដឹកនាំ​មន្ទីរ​គ្រប់​ជាន់ថ្នាក់ និង​មន្ត្រី​ជំនាញ​ត្រូវ​យកចិត្តទុកដាក់​បង្កើន​សមត្ថភាព​គ្រប់គ្រង ចំណេះ​ជំនាញ និង​បទពិសោធន៍ ក្នុង​បរិបទ​នៃ​ស្ថានភាព​ជំងឺ​កូ​វិដ​១៩ នេះ លោក​រដ្ឋមន្ត្រី បានផ្តល់​ជា​អនុសាសន៍​នូវ​ចំណុច​សំខាន់ៗ​មួយចំនួន​ដូចជា ត្រូវ​បន្ដ​ប្រពៃណី​សហ​ប្រតិ​ប​ត្ដិ​ការល្អ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ និង​ដៃគូ​អភិវឌ្ឍន៍​កសិកម្ម​នានា​ឱ្យបាន​ល្អប្រសើរ​។ ត្រូវ​ពង្រឹង និង​កែលម្អ​ការគ្រប់គ្រង និង​ការអភិវឌ្ឍ​ធនធានមនុស្ស​ឲ្យ​កាន់​តែមាន​សមត្ថភាព វិជ្ជាជីវៈ និង​ប្រសិទ្ធភាព​ក្នុងការ​បំពេញការងារ​។​
​ផ្ទេរ​បច្ចេកទេស​ទំនើប​សមស្រប​ដល់ដៃ​កសិករ លើកទឹកចិត្ត​លើ​ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា លើកកម្ពស់​គុណភាព​ក​សិ​ផល​ដើម្បី​ធ្វើការ​ប្រកួតប្រជែង និង​យកចិត្តទុកដាក់​ដល់​ការអនុវត្ត​កសិកម្ម​ល្អ​ដោយ​ភាព​វៃឆ្លាត​។

​លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​មន្ទីរ​កសិកម្ម​ខេត្តស្វាយរៀង ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ គ្រប់​អនុវិស័យ​ឲ្យ​បាន​ទាន់ពេលវេលា​។ លើកកម្ពស់​ស្តង់ដារ​អនាម័យ​នៅតាម​បណ្តា​សត្តឃាតដ្ឋាន ក៏ដូចជា​ភូតគាម​អនាម័យ​នៃ​កសិផល​ផ្សេងៗ​ទៀត​ទាំង​ក្នុងស្រុក និង​នាំចូល​ពី​ខាងក្រៅ ដើម្បី​ធានា​សុខុមាលភាព​សាធារណៈ​។ បន្ត​ជំរុញ​ប្រជាពលរដ្ឋ​ដាំ​នូវ​ដំណាំ​ណា​ដែលមាន​ប្រយោជន៍ ក្នុងការ​ផ្គត់​ផ្គង​ទៅដល់​ទីផ្សារ ដើម្បី​ទ្រង់​ជីវភាព​ក្នុង​អំឡុង ពេល​នៃ​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​១៩ ។​

​មានប្រសាសន៍​ក្នុង​ពិធី​នេះ លោក​ម៉ែន វិបុល អភិបាលខេត្ត​បាន​ឲ្យ​ដឹងថា អាស្រ័យ​ដោយ​កត្តា​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ​នៅក្នុង​ប្រទេស ដែលជា​ផ្លែផ្កា​នៃ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ និង​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ដល់នូវ​កាលានុវត្តភាព​ដ៏​ល្អប្រសើរ​សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ ក៏ដូចជា​ខេត្តស្វាយរៀង ឲ្យ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ ។​

​លោក​បាន​បន្តថា ក្រោយពី​របប ប៉ុលពត បាន​ដួលរលំ បានប្រែក្លាយ​យ៉ាង​ឆាប់រហ័ស​ឲ្យ​ខេត្តស្វាយរៀង​ក្លាយជា​ខេត្ត​ឧស្សាហកម្ម​មួយ​ដ៏​សំខាន់ បន្ទាប់ពី​រាជរដ្ឋាភិបាល​សម្រេច​ឲ្យ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅក្នុង​ទឹកដី នៃ​ខេត្តស្វាយរៀង នៅ​ឆ្នាំ​២០០៥ ដែល​បានផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន ធានា​នាដ​ល់​ការលើកកម្ពស់​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​កាន់តែ​ល្អប្រសើរ​ឡើងជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ។

បើទោះបីជា​បញ្ហា​កូ​វីដ​-១៩​នៅតែ​បន្ត​នាពេល​បច្ចុប្បន្ន វិស័យ​កសិកម្ម​ក្នុង​ខេត្តស្វាយរៀង បាននិងកំពុង​មានកា​រ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ដែល​សរ​បញ្ជាក់​ឲ្យ​ឃើញ​តាមរយៈ​លទ្ធផល នៃ​កំណើន​បរិមាណ​ផល​ទទួលបាន​ពី​ផលិតកម្ម​សត្វ វារីវប្បកម្ម ការ​កើន​ឡើ​ន​នូវ​ការប្រើប្រាស់​គ្រឿងយន្ត​កសិកម្ម ជាពិសេស​ផលិតផល​ពី​ដំណាំ​ក​សិ​-​ឧស្សាហកម្ម និង​ផល​ស្រូវ​ដែល​ទទួលបាន​មានការ​កើន​ឡើងជា​លំដាប់ ដែល​ស្ដែងឡើង​តាមរយៈ​បរិមាណ​តុល្យភាព​ស្បៀង​ខ្ពស់​លើសពី​តម្រូវការ និង​សល់​សម្រាប់​ការនាំចេញ​ទៅកាន់​ប្រទេសជិតខាង ហើយ​បច្ចុប្បន្ន​ខេត្ត​ក៏បាន​ក្លាយជា​មូលដ្ឋាន​ផលិត​បន្លែ​សុវត្ថិភាព​ដ៏​ចម្បង​ផងដែរ សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ការប្រើប្រាស់​ក្នុងស្រុក​៕​ដោយ​៖​វ៉ៃ​កូ​

 

spot_img
×