Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សព​អតីត​មេ​គុក​ទូល​ស្លែង លោក កាំ​ង ហ្កេ​ក​អ៊ា​វ បាន​បូជា​នៅ​វត្ត​ចាក់អង្រែ​ក្រោម ក្រោម​វត្តមាន​សាច់ញាតិ​របស់លោក​ប្រហែល​ប្រាំ​នាក់​

spot_img

​ភ្នំពេញ ៖ សាកសព​របស់​អតីត​មេ​គុក​ទូល​ស្លែង ឬក៏​មន្ទីរ​ស​២១​លោក​កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច បាន​បូជា​នៅ​វត្ត​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២០​នេះ ក្រោម​វត្តមាន​សាច់ញាតិ​របស់លោក​ប្រហែល​ប្រាំ​នាក់ រួមទាំង​មនុស្ស​មួយចំនួន​តូច​ផ្សេងទៀត​។​

​ទណ្ឌិត កាំ​ង ហ្គេ​ក​អ៊ា​វ ហៅ ឌុ​ច បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ហើយ​បាន​បញ្ជូនមក​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត កាលពី​យប់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០​កន្លងទៅនេះ ហើយ​បានទទួល​មរណភាព​កាលពី​វេលា​ម៉ោង​០០​និង​៥១ នាទី ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២០​នេះ ក្នុង​ជន្មាយុ​៧៨​ឆ្នាំ​។​

​ឌុ​ច​ត្រូវបាន​ផ្តន្ទាទោស​ដោយ​អង្គជំនុំជម្រះ​សាលាដំបូង​នៃ​អ​.​វ​.​ត​.​កនៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១០ ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រព្រឹត្ត​នៅ​គុក​ទួលស្លែង ដោយ​សម្រេច​ផ្តន្ទាទោស​ដាក់​ព​ន្ថ​នាគារ​រយៈពេល ៣៥ ឆ្នាំ សងការ​ជាប់ឃុំ​ខុសច្បាប់ ១០ ឆ្នាំ​និង​សំណង​លើ​ការសហការ​ចំនួន ៦​ឆ្នាំ ទោស​ដែល​ត្រូវអនុវត្ត​គឺ ១៩ ឆ្នាំ​។ ប៉ុន្តែ​ព្រះរាជអាជ្ញា​ប្តឹង​សាទុក្ខ​ជំទាស់​។ អង្គជំនុំជម្រះ​តុលាការ​កំពូល​បានសម្រេច​សេចក្តី​នៅ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១២ ដោយ​ផ្តន្ទាទោស​ឌុ​ច​ដាក់ពន្ធនាគារ​អស់​មួយជីវិត​។ នៅ​ថ្ងៃ​០៦ ខែមិថុនា ឆ្នាំ​២០១៣ កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច ត្រូវបាន​បញ្ជូន​ទៅកាន់​ពន្ធនាគារ​ខេត្តកណ្តាល ដើម្បី​អនុវត្ត​ទោស​ជាប់ពន្ធនាគារ​ដែល​នៅសល់​របស់គាត់ ។​

​សូមបញ្ជាក់ថា​ឌុ​ច​មានឈ្មោះ​ដើម​ថា កាំ​ង ហ្កេ​ច​អ៊ា​វ កើត​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​១៩៤២ នៅ​ភូមិ​ពៅ​វើ​យ ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។ កាំ​ង ហ្កេ​ច​អ៊ា​វ ជា​កូនកាត់​ចិន មាន​បងប្អូន​បង្កើត ៥​នាក់ នៅក្នុង​ត្រកូល​ជា​កសិករ​ក្រីក្រ​មួយ ។​

​នៅក្នុង​ឆ្នាំ​១៩៩៩ ឌុ​ច បាន​ចូល​សារភាព ប្រគល់​ខ្លួន​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុ​ជា​។ ចាប់ពីពេលនោះ​មក ឌុ​ច ត្រូវបាន​គេ​ចាប់ឃុំខ្លួន​នៅក្នុង​មន្ទីរ​ឃុំខ្លួន​នៃ​តុលាការយោធា ក្នុង​ក្រុងភ្នំពេញ​។ នៅ​ថ្ងៃទី​៣១ កក្កដា ឆ្នាំ​២០០៧ ឌុ​ច ត្រូវបាន​ផ្ទេរ​ពី​មន្ទីរឃុំឃាំង​នៃ​តុលាការយោធា ទៅ​ឲ្យ​អង្គជំនុំជម្រះ​វិសាមញ្ញ ទទួលបន្ទុក​ជំនុំជម្រះ​អតីត​មេដឹកនាំ​ខ្មែរក្រហម​វិញ​។​

​ឌុ​ច ត្រូវបាន​តុលាការ​ពិសេស​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​ពីបទ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​។ ថ្វីដ្បិតតែ ឌុ​ច មិនមែនជា​អតីត​មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុន្តែ​ក្នុងឋានៈ​ជា​ប្រធាន​គុក​ទួលស្លែង ដែលជា​កន្លែង​ធ្វើ​ទារុណកម្ម និង​សម្លាប់​មនុស្ស​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នោះ ឌុ​ច ត្រូវបាន​ចាត់​ប​ញ្ជូ​ល​ក្នុងចំណោម “​អ្នក​ដែលមាន​ការទទួលខុសត្រូវ​ខ្ពស់បំផុត ចំពោះ​ឧក្រិដ្ឋកម្ម នៅក្នុង​របប​ខ្មែរក្រហម​” ដូចដែល​មានចែង​នៅក្នុង​មាត្រា​១ នៃ​ច្បាប់​ស្តីពី​ការបង្កើត​អង្គជំនុំជម្រះ​វិសាមញ្ញ​។​

​នៅ​ថ្ងៃទី​២៦ កក្កដា ២០១០ អង្គជំនុំជម្រះ​វិសាមញ្ញ ទទួលបន្ទុក​ជំនុំជម្រះ​មេដឹកនាំ​ខ្មែរក្រហម​បានប្រកាស​សាលក្រម សម្រេច​ឲ្យ កាំ​ង ហ្កេ​ច​អាវ ហៅ ឌុ​ច ជាប់ពិរុទ្ធ​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ការ​បំពារបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ ឆ្នាំ​១៩៤៩​។ ក៏ប៉ុន្តែ ដោយ ឌុ​ច បាន​សារភាព​កំហុស និង​បាន​សហការ​ជាមួយ​តុលាការ ចៅក្រម​បានសម្រេច​ផ្តន្ទាទោស ឌុ​ច ឲ្យ​ជាប់ពន្ធនាគារ​តែ ៣៥​ឆ្នាំ​ប៉ុណ្ណោះ​។ ពី​រយៈពេល ៣៥​ឆ្នាំនេះ ត្រូវ​កាត់បន្ថយ ៥​ឆ្នាំ បន្ថែមទៀត ដោយ​តុលាការ​យល់ឃើញថា ការឃុំខ្លួន​ឌុ​ច នៅក្នុង​តុលាការយោធា​កម្ពុជា ពី​ឆ្នាំ​១៩៩៩​គឺជា​ការឃុំខ្លួន​ខុស​នីតិវិធី​។​ទីបញ្ចប់​ទោស​របស់ ឌុ​ច នៅសល់តែ ៣០​ឆ្នាំ​ប៉ុណ្ណោះ ដោយ​គិត​ចាប់​ពីថ្ងៃ​ចាប់ខ្លួន ពោលគឺ​ពី​ឆ្នាំ​១៩៩៩​មក​។​

​ចំណែក​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​២ ខែកញ្ញា ឆ្នាំ​២០២០ ចេញ​សេចក្តីប្រកាស​ព័ត៌មាន របស់​អ្នកនាំពាក្យ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល សូម​ជម្រាបជូន​សាធារណ​ជនជាតិ និង អន្តរជាតិ ឱ្យបាន​ជ្រាបថា ទណ្ឌិត កាំ​ង ហ្កេ​ច​អ៊ា​វ ហៅ​ឌុ​ច អតីត​មេ​គុក​ទួលស្លែង​ក្នុង​របប​ខ្មែរក្រហម បានទទួល​មរណភាព នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត នៅវេលា​ម៉ោង ០០​និង​៥១​នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២០ ៕​ដោយ​៖​កូ​ឡាប​

spot_img
×