Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រសៀល​ថ្ងៃនេះ ប្រកាស​ដាក់ឱ្យ​ដំណើរការ​សាលាឧទ្ធរណ៍ និង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង ប្រធាន​សាលាឧទ្ធរណ៍ អគ្គព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍ និង​អគ្គលេខាធិការ​នៃ​សាលាឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ

spot_img

​ព្រះសីហនុ​៖ កម្មវិធី “​ពិធី​ប្រកាស​ដាក់ឱ្យ​ដំណើរការ​សាលាឧទ្ធរណ៍​ព្រះសីហនុ និង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង ប្រធាន​សាលាឧទ្ធរណ៍​ព្រះសីហនុ អគ្គព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ព្រះសីហនុ និង​អគ្គលេខាធិការ​នៃ​សាលាឧទ្ធរណ៍​ព្រះសីហនុ នៅ​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង ១៤​និង​៣០ នាទី​រសៀល​។​

​បើតាម​កម្មវិធី​របស់​សាលាឧទ្ធរណ៍​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ឯកឧត្តម សុខ កល្យាណ ត្រូវបានតែងតាំង​ជា​ប្រធាន​សាលាឧទ្ធរណ៍​ព្រះសីហនុ ។ អាន​ព្រះរាជក្រឹត្យ​តែងតាំង​ដោយ ឯកឧត្តម អ៊ុង សុភា​រិន្ទ អនុរដ្ឋលេខាធិការ​តំណាង​ក្រសួងយុត្តិធម៌​។ ពិធី​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ និង ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​។​

ឯកឧត្តម សុខ កល្យាណ អតីត​ប្រធាន​សាលាដំបូង​ខេត្តព្រៃវែង ត្រូវបាន​ផ្ទេរ​ភារកិច្ច​មក​បម្រើ​ការងា​រ​ជា​ប្រធាន​សាលាដំបូង​ខេត្ត​ព្រះសីហនុ ហើយ​នៅ​រសៀល​ថ្ងៃនេះ ឯកឧត្តម សុខ កល្យាណ ត្រូវបានតែងតាំង​ជា​ប្រធាន​សាលាឧទ្ធរណ៍​ព្រះសីហនុ​។

​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​បានចេញ​ព្រះរាជក្រឹត្យ នស​/​រកត​/០៧២០/៧៧៣ ត្រាស់បង្គាប់​តែងតាំង ឯកឧត្តម សុខ កល្យាណ ឧ​ត្ត​ម​ចៅក្រម ថ្នាក់​លេខ​៦ ជា​ប្រធាន​សាលាឧទ្ធរណ៍​ព្រះសីហនុ ។​

​សូមបញ្ជាក់ថា ឯកឧត្តម កោ វណ្ឌី អតីត​អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវបានតែងតាំង​ជា​ប្រធាន​សាលាដំបូង​ខេត្ត​ព្រះសីហនុ ជំនួស​ឯកឧត្តម សុខ កល្យាណ ដែល​ត្រូវបានតែងតាំង​ជា​ប្រធាន​សាលាឧទ្ធរណ៍​ព្រះសីហនុ តាមរយៈ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៧២០/៧៦៧ ចុះ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២០​។​

ថ្លែង​ក្នុង​ពិធី​នេះ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​មានប្រសាសន៍ថា “​ការផ្លាស់ប្តូរ និង​ការផ្ទេរ​ភារកិច្ច​របស់​ចៅក្រម​-​ព្រះរាជអាជ្ញា គឺជា​រឿង​ធម្មតា​ក្នុង​អាជីព​ជា​ចៅក្រម​-​ព្រះរាជអាជ្ញា ស្របតាម​ច្បាប់​កំណត់ ក្នុង​គោលបំណង​ដើម្បី​ធានាឱ្យមាន​កិច្ចដំណើរការ​ការងារ​កាន់​តែមាន​ភាពល្អប្រសើ​រ និង​ប្រសិទ្ធភាព​ខ្ពស់ សំដៅ​លើកកម្ពស់​ការបម្រើ​សេវា​យុត្តិធម៌​ជូន​ដល់​ប្រជាពលរដ្ឋ ជាពិសេស​ដើម្បី​ធានា​ការ​កាត់សេចក្តី​ដោយ​មិន​លំអៀង ដោយ​ត្រឹមត្រូវ និង​ដោយ​យុត្តិធម៌​”​។​

​ឆ្លៀត​ក្នុងឱកាស​នេះ ដើម្បី​លើកកម្ពស់​គុណភាព​នៃ​ការកាត់ក្តី​ឱ្យបាន​ត្រឹមត្រូវ និង​យុ​តិ្ត​ធម៌ ក៏ដូចជា​លើកកម្ពស់​ការផ្តល់សេវា​យុត្តិធម៌​ឱ្យមាន​ភាពងាយស្រួល ឆាប់រហ័ស និង​ស្អាតស្អំ​។​

ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងថា ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជា​មន្ត្រី​តុលាការ​ទាំងអស់ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​ដ៏​ថ្លៃថ្លា​ទាំង​៥ របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី គឺ «​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​» ដើម្បី​ធ្វើជា​គោលការណ៍​ក្នុងការ​អនុវត្ត​មុខងារ និង​ភារកិច្ច​របស់ខ្លួន ក៏ដូចជា​ក្នុងការ​ដឹកនាំ​អង្គភាព​សាលាជម្រះក្តី​។​

​ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជា​មន្ត្រី​តុលាការ​ទាំងអស់ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ភាពម៉ឺងម៉ាត់​របស់ខ្លួន ក្នុងការ​អនុវត្ត​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ផ្តល់​ការកាត់ក្តី​មួយ​ប្រកបដោយ​អ​នាគ​តិ ក្នុង​ការធានា​ឱ្យបាន​នូវ​ភាព យុ​តិ្ត​ធម៌ ត្រឹមត្រូវ ជូន​ប្រជាពលរដ្ឋ ជាពិសេស​គឺ​ការ​វៀរចាក​នូវ​អ​គិត​ធម៌​ទាំង ៤ គឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និង​មោហោ​គតិ ដូចដែល​ចៅក្រម ព្រះរាជអាជ្ញា​ទាំងអស់​បានធ្វើ​សច្ចាប្រណិធាន នៅមុន​ពេល​ខ្លួន​ចូលកាន់​តំណែង​។​

​ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជា​មន្ត្រី​តុលាការ​ទាំងអស់ ត្រូវ​ប្រកាន់ខ្ជាប់​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​វិន័យ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ចៅក្រម និង​ព្រះរាជអាជ្ញា ទាំង​ក្នុងពេល​បំពេញការងារ ទាំង​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។ «​ការប្រកាន់​ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់ខ្លួន គឺជា​ការរួមចំណែក​ដ៏​សំខាន់​ក្នុងការ​លើកកម្ពស់​កិត្តិយស សេចក្តីថ្លៃថ្នូរ និង​កិត្យានុភាព​នៃ​អង្គចៅក្រម​ខ្លួនឯង ហើយ​វា​ជា​កត្តារួម​ចំណែក​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន ក្នុងការ​ពង្រឹង​ជំនឿ​ទុកចិត្ត​ពី​សាធារណជន​ចំពោះ​វិស័យ​យុត្តិធម៌​»​។​

​ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជា​មន្ត្រី​តុលាការ​ទាំងអស់ ត្រូវ​ចូលរួម​ប្រកបដោយ​ឆន្ទៈ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​អនុវត្ត​នូវ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង នៅតាម​សាលាដំបូង​រាជធានី​-​ខេត្ត ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួងយុត្តិធម៌ កាលពី​ថ្ងៃទី​១៨ ខែឧសភា កន្លងទៅនេះ ដោយ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ និង​ម៉ឺងម៉ាត់​តាម​អភិក្រម «​លឿន ត្រឹមត្រូវ យុត្តិធម៌ និង​មិន​ពុករលួយ​»​។​

​ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជា​មន្ត្រី​តុលាការ និង​មន្ត្រីរាជការ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​បំពេញការងារ ដោយ​ត្រូវ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង និង​ពង្រឹង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការល្អ​ជាមួយ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ធានា​នូវ​ដំណើរ​ការល្អ​នៃ​ស្ថាប័ន​តុលាការ ក៏ដូចជា​ប្រសិទ្ធភាព​នៃ​ការបម្រើ​សេវា​យុ​តិ្ត​ធម៌​ឱ្យបាន​ត្រឹមត្រូវ​ជូន​ប្រជាពលរដ្ឋ​។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា «​ក្រសួងយុត្តិធម៌ និង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម នឹង​បន្ត​ពង្រឹង​វិធានការ​វិន័យ ក្រមសីលធម៌ និង​ភាព​ស្អាតស្អំ​របស់​អង្គចៅក្រម ដើម្បី​លើកកម្ពស់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​អង្គចៅក្រម​បន្ថែមទៀត​»៕​ដោយ​៖​កូ​ឡាប​

spot_img
×