Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចម្លាក់​ប្រអប់​ព្រះ​ហ​ស្ថ​ឆ្វេង ព្រះពុទ្ធ​បដិមា​ដ៏​ធំ​មួយ បាន​ប្រទះឃើញ នៅ​ខាងត្បូង​នៃ​ប្រាសាទ​បា​យ័ន្ត​

spot_img

​សៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា បានប្រកាសថា ចម្លាក់​ប្រអប់​ព្រះ​ហ​ស្ថ​ព្រះ​ពុទ្ធរូប​ខាងឆ្វេង​មួយ​ធ្វើ​អំពី​ថ្មភក់ បាន​ប្រទះឃើញ​នៅក្នុង​ព្រៃ​ខាងត្បូង​ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ​ពី​ប្រាសាទ​បា​យ័ន្ត​។ ចម្លាក់​នេះ​មាន​ទំហំ​បណ្តោយ​០.៩៥​ម៉ែត្រ ទទឹង​០.៤២​ម៉ែត្រ និង​កម្រាស់​០.២៤​ម៉ែត្រ ក្នុង​សភាព​ហាក់​មិនទាន់​ឆ្លាក់​រួចរាល់​ត្រឹមត្រូវ​នៅឡើយ​ទេ​ដោយ​ឃើញ​មាន​ស្នាម​មុខ​ពន្លាក និង​មិនទាន់​ខាត់​រំលីង​នៅឡើយ​។​

​តាម​ការបញ្ជាក់​របស់​លោក ឈូក សុ​ម៉ា​ឡា មន្ត្រី​ចុះបញ្ជី​បេតិកភណ្ឌ​រូបី​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ​ថា ចម្លាក់​ដែលមាន​ត្រឹម​កដៃ​និង​ម្រាម​ទាំង​៥ ដែល​លា​ផ្ងារ​បាតដៃ​ទៅលើ​នេះ គឺ​ស្ថិតនៅ​ក្នុងសម័យ​កណ្តាល ទំនងជា​ព្រហស្ថ​ព្រះពុទ្ធ​បដិមា​ក្នុង​កាយវិការ​ភូមិ​ស្ប​ស៌​មុទ្រា ឬ​ហៅថា​កាយវិការ​មារវិជ័យ ឬ​ផ្ចាញ់​មារ​។ ទម្រង់​កាយវិការ​នោះ ព្រះពុទ្ធ​ទ្រង់​គង់​ភ្នែន ដោយ​យក​ព្រះ​ហ​ស្ថ​ខាងស្តាំ​ដាក់​ផ្កាប់​លើ​ភ្លៅ​សំ​យ៉ុង​ម្រាមដៃ​ចង្អុល​ទៅ​ធរណី​។ រីឯ​ព្រះ​ហ​ស្ថ​ឆ្វេង​ដាក់​នៅលើ​ចន្លោះ​ភ្លៅ ហើយ​លា​ផ្ងារ​បាត​ព្រះ​ហ​ស្ថ​ទៅលើ​។
​ការសន្និដ្ឋាន​ជា​កាយវិការ​ភូមិ​ស្ប​ស៌​មុទ្រា​បែប​ដូចនេះ គឺ​យោងទៅលើ​ហេតុផល ដែលមាន​ព្រះពុទ្ធ​បដិមា​ធំៗ​ចំនួន​២​អង្គ​ដែល​ស្ថិតនៅ​ជុំវិញ​ប្រាសាទ​បា​យ័ន្ត រួមមាន ព្រះអង្គ​ឥន្ទ្រ​ទេព​និង​ព្រះអង្គ​ងោក គឺ​សុទ្ធសឹងតែ​សង់​ឡើង​ក្នុង​ទំហំ​ធំ និង​ពី​ថ្មភក់​ច្រើន​ដុំ ហើយ​ស្ថិតនៅក្នុង​កាយវិការ​ភូមិ​ស្ប​ស៌​មុទ្រា​ដូចគ្នា​។​
រីឯ​នៅ​បរិវេណ​ដែល​រកឃើញ​ចម្លាក់​នោះ គឺ​ទំនងជា សំណង់​ខឿន​ព្រះពុទ្ធសាសនា ត្បិត​យើង​ឃើញ​មាន​ថ្ម​សីមា​មួយចំនួន​ផងដែរ​។ យ៉ាងណាមិញ តាម​ការស្រាវជ្រាវ និង​រូបថត​ពីលើ​អាកាស​ដែល​ថត​ដោយ​បច្ចេកវិទ្យា LiDAR ក៏បាន​រកឃើញ​ស្លាកស្នាម​ទីតាំង​មនុស្ស​រស់នៅ​ជាច្រើន​នៅក្នុង​បរិវេណ​ក្រុង​អង្គរធំ ហើយ​សំណង់​ទាំងនោះ​ក៏​រួមមាន ខឿន​ពុទ្ធ​សា​នា​ជាច្រើន​កន្លែង ដែល​សង់​ពី​ថ្មភក់ និង​ថ្មបាយក្រៀម​នៅ​បរិវេណ​នោះ​។

​បច្ចុប្បន្ន​ចម្លាក់​ប្រអប់​ព្រះ​ហ​ស្ថ​នេះ ក្រុមការងារ​ចុះបញ្ជី​បេតិកភណ្ឌ​រូបី នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ បាន​សហការ​ជាមួយ​ស្ថាប​ន័​មាន​សម្ថ​កិច្ច​នគរបាល​ការពារ​បេតិកភណ្ឌ​ប្រចាំ​តំបន់​អង្គរ ព្រមទាំង​មន្ត្រី​អភិរក្ស​ប្រាសាទ បានធ្វើ​កំណត់ហេតុ​ប្រគល់​ទទួល​និង​ដឹក​យកទៅ​រក្សាទុក​នៅ​មជ្ឈមណ្ឌល​អជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ចុះបញ្ជី និង​រក្សាទុក​រង់ចាំ​ការជួសជុល​នៅ​ថ្ងៃ​អនាគត​៕
ដោយ​៖​កូ​ឡាប​

spot_img
×