Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្រូវឱ្យ​ក្រុមហ៊ុន Nutrilatt Master បញ្ឈប់​ជាបន្ទាន់​ការនាំ​ចូល និង​ចែកចាយ​នូវ​ផលិតផល​ម្សៅ​ទឹកដោះគោ សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ​ម៉ាក Nutrilatt ព្រោះ​មាន​ជាតិ​ដែក​កម្រិត​ទាប បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ទារក និង​កុមារ​

spot_img

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) នៃ​ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០២០ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ការដាក់ចេញ​នូវ​វិធានការ​ចំពោះ​ផលិតផល​ម្សៅ​ទឹកដោះគោ​ម៉ាក Nutrilatt ដែលមាន B/N 487, 488, 536, 537, 538 និង 539 ដោយ​តម្រូវឱ្យ​ក្រុមហ៊ុន Nutrilatt Master LM Co., Ltd. បញ្ឈប់​ជាបន្ទាន់​ការនាំ​ចូល និង​ចែកចាយ​នូវ​ផលិតផល​ម្សៅ​ទឹកដោះគោ​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ (​ចាប់ពី​ទារក ដល់ ២៤​ខែ​) ម៉ាក Nutrilatt រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី ដោយសារ​មាន​ជាតិ​ដែក​កម្រិត​ទាប បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ទារក និង​កុមារ​កម្ពុជា​។​ក្រសួងពាណិជ្ជកម្ម សូម​អំពាវនាវ​ដល់​មាតា បិតា និង​អាណាព្យាបាល បញ្ឈប់​ជាបន្ទាន់​នូវ​ការ​បំបៅកូន​ដោយ​ម្សៅ​ទឹកដោះគោ​ម៉ាក Nutrilatt B/N 487, 488, 536, 537, 538 និង 539 និង​អញ្ជើញ​មក​ដាក់ពាក្យ​បណ្តឹង​ដោយ ភ្ជាប់​មកជា​មួយ​នូវ​ឯកសារ​ពាក់ព័ន្ធ​នានា នៅ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​។​

​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) នៃ​ក្រសួងពាណិជ្ជកម្ម សូម​ជម្រាបជូន​សាធារណជន​ជ្រាបថា ដោយ​ផ្អែកលើ​លទ្ធផល​វិភាគ​លើ​សំណាក​គំរូ​ម្សៅ​ទឹកដោះគោ ម៉ាក Nutrilatt B/N 487, 488, 536, 537, 538 និង 539 ចេញ​ដោយ​មន្ទីរពិសោធន៍​ឯករាជ្យ​មួយ​នៅ​ប្រទេស​សិង្ហ​បុរី ឈ្មោះ Eurofins Food Testing Singapore Pte Ltd ដែល​ទទួលស្គាល់​ជា​អន្តរជាតិ តាម​ស្តង់ដារ ISO/IEC 17025:2017 បានបង្ហាញ​ឱ្យឃើញថា សំណាក​គំរូ​ផលិតផល​ម្សៅ​ទឹកដោះគោ​ម៉ាក Nutrilatt ដែលមាន​លេខ​កូដ ខាងលើ មាន​កម្រិត​ជាតិ​ដែក​តិចជាង ០.២៥​មី​លី​ក្រាម​/១០០​ក្រាម គឺមាន​កម្រិត​ទាប​ខ្លាំង​ពី​លក្ខខណ្ឌ​តម្រូវ​អ​ប្បរមា ដែល​កំណត់ដោយ​ស្តង់ដារ​កូ​ដិ​ច​អន្តរជាតិ ដែល​ក្នុងនោះ​កម្រិត​ជាតិ​ដែក​តម្រូវឱ្យមាន​យ៉ាងតិច ២.២៨ មី​លី​ក្រាម ១០០​ក្រាម សម្រាប់​ផលិតផល​លេខ​១ (​ចាប់ពី​ទារក ដល់​អាយុ ៦​ខែ​) និង​យ៉ាងតិច ៤.៧២ មី​លី​ក្រាម /១០០ ក្រាម សម្រាប់​ផលិតផល​លេខ​២ (​ចាប់ពី​អាយុ ៦​ខែ ដល់​អាយុ ១២​ខែ​)​។

​ក្នុង​គោលបំណង​ទប់ស្កាត់​ផលប៉ះពាល់​ដល់​សុខភាព​ទារក និង​កុមារ​កម្ពុជា ពី​ការ​បំបៅកូន​ដោយ​ម្សៅ​ទឹក ដោះ​គោ​ម៉ាក Nutrilatt លេខ​កូដ​ដូចខាងលើ ក្រសួងពាណិជ្ជកម្ម មាន​វិធានការ ដូចខាងក្រោម​៖

១- តម្រូវឱ្យ​ក្រុមហ៊ុន Nutrilatt Master LM Co., Ltd. :
– បញ្ឈប់​ជាបន្ទាន់​ការនាំ​ចូល និង​ចែកចាយ​នូវ​ផលិតផល​ម្សៅ​ទឹកដោះគោ​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ (​ចាប់ពី​ទារក ដល់ ២៤​ខែ​) ម៉ាក Nutrilatt រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។​

– ប្រមូល​ត្រឡប់មកវិញ​នូវ​ផលិតផល​ម្សៅ​ទឹកដោះគោ​ម៉ាក Nutrilatt B/N 487, 488, 536, 537, 538 និង 539 ពី​ទីផ្សារ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រគល់ជូន​អគ្គនាយកដ្ឋាន ក​.​ប​.​ប ដើម្បី​បន្ត​នីតិវិធី​។​

– សហការ​ជាមួយ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ដើម្បី​បញ្ជាក់​អំពី​គុណភាព និង​លក្ខខណ្ឌ​តម្រូវ​នានា​ចំពោះ ផលិតផល​ម្សៅ​ទឹកដោះគោ​ម៉ាក Nutrilatt ដែលមាន​លេខ​កូដ​ផ្សេងទៀត (​ក្រៅពី B/N 487, 488, 536,537, 538 និង 539) ក្នុង​រយៈពេល ៣​ខែ​។

២- តម្រូវឱ្យ​ម្ចាស់​ផ្សារ​ទំនើប ឱសថស្ថាន និង​ហាង​លក់ទំនិញ​នានា​ទូទាំងប្រទេស ផ្អាក​ជាបន្ទាន់​ការដាក់​តាំង​លក់ នូវ​ផលិតផល​ម្សៅ​ទឹកដោះគោ​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ ម៉ាក Nutrilatt ទាំងអស់ និង​ត្រូវ​ប្រគល់ជូន អគ្គនាយកដ្ឋាន ក​.​ប​.​ប​. នូវ​ផលិតផល​ម្សៅ​ទឹកដោះគោ​ម៉ាក Nutrilatt B/N 487, 488, 536, 537, 538, 539​។​

៣- តម្រូវឱ្យ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ចុះ​ត្រួតពិនិត្យ​នៅតាម​បណ្តា​ផ្សារ​ទំនើប ឱសថស្ថាន និង​ហាង​លក់ទំនិញ នានា ដើម្បី​ដកហូត​ផលិតផល​ម្សៅ​ទឹកដោះគោ​ម៉ាក Nutrilatt មាន​លេខ​កូដ​ខាងលើ ក្នុងករណី​ដែល​រកឃើញ ផលិតផល​ទាំងនោះ​នៅតែ​បន្ត​ចរាចរ​នៅលើ​ទីផ្សារ ។​

​ក្រសួងពាណិជ្ជកម្ម សូម​អំពាវនាវ​ដល់​មាតា បិតា និង​អាណាព្យាបាល បញ្ឈប់​ជាបន្ទាន់​នូវ​ការ​បំបៅកូន​ដោយ​ម្សៅ​ទឹកដោះគោ​ម៉ាក Nutrilatt B/N 487, 488, 536, 537, 538 និង 539 និង​អញ្ជើញ​មក​ដាក់ពាក្យ​បណ្តឹង​ដោយ ភ្ជាប់​មកជា​មួយ​នូវ​ឯកសារ​ពាក់ព័ន្ធ​នានា នៅ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​, មាន​អាសយដ្ឋាន ផ្លូវ​លេខ​១៨ ភូមិ​ក្តី​តា​កុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ទូរ​សព្ទ​លេខ (+៨៥៥) ៩២ ៨៣០ ៨៥៦ ឬ​តាមរយៈ​បណ្តាញ សង្គម (https://www.facebook.com/camcontrolkh/) ប្រសិនបើ​សង្ស័យថា ទារក​របស់ខ្លួន​ទទួលរង​ផលប៉ះពាល់ ពី​ការប្រើប្រាស់​ផលិតផល​ម្សៅ​ទឹកដោះគោ​ម៉ាក Nutrilatt ដែលមាន​លេខ​កូដ​ខាងលើ ឬ​លេខ​កូដ​ផ្សេងៗ​ទៀត​។​

​ក្រសួងពាណិជ្ជកម្ម សូម​ស្នើសុំ​ការចូល​រួមសហការ ពី​មាតា បិតា អាណាព្យាបាល ម្ចាស់​ក្រុមហ៊ុន ផ្សារ​ទំនើប ឱសថស្ថាន ហាង​លក់ទំនិញ​នានា និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បីឱ្យ​ការអនុវត្ត​វិធានការ​ខាងលើ​មាន ប្រសិទ្ធភាព សំដៅ​ទប់ស្កាត់​ផលប៉ះពាល់​ដល់​សុខភាព​ទារក និង​កុមារ​កម្ពុជា និង​ហានិភ័យ​នានា ដែល​កើតឡើង​ពី ការប្រើប្រាស់​ផលិតផល​ម្សៅ​ទឹកដោះគោ​ប្រភេទ​នេះ សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ (​ចាប់ពី​ទារក ដល់ ២៤​ខែ​)​។
​ក្រសួងពាណិជ្ជកម្ម កំពុង​បន្ត​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​លើ​ផលិតផល​ទឹកដោះគោ​
​ម្សៅ​ផ្សំ​តាម​រូបមន្ត​ដែលមាន​បញ្ហា ដើម្បី​ចូលរួម​លើកកម្ពស់​បំផុសស្មារតី​ដល់​មាតា បិតា និង​អាណាព្យាបាល​គ្រប់រូប លើ​ការអនុវត្ត​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ ស្របតាម​សារលិខិត សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្លែង​ក្នុង​ទិវា​ជាតិ​អាហារូបត្ថម្ភ​លើក​ទី​៦ កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ “​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ គឺជា​ជម្រើស​ដ៏​ប្រសើរ​សម្រាប់​អភិវឌ្ឍ​មូលធន​មនុស្ស និង​សេដ្ឋកិច្ចជាតិ​”៕​ដោយ​៖​កូ​ឡាប​


spot_img
×