Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​​ ហេង សំរិន បានទទួល​ជួប​សន្ទនា​តាម​ទូរស័ព្ទ ជាមួយ​ប្រធានព្រឹទ្ធសភា​ប៉ា​គី​ស្ថាន ហើយ​សន្យាថា​នឹង​ខិតខំ​ពង្រឹងពង្រីក​ទំនាក់ទំនង​ការទូត​សភា​ប្រទេស​ទាំងពីរ ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​

spot_img

​ភ្នំពេញ ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួល​ជួបពិភាក្សា​ការងារ តាម​ទូរស័ព្ទ ជាមួយ ឯកឧត្តម មូ​ហា​ម៉ាត់ សា​ឌី​ក សាន់​ច្រា​នី (Mr. Muhammad Sadiq Sanjrani) ប្រធានព្រឹទ្ធសភា​ប៉ា​គី​ស្ថាន នៅ​ព្រឹក​ថ្ងៃទី​៣ ខែកញ្ញា​ឆ្នាំ​២០២០​។​

​ប្រធាន​ស្ថាប័ន​សភា​ប្រទេស​ទាំងពីរ បានលើកឡើង​ពី​កិច្ចសហប្រតិបត្តិការ ដ៏​ល្អ​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ប្រទេស​ទាំងពីរ នាពេល​កន្លង និង​បាន​សន្យាថា​នឹង​ខិតខំ​ពង្រឹងពង្រីក​ទំនាក់ទំនង​ការទូត​សភា​ប្រទេស​ទាំងពីរ ឲ្យ​កាន់តែ​រឹងមាំ​ថែម ទាំង​ទ្វេភាគី និង​ពហុភាគី ដូចជា​ក្នុង​ក្របខណ្ឌ សហភាព​អន្តរ​សភា (IPU) សភា​តំបន់​អាស៊ី (APA) និង វេទិកាសភា​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក (APPF) ជាដើម​នោះ​។​

​ឯកឧត្តម មូ​ហា​ម៉ាត់ សា​ឌី​ក សាន់​ច្រា​នី បាន​កោតសរសើរ​ចំពោះ​សម្តេច​ប្រធាន ដែលមាន​បទពិសោធន៍​ច្រើន​ក្នុង​ភាពជា​អ្នកដឹកនាំ ស្ថាប័ន​នីតិប្បញ្ញត្តិ ដែល​បានធ្វើឱ្យ​ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍ​ន៍​ជឿនលឿន និង​ជាពិសេស​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​សភា នៃ​ប្រទេស​ទាំងពីរ​។​

​ឯកឧត្តម​បាន​ស្នើសុំ​រដ្ឋសភា​កម្ពុជា គាំទ្រ​បេក្ខភាព​សភា​ប៉ា​គី​ស្ថាន ជា​ប្រធាន IPU ក្នុង​អាណត្តិ ២០២០-២០២៣ និង​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច របស់​រដ្ឋសភា​ប្រទេស​ទាំងពីរ​នៅ​គ្រប់​កម្រិត​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​គាំទ្រ​ចំពោះ​ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម​ប្រធានព្រឹទ្ធសភា​។ សម្តេច នឹង​ជំរុញ​ក្រុម​សភាជាតិ​កម្ពុជា IPU ពិចារណា និង​គាំទ្រ​ចំពោះ​សំណើ​របស់​សភា​ប៉ា​គី​ស្ថាន​នេះ​។​

​ជាមួយគ្នានេះ សម្តេច​ប្រធានរដ្ឋសភា បាន​បញ្ជាក់ថា រដ្ឋសភា​កម្ពុជា បាន​គាំទ្រ​សភា​ប៉ា​គី​ស្ថាន ជា​សមាជិក​សង្កេតការណ៍​របស់​អន្តរ​សភា​អាស៊ាន (AIPA) ដែល​រដ្ឋសភា​វៀតណាម ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ដើមខែ​កញ្ញា ខាងមុខនេះ ផងដែរ​៕

ដោយ៖កូឡាប


spot_img
×