Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មន្ត្រី​សាខា​ក​.​ប​.​ប​. រកឃើញ​ផលិតផល​ទឹកដោះគោ​មួយចំនួន នៅ​ផ្សារ​ថ្នល់ទទឹង តាំង​លក់​ពុំបាន​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ និង​បញ្ឈប់​ការដាក់​តាំង​លក់​ជា​បណ្តោះអាសន្ន

spot_img

​ត្បូងឃ្មុំ ៖ មន្ត្រី​សាខា ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) ខេត្ត​ត្បូងឃ្មុំ បាន​បន្ត​ចុះ​ត្រួតពិនិត្យ​គុណភាព​ផលិតផល និង​ផ្សព្វផ្សាយ​អនុក្រឹត្យ​លេខ ១៣៣ ស្តីអំពី​ផលិតផល​ចិញ្ចឹម​ទារក និង​កុមារ នៅ​ផ្សារ​ថ្នល់ទទឹង ស្ថិត​ក្នុងស្រុក​ត្បូងឃ្មុំ ដោយបាន​រកឃើញ​ផលិតផល​ទឹកដោះគោ​មួយចំនួន ពុំបាន​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​អំពី​ខ្លឹមសារ​នៃ​ស្លាក​សញ្ញា​ចំពោះ​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក ហើយ​ធ្វើ​កំណត់ហេតុ បញ្ឈប់​ការដាក់​តាំង​លក់​ជា​បណ្តោះអាសន្ន ។​

​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ CCF បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែកញ្ញា ឆ្នាំ​២០២០ នេះ មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្ត​ត្បូងឃ្មុំ ដោយ​ទទួលបាន​ការសហការ​ពី​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​គណៈកម្មការ​ផ្សារ បាន​បន្ត​ចុះ​ត្រួតពិនិត្យ​គុណភាព​ផលិតផល និង​ស្លាក​សញ្ញា​ជា​អក្សរ​ខ្មែរ លើ​ផលិតផល​ម្សៅ​ទឹកដោះគោ នៅ​ផ្សារ​ថ្នល់ទទឹង ស្ថិត​ក្នុងស្រុក​ត្បូងឃ្មុំ​។ គោលដៅ​សំខាន់​នៃ​ការត្រួតពិនិត្យ គឺ​ដើម្បី​ស្រាវជ្រាវ​ទប់ស្កាត់​ការ​ចរាចរណ៍​ទំនិញ​ខូចគុណភាព ក្លែងបន្លំ​ស្លាក​សញ្ញា ផុតកំណត់​កាលបរិច្ឆេទ​ប្រើប្រាស់ និង​មាន​សារធាតុ​គីមី​ហាមឃាត់ ។​

​ក្នុង​សកម្មភាព​នេះ មន្ត្រី​ជំនាញ​បានធ្វើការ​ត្រួតពិនិត្យ​ភាព​គុណភាព និង​ស្លាក​សញ្ញា​ជា​អក្សរ​ខ្មែរ លើ​ផលិតផល​ម្សៅ​ទឹកដោះគោ ស្របតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម លេខ ២៣៨៣ ពណ​. អ​.​កប​ប ចុះ​ថ្ងៃ ២៨ កក្កដា ២០២០ ពាក់ព័ន្ធ​នឹង​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក និង កុមារ ជាពិសេស មន្ត្រី​សាខា ក​.​ប​.​ប​. បាន​ផ្សព្វផ្សាយ​អនុក្រឹត្យ​លេខ ១៣៣ ស្តីអំពី​ផលិតផល​ចិញ្ចឹម​ទារក និង​កុមារ លើ​សម្បក​វេច​ខ្ចប់​ម្សៅ​ទឹកដោះគោ​ផងដែរ​។​

​ជា​លទ្ធផល​មន្ត្រី​ជំនាញ បាន​រកឃើញ​ផលិតផល​ទឹកដោះគោ​មួយចំនួន ពុំបាន​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ អំពី​ខ្លឹមសារ​នៃ​ស្លាក​សញ្ញា​ចំពោះ​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ​ដែល​ចែង​ក្នុង​អនុក្រឹត្យ​លេខ​១៣៣ ត្រង់ចំណុច​មួយចំនួន ដូចខាងក្រោម​៖ គ្មាន​ស្លាក​សញ្ញា​ជា​អក្សរ​ខ្មែរ ។ ពុំមាន​ឃ្លា គ្មានអ្វី​ប្រសើរ​ជាង​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​តែមួយ​មុខ​គត់​រហូតដល់​៦​ខែ ហើយ​បន្ត​ការ​បំបៅ​ទឹកដោះ​ម្តាយ​រហូតដល់​២​ឆ្នាំ ឬ​លើស​។ ពុំមាន​បង្ហាញ​ពី​ផលប៉ះពាល់​គ្រោះថ្នាក់ ចំពោះ​ការប្រើប្រាស់​ផលិតផល​មុន​អាយុ​។ ពុំមាន​ឃ្លា​បញ្ជាក់ មុននឹង​ប្រើប្រាស់​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​មន្ត្រី​សុខាភិបាល​។

​ទន្ទឹម​នោះ មន្ត្រី​សាខា​បានធ្វើ​កំណត់ហេតុ បញ្ឈប់​ការដាក់​តាំង​លក់​ជា​បណ្តោះអាសន្ន ទៅតាម​នីតិវិធី​៕ ដោយ​៖​កូ​ឡាប

spot_img
×