Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដម​រដ្ឋមន្ត្រី កើត រិ​ទ្ធ ណែនាំ​ឲ្យ​ថ្នាក់ដឹកនាំ សាលាឧទ្ធរណ៍​ព្រះសីហនុ​ខិតខំ​ដោះស្រាយ​សំណុំរឿង​ឱ្យបាន​លឿន ត្រឹមត្រូវ យុត្តិធម៌ ប្រកបដោយ​ឆន្ទៈ​

spot_img

​ព្រះសីហនុ​ ៖ ឯកឧត្ដម​រដ្ឋមន្ត្រី កើត រិ​ទ្ធ បានផ្តល់​ការណែនាំ និង​ផ្តាំផ្ញើ​ដល់​ប្រធាន​សាលាឧទ្ធរណ៍​ព្រះសីហនុ អគ្គព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ព្រះសីហនុ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​បាល​សាលាឧទ្ធរណ៍​ព្រះសីហនុ ព្រមទាំង​ចៅក្រម អគ្គ​ព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និង​មន្ត្រីរាជការ​ទាំង​អស់នៃ​សាលាឧទ្ធរណ៍​ព្រះសីហនុ និង​មហាអយ្យការ​អម​សាលា ឧទ្ធរណ៍​ព្រះសីហនុ ក៏ដូចជា​នៅតាម​សាលាជម្រះក្តី​ផ្សេងទៀត​នៅ​ទូទាំងប្រទេស ត្រូវខិតខំ​យកចិត្តទុកដាក់​ពិនិត្យ និង​ដោះស្រាយ​សំណុំ រឿង​ឱ្យបាន​លឿន ត្រឹមត្រូវ យុត្តិធម៌ ប្រកបដោយ​ឆន្ទៈ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ចៀសវាង​កុំឱ្យ​មានការ​បញ្ហា​កកស្ទះ​សំណុំរឿង​ដែល​សិ្ថ​ត​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។​

​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ១​រោច ខែភទ្របទ ឆ្នាំជូត ទោស័ក​ពុទ្ធសករាជ ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្ដម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ដាក់ឱ្យ​ដំណើរការ​សាលាឧទ្ធរណ៍​ព្រះសីហនុ និង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​ប្រធាន​សាលាឧទ្ធរណ៍​ព្រះសីហនុ អគ្គព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ព្រះសីហនុ និង​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​បាល​សាលាឧទ្ធរណ៍​ព្រះសីហនុ​។​

ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម រដ្ឋលេខាធិការ​ប្រចាំការ និង​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​នៃ​ក្រសួងយុត្តិធម៌ ឯកឧត្ដម ជាម ហ៉ី​ម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ ឯកឧត្ដម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ឯកឧត្ដម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្តកំពត លោក​អភិបាលរង​តំណាង ឯកឧត្តម លោកជំទាវ អភិបាល​នៃ​គណៈ​អភិបាលខេត្ត កោះកុង និង ខេត្ត​កែប រួម​ជាមួយនឹង​ចៅក្រម ព្រះរាជអាជ្ញា មន្ត្រី​តុលាការ មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ សរុប​ចំនួន​ប្រមាណ ២០០​នាក់​។​

​នៅក្នុង​ឱកាស​នោះ​ឯកឧត្ដម គួច ចំរើន បាន​មានប្រសាសន៍ ដោយ​បង្ហាញ​ការជឿជាក់​លើ​ឯកឧត្តម សុខ កល្យាណ ប្រធាន​សាលាឧទ្ធរណ៍​ព្រះសីហនុ ឯកឧត្តម សរ យស​ថាវរៈ អគ្គព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ព្រះសីហនុ និង ឯកឧត្តម លឹម ស៊ី​ណាត អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​បាល​សាលាឧទ្ធរណ៍​ព្រះសីហនុ ក្នុង​ការដឹកនាំ​សាលាឧទ្ធរណ៍​ព្រះសីហនុ ដោយ​តម្កល់​ផលប្រយោជន៍​អង្គភាព​ជាធំ សំដៅ​ធ្វើឱ្យ​ប្រព័ន្ធតុលាការ និង​ប្រព័ន្ធយុត្តិធម៌​ក្នុង​សមត្ថកិច្ច​ដែនដី​របស់ ខ្លួន​ធានាបាន​នូវ​ការកាត់ក្ដី​ប្រកបដោយ​ភាពត្រឹមត្រូវ និង​យុត្តិធម៌​ក៏ ដូចជា​លើកកម្ពស់​សេវា​យុត្តិធម៌​ឱ្យមាន​ភាពងាយស្រួល ឆាប់រហ័ស និង​ស្អាតស្អំ ដើម្បី​ពង្រឹង​ជំនឿ​ទុកចិត្ត​ពី​សាធារណជន​ចំពោះ​វិស័យ យុត្តិធម៌ ដោយ​ខិតខំ​យក​អស់​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី អនុវត្តតាម​តួនាទី ភារកិច្ច​របស់ខ្លួន ស្របតាម​រដ្ឋធម្មនុញ្ញ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ ប្រកបដោយ​មនសិកា​វិជ្ជាជីវៈ មានការ​ទទួលខុសត្រូវ​ខ្ពស់ មាន​តម្លាភាព គណនេយ្យភាព រួបរួម សាមគ្គី​ភាពជា​ធ្លុង​មួយ​ដើម្បី​សម្រេចបាន​ស្នាដៃ​ធំៗ​បន្ថែមទៀត ក្នុងនោះ​ក៏ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ភាពម៉ឺងម៉ាត់​របស់ខ្លួន ក្នុងការ​អនុវត្ត​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ផ្តល់​ការកាត់ក្ដី​មួយ​ប្រកបដោយ​អ​នាគ​តិ ក្នុង​ការធានា​ឱ្យបាន​នូវ​ភាពយុត្តិធម៌​ត្រឹមត្រូវ ជូន​ប្រជាពលរដ្ឋ ។ ការប្រកាន់​ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់ខ្លួន គឺជា​ការរួមចំណែក​ដ៏​សំខាន់​ក្នុងការ​លើកកម្ពស់​កិត្តិយស សេចក្ដីថ្លៃថ្នូរ និង​កិត្យានុភាព របស់​អង្គភាព​ហើយក៏​ជា​កត្តា​រួមចំណែក​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន ក្នុងការ​ពង្រឹង​ជំនឿ​ទុកចិត្ត​ពី​សាធារណជន​ចំពោះ​វិស័យ​យុត្តិធម៌​ផងដែរ ។ ជាពិសេស​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​អភិ ក្រម​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះ កាត់​” និង​បាវចនា​ពីរ​គឺ ទម្រង់​ខាងក្នុង និង បង្កើត​មិត្ត​ខាងក្រៅ​។ ដោយ​ស្មារតី​ឯករាជ្យ ដើម្បី​ធ្វើជា​គោលការណ៍​ក្នុងការ​អនុវត្ត​មុខងារ និង​ភារកិច្ច​របស់ខ្លួន ក៏ដូចជា​ក្នុងការ​ដឹកនាំ​អង្គភាព​សាលាជម្រះក្តី​។​

​ថ្លែង​ក្នុង​ពិធី​នេះ ឯកឧត្ដម កើត រិ​ទ្ធ បាន​សំដែង​នូវ​ការអបអរសាទរ​ចំពោះ​ការប្រកាស​ដាក់ឱ្យ​ដំណើការ​សាលាឧទ្ធរណ៍​ព្រះសីហនុ និង​ការ​ចូលកាន់​មុខតំណែង​ជា​ផ្លូវការ​របស់​ថ្នាក់ដឹកនាំ​សាលា ឧទ្ធរណ៍​ព្រះសីហនុ ដោយបាន​បញ្ជាក់ថា «​សាលាឧទ្ធរណ៍​ព្រះសីហនុ ក៏ដូចជា​សាលាឧទ្ធរណ៍​តំបន់​ពីរ​ផ្សេងទៀត គឺ​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ និង​សាលាឧទ្ធរណ៍​បាត់ដំបង ត្រូវបាន​បង្កើត​និង​ដាក់ឱ្យ​ដំណើរការ​ជា​ប្រវត្តិសាស្ត្រ​នៅក្នុង​ប្រព័ន្ធយុត្តិធម៌​កម្ពុជា ស្របតាម​ទិសដៅ​នៃ​កម្មវិធី​កំណែទម្រង់​ច្បាប់ និង​វិស័យ​យុត្តិធម៌ ដើម្បី​បង្ខិត​សេវា​យុត្តិធម៌​ឱ្យ​កាន់តែ​ខិតជិត​ប្រជាពលរដ្ឋ ក៏ដូចជា​ជួយ​កាត់បន្ថយ​ការកកស្ទះ​សំណុំរឿង ដែល​ត្រូវ​ប្រមូលផ្តុំ​នៅ​សាលាឧទ្ធរណ៍​ភ្នំពេញ​តែមួយ​ហើយ​ការបង្កើត​សាលាឧទ្ធរណ៍​ព្រះសីហនុ នឹង​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ដែនដី​ខេត្ត​ព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និង​ខេត្ត​កែប ដោយ​អាចជួយ​កាត់បន្ថយ​ការចំណាយ​ពេលវេលា និង​ថវិកា​ក្នុងការ​ធ្វើដំណើរ​ពី​បណ្តា​ខេត្ត​ជាប់មាត់​សមុទ្រ​ទាំង​៤ ខាងលើ​មកកាន់​រាជធានី​ភ្នំពេញ​»​។

​ទន្ទឹមនឹង​ការលើកកម្ពស់​​ការផ្តល់សេវា​យុត្តិធម៌​ឱ្យមាន​ភាពងាយស្រួល ឆាប់រហ័ស និង​កាន់តែ​ខិតជិត​ប្រជាពលរដ្ឋ ជា​ទិសដៅ​បន្ត ក្រសួងយុត្តិធម៌ ក្នុងនាម​ជា​សេនាធិការ​ឱ្យ​រាជរដ្ឋាភិបាល​នឹង​បន្ត​ខិតខំ​អនុវត្ត​កម្មវិធី​កំណែទម្រង់​ច្បាប់ និង​វិស័យ​យុត្តិធម៌ ស្របតាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៦​នៃ​រដ្ឋសភា សំដៅ​លើកកម្ពស់​គុណភាព​នៃ​ការកាត់ក្តី​ឱ្យបាន​ត្រឹមត្រូវ និង​យុ​តិ្ត​ធម៌ និង​ស្អាតស្អំ ក្នុង​គោលបំណង ដើម្បី​បង្កើន​ជំនឿ​ទុកចិត្ត​ពី​សាធារណជន​មកលើ​ប្រព័ន្ធយុត្តិធម៌​កម្ពុជា លើកកម្ពស់​សេចក្តីថ្លៃថ្នូ​រ និង​កេរ្តិ៍ឈ្មោះ​របស់​ចៅក្រម ព្រះរាជអាជ្ញា និង​មន្ត្រី​តុលាការ​ទាំងអស់​។​

​ឆ្លៀត​ក្នុងឱកាស​នេះ ឯកឧត្ដម​រដ្ឋមន្ត្រី បានផ្តល់​ការណែនាំ និង​ផ្តាំផ្ញើ​ដល់​ប្រធាន​សាលាឧទ្ធរណ៍​ព្រះសីហនុ អគ្គព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ព្រះសីហនុ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​បាល​សាលាឧទ្ធរណ៍​ព្រះសីហនុ ព្រមទាំង​ចៅក្រម អគ្គ​ព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និង​មន្ត្រីរាជការ​ទាំង​អស់នៃ​សាលាឧទ្ធរណ៍​ព្រះសីហនុ និង​មហាអយ្យការ​អម​សាលា ឧទ្ធរណ៍​ព្រះសីហនុ ក៏ដូចជា​នៅតាម​សាលាជម្រះក្តី​ផ្សេងទៀត​នៅ​ទូទាំងប្រទេស ត្រូវខិតខំ​យកចិត្តទុកដាក់​ពិនិត្យ និង​ដោះស្រាយ​សំណុំ រឿង​ឱ្យបាន​លឿន ត្រឹមត្រូវ យុត្តិធម៌ ប្រកបដោយ​ឆន្ទៈ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ចៀសវាង​កុំឱ្យ​មានការ​បញ្ហា​កកស្ទះ​សំណុំរឿង​ដែល​សិ្ថ​ត​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ស្របទៅតាម​គោលដៅ ដែល​ក្រសួង​យុ​តិ្ត​ធម៌​បាននិងកំពុង​អនុវត្ត​យ៉ាងសកម្ម នូវ​យុទ្ធនា​ការដោះស្រាយ​ការកកស្ទះ​សំណុំរឿង នៅតាម​សាលាដំបូង​រាជធានី​-​ខេត្ត​៕ ដោយ​៖​កូ​ឡាប​

spot_img
×