Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានចាត់ទុក​ការស្រាវជ្រាវ និង​ចងក្រង​ឯកសារ​របាំ​ព្រះរាជ​ទ្រព្យ​ឬ​របាំ​ក្បាច់បុរាណ គឺជា​ការអភិរក្ស​កេរ្តិ៍ដំណែល​សិល្បៈ​ដ៏​ពិសិដ្ឋ​ដែល​ដូនតា​ខ្មែរ​យើង​បាន​បន្សល់​ទុកឱ្យ​កូនចៅ​គ្រប់​ជំនាន់ និង​មនុស្សជាតិ​

spot_img

​ភ្នំពេញ​៖ នៅក្នុង​ឱកាស​អញ្ជើញ​ចុះសួរសុខទុក្ខ និង​លើកទឹកចិត្ត​ដល់​ក្រុម​ស្រាវជ្រាវ​និង​ចងក្រង​របាំ​ព្រះរាជ​ទ្រព្យ ឬ​របាំ​ក្បាច់បុរាណ​ខ្មែរ កាលពី ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២០ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា​៖ ការ​ចងក្រង​ឯកសារ​របាំ​ព្រះរាជ​ទ្រព្យ ឬ​របាំ​ក្បាច់បុរាណ​ខ្មែរ គឺជា​ការអភិរក្ស និង​រួមគ្នា​ថែរក្សា​កេរ្តិ៍ដំណែល​ដ៏​ពិសិដ្ឋ​របស់​ដូនតា​ខ្មែរ​យើង​បាន​បន្សល់​ទុកឱ្យ​កូនចៅ​ជំនាន់​ក្រោយ និង​មនុស្សជាតិ​ទាំងអស់ តាំងតែ​ពី​សម័យ​បុព្វកាល​រហូតមកដល់​ប​ច្ចុ​ប្បន្ន និង​គ្រប់​ជំនាន់ ។​

លោកជំទាវ​បន្តថា ស្នាដៃ​សិល្បៈ​ដ៏​ពិសិដ្ឋ​មួយ​នេះ បានបញ្ជាក់​យ៉ាង​ជាក់ច្បាស់ នូវ​ការច្នៃប្រឌិត និង​វិចិត្រកម្ម​ដ៏​ខ្ពង់ខ្ពស់​អស្ចារ្យ​ប្រកបដោយ​ការ​ប៉ិនប្រសព្វ ភាព​វៃឆ្លាត ការតស៊ូ​ប្រឹងប្រែង ភាពរុងរឿង​ជឿនលឿន និង​សេចក្តីថ្លៃថ្នូរ របស់​ពូជសាសន៍​ខ្មែរ​។​

​ពិធី​សំណេះសំណាល​នេះ បាន​ធ្វើឡើង​នៅក្នុង​បរិវេណ​សាលា​រចនា ដោយមាន​ការចូលរួម​ពី​សិល្បករ សិល្បការិនី បី​ជំនាន់ និង​អ្នកជំនាន់ក្រោយ​ប្រមាណ​១៥០​នាក់ ។ ជាមួយគ្នានេះ​ក៏មាន​ការសម្តែង​របាំ​ព្រះរាជ​ទ្រព្យ និង​មានការ​បង្ហាញ​ក្បាច់​ក្បួន​ដែល​ក្រុម​ស្រាវជ្រាវ​បាន​សរសេរ​ចងក្រង​ឯកសារ​ជា​សំណេរ​ទុក​សម្រាប់​បច្ចុប្បន្ន និង​អ្នកជំនាន់ក្រោយ​យកទៅ​សិក្សា​ដូចជា​៖

១.​ក្បាច់​ពត់​ដៃ ពត់​ជើង​របស់​តួ​នាង តួ​នាយ​រោង តួយក្ស និង​តួ​ស្វា

២.​ក្បាច់​បាត​ខ្លី​របស់​តួ​នាង តួ​នាយ​រោង តួយក្ស និង​ស្វា

៣.​ចងក្រង​ក្រាំង​ភ្លេង និង​ចម្រៀង​របាំ​ព្រះរាជ​ទ្រព្យ ។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជា​និច្ចកាល សម្តេច​ទាំងពីរ​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​លើកស្ទួយ​វិស័យ​វប្បធម៌ ដោយបាន​កំណត់​យក​ថ្ងៃទី​៣ ខែមីនា ជា​រៀងរាល់ឆ្នាំ ជា​ថ្ងៃ​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ និង​សំណេះសំណាល​ជាមួយ​សិល្បករ ក៏ដូចជា​លោកគ្រូ អ្នក​គ្រួ​នៃ​វ​ស័​យ​សិល្បៈ ក្នុងន័យ ជួយ​ផ្សព្វផ្សាយ ជួយ​ការការពារ អភិរក្ស និង​អភិវឌ្ឍ​បេតិកភណ្ឌ​វប្បធម៌​ជាតិ ប្រកបដោយ​ចីរភាព ដោយ​ឈរលើ​គោលការណ៍ «​អភិរក្ស​ដើម្បី​អភិវឌ្ឍ និង​អភិវឌ្ឍ​លើ​មូលដ្ឋាន​អភិរក្ស​» សំដៅ​ទាញយក​ប្រយោជន៍​សមស្រប​សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ និង​ផ្ទេរមរតក​ដ៏​មានតម្លៃ​នេះ​ដល់​យុវជន​ជំនាន់​ក្រោយៗ​ទៀត ។​

​ទន្ទឹមនឹងនេះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន​រំលឹកថា នៅក្នុង​ទិវា​វប្បធម៌​ជាតិ ៣ មីនា លើក​ទី ២២ សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា របាំ​ព្រះរាជ​ទ្រព្យ​ជា​មរតក​ដូនតា​មិនត្រូវ​ទុក​ឲ្យ​អាប់ឱន​នោះទេ ។ តាមរយៈ​នេះ លោកជំទាវ ម៉ែន សំអន បាន​កោតសរសើរ​ក្រុម​ស្រាវជ្រាវ និង​ចងក្រង ជា​សំណេរ​អំពី​របាំ​ព្រះរាជ​ទ្រព្យ​ដែល​ដឹកនាំ​ដោយ​លោកជំទាវ​បណ្ឌិតសភា​ចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែល​បានធ្វើ​ឲ្យ​ការងារ​មួយ​នេះ​ក្លាយជា​ការងារ​ងារ​អាទិ​ភាព ក្នុង​នយោបាយ​អភិរក្ស និង​អភិវឌ្ឍន៍​វប្បធម៌​ជាតិ ។​

​ជាមួយគ្នានេះ លោកជំទាវ ម៉ែន សំអន បាន​បញ្ជាក់ថា អ្វីៗ​អាចធ្វើ​ទៅបាន​នាពេលនេះ គឺ​ដោយសារ​ប្រទេស​មាន​សុខសន្តិភាព ប្រជាជន​កម្ពុជា​កំពុង​រស់នៅ​យ៉ាង​សុ​ខុ​ដុមរ​មនា​ក្រោម​ពន្លឺ​នៃ​សន្តិភាព ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើ​ឲ្យ​មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ។ ដូចដែល​យើង​ធ្លាប់បាន​ឆ្លងកាត់​អតីតកាល​ដ៏​ឈឺចាប់ និង​ខ្មៅ​ងងឹត ដែល​បណ្តាលមកពី​ភ្លើងសង្គ្រាម និង​អំពើ​ប្រល័យពូជសាសន៍ ក្នុង​របប ប៉ុល ពត ដែល​បានធ្វើ​ប្រទេសជាតិ​ត្រូវបាន​បំផ្លិចបំផ្លាញ​ខ្ទេចខ្ទីរ​ស្ទើរ​ទាំងស្រុង ក្នុងនោះ​វិស័យ​វប្បធម៌ និង​សិល្បៈ​ក៏​ត្រូវបាន​បំផ្លិចបំផ្លាញ​ផងដែរ​។ ប៉ុន្តែ​ដោយសារ​គុណបុណ្យ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​ទាំងបី​គឺ សម្តេច​ធម្ម​ពោធិ​សាល ជា ស៊ីម អតីត​ប្រធានព្រឹទ្ធសភា សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ព្រមទាំង​ឥស្សរជន​ផ្សេងទៀត​បាន​ក្រោកឈរឡើង​តស៊ូ និង​បូជា​នូវ​អ្វីៗ​គ្រប់បែប​ប​យ៉ាង ដើម្បី​រំដោះ​ប្រទេសជាតិ និង​សាសនា ឱ្យ​រួច​ផុតពី​របប​ខ្មៅ​ងងឹត​នេះ នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩​។ ក្រោយ​ថ្ងៃ​រំដោះ ៧​មករា ឆ្នាំ​១៩៧៩ អ្វីៗ​គ្រប់យ៉ាង​ត្រូវបាន​រស់​ឡើងវិញ សិល្បៈ វប្បធម៌ របាំ​ទាំង​សម័យ និង​បុរាណ​គ្រប់​ទម្រង់​ទាំងអស់​ក៏បាន​រស់រាន​ឡើងវិញ​ផងដែរ ។

​គួររំលឹកថា ៖ របាំ​ព្រះរាជ​ទ្រព្យ ឬ​របាំ​ក្បាច់បុរាណ​ខ្មែរ​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បេតិកភណ្ឌ អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ​នៅ​ឆ្នាំ​២០០៣ តាមរយៈ​គុណ​តម្លៃ​យ៉ាង​ខ្ពង់ខ្ពស់​លើ​ផ្នែក​ឆ្នៃប្រឌិត​ដ៏​ល្អ​ឯក និង​នៅលើ​ផ្នែក​អប់រំ (​ទាំង​ផ្លូវចិត្ត​និង​ផ្លូវកាយ​ផងដែរ​)​។ ទម្រង់​របាំ​ព្រះរាជ​ទ្រព្យ ឬ​របាំ​ក្បាច់បុរាណ​ខ្មែរ​មាន​ចែកជា​ពីរ​ផ្នែក​ធំៗ​គឺ របាំ (​ដូចជា​របាំ​អប្សរា ទេព​មនោ​រម្យ​) និង​របាំ​រឿង (​របាំ​ព្រះថោង នាងនាគ​)​។ នៅក្នុង​នោះ​មាន​តួរ​សំខាន់ៗ ចំនួន ៤ ដែល​រួមមាន​៖ តួ​នាង (​តួ​ស្រី​) តួ​នាយ​រោង (​តួ​ប្រុស​) តួយក្ស និង​តួអង្គ​ស្វា (​តួ​សត្វ​)​។ ទម្រង់​នេះ​សម្ដែង​ដោយ​សិល្បៈការិនី​ទាំងអស់​លើកលែងតែ​តួ​ស្វា​៕ ដោយ​៖​កូ​ឡាប​

spot_img
×