Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈរដ្ឋមន្ត្រី អនុម័ត​ទាំងស្រុង លើ​សេចក្តីព្រាងច្បាប់​ស្តី​មូល​ប​ត្រ​រដ្ឋ​

spot_img

​ភ្នំពេញ ៖ លោក ផៃ ស៊ី​ផាន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានឱ្យដឹងថា ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​អនុម័ត និង​កែសម្រួល​ពាក្យពេចន៍​មួយចំនួន​លើ “​សេចក្តីព្រាងច្បាប់​ស្តីពី​មូល​ប​ត្រ​រដ្ឋ​”​។

«​សេចក្តីព្រាងច្បាប់​ស្តីពី​មូល​ប​ត្រ​រដ្ឋ​» ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​អនុម័ត​ទាំងស្រុង​ហើយ នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៤ ខែកញ្ញា ឆ្នាំ​២០២០​នេះ​។​

​លោក ផៃ ស៊ី​ផាន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានឱ្យដឹងថា «​សេចក្តីព្រាងច្បាប់​ស្តីពី​មូល​ប​ត្រ​រដ្ឋ​» នេះ ត្រូវបាន​អនុម័ត ដោយ​កែសម្រួល​ពាក្យពេចន៍​មួយចំនួន​។​

​លោក ផៃ ស៊ី​ផាន បាន​គូសបញ្ជាក់ថា កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចាប់ផ្តើម​ពិភាក្សា​លើ “​សេចក្តីព្រាងច្បាប់​ស្តីពី​មូល​ប​ត្រ​រដ្ឋ​” ដែលមាន​ខ្លឹមសារ​សង្ខេប​ដូចខាងក្រោម​៖ មូល​ប​ត្រ​រដ្ឋ គឺជា​ឧបករណ៍​ហិរញ្ញវត្ថុ​សំខាន់​មួយ សម្រាប់​បម្រើឱ្យ​រាជរដ្ឋាភិបាល​ក្នុងការ​កៀរគរ​ហិរញ្ញប្បទាន ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ពី​វិស័យ​ឯកជន​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​។ នៅ​ឆ្នាំ​១៩៩៣ ដែលជា​ឆ្នាំ​ដំបូង​នៃ​ការចាប់ផ្តើម​ខ្ចី​ឥ​ទាន​សម្បទាន​ពី​ដៃគូ​អភិវឌ្ឍន៍​ក្រៅប្រទេស​មក ការគ្រប់គ្រង​បំណុល​សាធារណៈ​របស់​រាជរដ្ឋាភិបាល គឺមាន​ភាព​ប្រយ័ត្នប្រយែង​ច្បាស់លាស់ និង​ហ្មត់ចត់ ដោយ​ផ្អែកលើ​គោលការណ៍​គន្លឹះ មាន​ចំនួន​៤៖ – ខ្ចី​ឥណទាន​ក្នុង​ទំហំ​សមស្រប​ដែល​ស្ថានភាព​ថវិកា និង​សេដ្ឋកិច្ច​អាច​ទ្រាំទ្រ​បាន​ – ខ្ចី​តែ​ឥណទាន​ដែលមាន​កម្រិត​សម្បទាន ឬ​លក្ខខណ្ឌ​អនុគ្រោះ​ខ្ពស់ – ខ្ចី​សម្រាប់​វិស័យ​អាទិភាព​ទ្រទ្រង់​ចីរភាព​នៃ​កំណើនសេដ្ឋកិច្ច និង​វិស័យ​ផលិតភាព​សេដ្ឋកិច្ច​ឬ​ផលិតភាព​ផលិតកម្ម – ប្រើប្រាស់​ឥណទាន​ប្រកបដោយ​តម្លាភាព គណនេយ្យភាព ប្រសិទ្ធិភាព និង​ស័ក្តិសិទ្ធិ​ភាព​ខ្ពស់បំផុត​។

​លោក ផៃ ស៊ី​ផាន បាន​បញ្ជាក់ថា យុទ្ធសាស្ត្រ​ស្តីពី​ការគ្រប់គ្រង​បំណុល​សាធារណៈ​ឆ្នាំ​២០១៩-២០២៣ នៅតែ​បន្ត​អនុវត្ត​គោលការណ៍​គន្លឹះ​ទាំង​៤​ខាងលើ ហើយ​កម្ពុជា​មាននូវ​សមត្ថភាព​ខ្ចី​ខ្ពស់ជាង​មុន និង​មានឱកាស​ខ្ចី​បាន​ថោក ដោយមាន​នូវ​ដៃគូ​អភិវឌ្ឍន៍​ជាច្រើន​ត្រៀម​ផ្តល់​កិច្ចសហប្រតិបត្តិការ​។ ឈរលើ​កត្តា​អនុគ្រោះ​នៃ “​លទ្ធផល​ខ្ចី​ខ្ពស់​ជាមួយនឹង​អត្រា​ការប្រាក់​ថោក​” នេះ​ជាការ​បោះផ្សាយ​មូល​ប​ត្រ​រដ្ឋ​។​
​បរិការណ៍​បច្ចុប្បន្ន ដោយ​ពិនិត្យឃើញ​នូវ​បញ្ហា​ប្រឈម​ពី​កត្តា​ខាងក្រៅ និង​ខាងក្នុង​មួយចំនួន​ដែល​អាច​បង្ក​ផលប៉ះពាល​
​ជាយថាហេតុ​លើ​ស្ថានភាព​បំណុល​សាធារណៈ ជាមួយនឹង​គោលដៅ​នៃ​ការធ្វើ​ពិពិធ​កម្ម​ប្រភព​ហិរញ្ញប្បទាន សម្រប​ទៅតាម​ភាព​រីកចម្រើន​នៃ​សេដ្ឋកិច្ចកម្ពុជា ព្រមទាំង​សម្លឹង​ឆ្ពោះទៅរក​ការ​ប្រែក្លាយ​ពី​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប (Lower-middle income economy) ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ (Upper-middle income economy)​នាពេលខាងមុខ ការចាប់ផ្តើម​សាកល្បង​បោះផ្សាយ​មូល​ប​ត្រ​រដ្ឋ​ដើម្បី​កៀរគរ​ទុន​ពី​ផ្សា​រមូល​ប​ត្រ​ក្នុង និង​ក្រៅប្រទេស មក​បំពេញ​សេចក្តីត្រូវការ​ធនធាន និង​ហិរញ្ញប្បទាន​ដែល​កើនឡើង​ជាង​រៀងរាល់​ថ្ងៃនេះ បាន​ក្លាយជា​កាលានុវត្តភាព និង​អាទិភាព​ថ្មី​សម្រាប់​កម្ពុជា​។​

​លោក​បន្តថា សេចក្តីព្រាងច្បាប់​មូល​ប​ត្រ​រដ្ឋ​(​ថ្មី​)​នេះ ជា​មូលដ្ឋាន​គតិយុត្ត​គ្រប់​ជ្រុងជ្រោយ​មួយ និង​ស្របតាម​តម្រូវការ​នៃ​តថភាព​ជាក់ស្ដែង ក៏ដូចជា​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​ដែលមាន​ជា​ធរមាន សម្រាប់​អនុញ្ញាត​ប្រើប្រាស់​ឧបករណ៍​ហិរញ្ញវត្ថុ​ជា​មូល​ប​ត្រ​រដ្ឋ​នេះ ក្នុងការ​កៀរគរ​ហិរញ្ញប្បទាន​បន្ថែម​ពី​វិស័យ​ឯកជន ដើម្បី​ពង្រឹង​ការគ្រប់គ្រង​តម្រូវការ​សាច់ប្រាក់ ឆ្លើយតបបាន​ទៅនឹង​តម្រូវការ​ហិរញ្ញប្បទាន​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម ព្រមទាំង​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​ទីផ្សារ​មូល​ប​ត្រ និង​ទីផ្សារ​ហិរញ្ញវត្ថុ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​លក្ខណៈពិសេស​នៃ​ច្បាប់​ស្តីពី​មូល​ប​ត្រ​រដ្ឋ​(​ថ្មី​)​។​

​សេចក្តីព្រាងច្បាប់​ថ្មី​នេះ មាន​វិសាលភាព​អនុវត្ត​ចំពោះ​ការបោះ​ផ្សាយ ការជួញដូរ និង​ការគ្រប់គ្រង​មូល​ប​ត្រ​រដ្ឋ​ដែល​បោះផ្សាយ​ទាំង​ក្នុង និង​ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​បោះផ្សាយ​មូល​ប​ត្រ​រដ្ឋ​ជា​សិទ្ធិអំណាច​ផ្តាច់មុខ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នៅក្រោម​ច្បាប់​ស្តីពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ​ឆ្នាំ​២០០៨ ដូចនេះ សេចក្តីព្រាងច្បាប់​ថ្មី​នេះ គឺ​បានផ្តល់​សិទ្ធិអំណាច​តាមរយៈ​ការចាត់​ឱ្យមាន​ការផ្សាយ​លក់​មូល​ប​ត្រ​រដ្ឋ​។ ត្រូវ​កំណត់ដោយ​ប្រកាស​នូវ​វិធីសាស្ត្រ និង​យន្តការ​នៃ​ការបោះ​ផ្សាយ និង​ការដាក់​លក់​មូល​ប​ត្រ​រដ្ឋ ទម្រង់​និង​ដំណើរការ​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​មូល​ប​ត្រ​រដ្ឋ​ដែល​ត្រូវ​បោះផ្សាយ អ្នកចូលរួម​ដោយផ្ទាល់ និង​អ្នក​ដែលមាន​សិទ្ធិ​ក្នុងការ​ចូលរួម​ក្នុង​ទីផ្សារ​ដំបូង ការកត់ត្រា​អ្នកធ្វើ​បរិវិសកម្ម ការរក្សា​ទុក​មូល​ប​ត្រ​រដ្ឋ​នៅ​ប្រតិបត្តិ​ករ​រក្សាទុក​ណាមួយ​និង​ការចុះបញ្ជី​ជួញដូរ​មូល​ប​ត្រ​រដ្ឋ​នៅ​ទីផ្សារ​មូល​ប​ត្រ​ប្រតិ​ស្រុត ការទូទាត់​ប្រាក់​ដើម និង​អត្រា​គូ​ប៉ុង​នៃ​មូល​ប​ត្រ​រដ្ឋ និង​ធាតុ​សំខាន់​ផ្សេងៗ​ទៀត​។ មូល​ប​ត្រ​រដ្ឋ​អាច​ត្រូវបាន​បោះផ្សាយ​ជា​រូបិយវត្ថុ​ជាតិ ឬ​ជា​រូបិយ​បណ្ណ​បរទេស តាម​ការ​កំណត់ដោយ​ប្រកាស​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។​

​សេចក្តីព្រាងច្បាប់​ថ្មី​នេះ បានធ្វើការ​កែសម្រួល​នូវ​យន្តការ​ពាក់ព័ន្ធ​នឹង​ការបោះ​ផ្សាយ​និង​ការជួយ​ដូរ​មូល​ប​ត្រ​រដ្ឋ ដែល​ត្រូវ​កំណត់ដោយ​ប្រកាស​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ តាម​ករណី​ជាក់ស្ដែង​នីមួយៗ​ដោយ​មិន​តម្រូវ​កំណត់​អនុក្រឹត្យ​នោះទេ ដោយហេតុថា ច្បាប់​ស្តីពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ​(​ឆ្នាំ​២០០៨)​បានប្រគល់​សិទ្ធិ និង​អំណាច លើ​ការគ្រប់គ្រង​ចំណូល​-​ចំណាយ​សាធារណៈ និង​ការបោះ​ផ្សាយ​មូល​ប​ត្រ​រដ្ឋ​នេះ ហើយ​ការចេញ​ត្រឹម​ប្រកាស ក្រោយពី​បាន​គោលការណ៍ ដើម្បី​កំណត់​ពី​យន្តការ​ជាក់ស្ដែង​នានា​។​

ច្បាប់​នេះ​មាន​គោលបំណង​ផ្តល់នូវ​ក្របខ័ណ្ឌ​រួម​សម្រាប់​គ្រប់គ្រង​ការបោះ​ផ្សាយ ការជួញដូរ និង​ការគ្រប់គ្រង​មូល​ប​ត្រ​រដ្ឋ ប្រកបដោយ​តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាព ព្រមទាំង​ធានាបាន​នូវ​ចីរភាព​នៃ​ការគ្រប់គ្រង​បំណុល​សាធារណៈ​សំដៅ​រួមចំណែក​៖ – ពង្រឹង​ការគ្រប់គ្រង​តម្រូវការ​សាច់ប្រាក់​រប​ស់រាជ​រដ្ឋាភិបាល – ឆ្លើយតប​ទៅនឹង​តម្រូវការ​ហិរញ្ញប្បទាន សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម – អភិវឌ្ឍ​ទីផ្សារ​មូល​ប​ត្រ និង​ទីផ្សារ​ហិរញ្ញវត្ថុ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ – គាំទ្រ​គម្រោង​អាទិភាព និង​ចាំបាច់​ផ្សេងទៀត​។ ច្បាប់​នេះ​អនុវត្ត​ចំពោះ​ការបោះ​ផ្សាយ ការជួញដូរ និង​ការគ្រប់គ្រង​មូល​ប​ត្រ​រដ្ឋ​នៅក្នុង និង​ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា​៕​ដោយ​៖​កូ​ឡាប


spot_img
×