Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគារ​មន្ទីរពិសោធន៍​ខ្នាត​តូច​ទី​២ របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល ត្រូវបាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

spot_img

​ស្វាយរៀង​៖ ដើម្បី​សម្រួល​ដល់​ការវិភាគ​ទំនិញ​ម្ហូបអាហារ នៅ​តាម​ច្រក​ត្រួតពិនិត្យ​ព្រំដែន និង​ទីផ្សារ សំដៅ​ការពារ​សុខមាលភាព​ប្រជាជន និង​ផលប្រយោជន៍​សេដ្ឋកិច្ច តាមរយៈ​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ការគ្រប់គ្រង​ហានិភ័យ អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​ដាក់ឲ្យ​ដំណើរការ​មន្ទីរពិសោធន៍​ខ្នាត​តូច​ទី​២ នៅ​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង ក្រោម​គណ​:​អធិបតីភាព ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​ឯកឧត្តម ម៉ែន វិបុល អភិបាល​នៃ​គណ​:​អភិបាលខេត្ត​ស្វាយរៀង​។

​ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ដែល​រៀបចំឡើង នៅ​ពី​ព្រឹក​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់ថា មន្ទីរពិសោធន៍​ខ្នាត​តូច​នេះ នឹង​ជួយ​ពង្រឹង​ប្រសិទ្ធភាព​ការងារ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង ក្នុង​ការត្រួតពិនិត្យ​ទំនិញ ជាពិសេស​ធានា​បា​នូវ​ភាព​អនុលោម​តាម​កម្មវិធី​អភិក្រម​គ្រប់គ្រង​ហានិភ័យ ផ្អែកលើ​មូលដ្ឋាន​បច្ចេកទេស និង​វិទ្យាសាស្ត្រ​ច្បាស់លាស់​។ លើសពីនេះ មន្ទីរពិសោធន៍​នេះ ក៏​នឹង​ឆ្លើយតប​ទស្សនទាន​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ដែល​បាន​ចាត់​ទុក​បញ្ហា​សុវត្ថិភាព​ចំណីអាហារ គឺជា​អតុល្យភាព (​ចំណុច​អវិជ្ជមាន​) ទី​១ ក្នុងចំណោម​អតុល្យភាព​ទាំង​១២ ដែល​ត្រូវ​ធ្វើ​ការដោះស្រាយ​។

​ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រី​កាំកុងត្រូល​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់​បំពេញ​ការងារ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ រហូត​សម្រេច​ឈាន​ទៅ​បាន​លទ្ធផល​ការងារ​ជាច្រើន​ដូចជា​៖ ការ​រឹបអូស​ទំនិញ​ខូច​គុណភាព ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ដែល​ចរាចរ​នៅលើ​ទីផ្សារ ការទប់ស្កាត់ និង​កម្ទេច​ទំនិញ​ពុំ​មាន​ភាព​អនុលោម​ផ្នែក​គុណភាព និង​សុវត្ថិភាព នៅ​តាម​ច្រក​នាំចេញ​-​នាំចូល​។​ល​។

ទន្ទឹម​គ្នា​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ផ្តែផ្តាំ​ដល់​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​ថ្មី បន្ត​ពង្រឹង​ការត្រួតពិនិត្យ​ទំនិញ​នៅតាម​ទីផ្សារ​នានា​ថែម​ទៀត ព្រមទាំង​ស្វែងយល់​អំពី​បទ​ពិសោធន៍​ថ្មីៗ ពី​ប្រទេស​ជិតខាង​នៅក្នុង​តំបន់ និង​ពិភពលោក ហើយ​ត្រូវ​ខិតខំ​កៀងគរ​ជំនួយ​ទាំង​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ សម្រាប់​បម្រើ​ដល់​សកម្មភាព​ការងារ ធានាបាន​នូវ​អនុលោមភាព​របស់​ទំនិញ​នាំចូល​-​នាំចេញ ដើម្បី​ការពារ​សុខុមាលភាព​ជូន​ប្រជាជន​។

​គួរ​រំលឹក​ដែរ​ថា តាមរយៈ​ការដាក់​ឱ្យ​អនុវត្តន៍​នូវ​ថវិកា​កម្មវិធី ដែល​ជា​ផ្នែក​នៃ​កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​រាជរដ្ឋាភិបាល​កម្ពុជា អគ្គនាយកដ្ឋាន​កាំកុងត្រូល និង​ក្រសួង​ពាណិជ្ជកម្ម បាន​ធ្វើ​ការសម្របសម្រួល​លើ​គម្រោង​កសាង​មន្ទីរពិសោធន៍​ខ្នាត​តូច​ចំនួន​បី ក្នុង​ឆ្នាំ​២០១៦ នៅ​ខេត្ត​ព្រះសីហនុ ខេត្ត​ស្វាយរៀង និង​ខេត្ត​បន្ទាយមានជ័យ​។ នៅក្នុង​ឆ្នាំ​២០១៧ អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​កសាង​បញ្ចប់​អាគារ​បី​ថែម​ទៀត នៅ​ខេត្ត​កំពង់ចាម ខេត្ត​ព្រៃវែង និង​ខេត្ត​តាកែវ​។ ចំណែក​នៅក្នុង​ឆ្នាំ ២០១៨​នេះ អគ្គនាយកដ្ឋាន នឹង​បន្ត​កសាង​អាគារ​ចំនួន​បី​ទៀត នៅ​កំពង់ផែ​អន្តរជាតិ​ភ្នំពេញ ខេត្ត​ព្រះវិហារ និង​ខេត្ត​បន្ទាយមានជ័យ (​ច្រក​ប៉ុស្តិ៍​បឹង​ត្រកួន​)៕​វ៉ៃកូ​

 

spot_img
×