Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

EZECOM បានការ​ទទួលស្គាល់​គុណភាព​ស្តង់ដារ ISO 9001 ដំបូង​គេ​ពីរដង​ផ្ទួនគ្នា​

spot_img

​ភ្នំពេញ​៖ ក្រុមហ៊ុន EZECOM ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ិន​ធឺ​ណិ​ត​លំដាប់​ខ្ពស់​នៅ​កម្ពុជា បានប្រកាសថា​ខ្លួន​ទទួលបាន​វិញ្ញាបនបត្រ​ទទួលស្គាល់​ប្រព័ន្ធគ្រប់គ្រង​គុណភាព QMS កម្រិតស្តង់ដារ​អន្តរជាតិ ISO 9001:2015 ពី​ទីភ្នាក់ងារ​អន្តរជាតិ BM Trada ដែលជា​ទីភ្នាក់ងារ​ឈានមុខ​គេ​មួយ​លើ​កិច្ចការ​វាយតម្លៃ និង​ចេញ​វិញ្ញាបនបត្រ​ផ្លូវការ​។

​ក្រុមហ៊ុន EZECOM គឺជា​ក្រុមហ៊ុន​អ៊ិន​ធឺ​ណិ​ត​ដំបូង​គេ ដែល​បានការ​ទទួលស្គាល់​ជា​ផ្លូវការ​សម្រាប់​ស្តង់ដារ ISO មួយ​នេះ​។
​គួរបញ្ជាក់​ផងដែរ​ថា នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​ក្រុមហ៊ុន​បានការ​ទទួលស្គាល់​គុណភាព​កម្រិតស្តង់ដារ​អន្តរជាតិ​ប្រភេទ ISO 9001 ។

​ជាក់ស្តែង កាលពី​ខែមិថុនា ឆ្នាំ​២០១១ ក្រុមហ៊ុន EZECOM ក៏​ជា​ក្រុមហ៊ុន​អ៊ិន​ធឺ​ណិ​ត​ដំបូង​គេ ដែល​បានការ​ទទួលស្គាល់​គុណភាព​កម្រិតស្តង់ដារ ISO 9001:2008 ដែល​ចំណុច​នេះ​ធ្វើ​ឲ្យ​ក្រុមហ៊ុន EZECOM ក្លាយជា​ក្រុមហ៊ុន​អ៊ិន​ធឺ​ណិ​ត​តែមួយគត់​នៅ​កម្ពុជា ដែល​បានការ​ទទួលស្គាល់​គុណភាព​កម្រិតស្តង់ដារ ISO 9001 ដំបូង​គេ​ពីរដង​ផ្ទួនគ្នា​!

​លោកស្រី Yuni Lee Heathcote អគ្គនាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន EZECOM បាន​មានប្រសាសន៍ថា​៖​យើង​ពិត​ជាមាន​ក្តី​សោមនស្ស​រីករាយ​យ៉ាងខ្លាំង​ដែល​ទទួលបាន​វិ​ញ្ញាប​ន​ប័ត្រ​ស្តង់ដារ ISO 9001 លើ​ប្រព័ន្ធគ្រប់គ្រង​គុណភាព​ម្តងទៀត​។ ស្ថាប័ន ISO បាន​វាយតម្លៃ​និង​ទទួលស្គាល់​គុណភាព​ដល់​ទៅ​ជាង ១​លាន​ក្រុមហ៊ុន នៅ​១៧០​ប្រទេស​ជាង​ទូទាំង​ពិភពលោក​។ ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​មាន​ជំនាញ និង​បទពិសោធន៍​លើសលុប​ទាក់ទង​នឹង​ការគ្រប់គ្រង​គុណភាព​សេវាកម្ម ដូច្នេះ នេះ​ជា​ប្រភព​នៃ​ព័ត៌មាន និង​ចំណេះដឹង​ដ៏​ល្អ​បំផុត ដែល​យើង​អាច​រៀនសូត្រ​និង​យកមកអនុវត្ត ដើម្បី​ធ្វើ​ឲ្យ​ការងារ​របស់​យើង​កាន់​តែមាន​ប្រសិទ្ធភាព និង​ស័ក្តិ​សិទ្ធ​ភាព​ខ្ពស់ជាង​មុន​។ យើង​មិនចាំបាច់​ខំ​ស្វែងរក​អ្វី ដែល​គេ​បាន​រកឃើញ​ហើយ​នោះទេ យើង​គ្រាន់តែ​ត្រូវ​រៀនសូត្រ​ពី​គេ នូវ​អ្វី​ដែលជា​បច្ចេកទេស​ក្នុង​ការធ្វើការងារ​ឲ្យ​បាន​ឆាប់រហ័ស និង​មាន​ប្រសិទ្ធភាព​ដើម្បី​ធ្វើ​ឲ្យ​ក្រុមហ៊ុន​របស់​យើង​មាន​ផលិតភាព​កាន់តែ​ខ្ពស់ជាង​មុន​។​”

​នៅក្នុង​ការទទួលបាន​វិញ្ញាបនបត្រ​ទទួលស្គាល់​គុណភាព​នេះ ក្រុមហ៊ុន EZECOM ត្រូវ​ឆ្លងកាត់​ការវាយតម្លៃ​យ៉ាង​តឹងរឹង​ទៅលើ​ប្រព័ន្ធគ្រប់គ្រង​គុណភាព ស្របតាម​បទដ្ឋាន​កំណត់​ថ្មី​ចុងក្រោយ​បំផុត​របស់ ISO 9001:2015​។ ប្រព័ន្ធគ្រប់គ្រង​គុណភាព​នេះ ត្រូវបាន​អនុវត្តន៍​នៅក្នុង​គ្រប់ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​របស់​ក្រុមហ៊ុន រួមទាំង​ផ្នែក​សេវា​អតិថិជន​ផងដែរ​។ នេះ​គឺជា​កា​រស​បង្ហាញ​កាន់តែច្បាស់​ជាថ្មី​ម្តងទៀត នូវ​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​ចំពោះ​គុណភាព​សេវាកម្ម និង​ការបម្រើ​អតិថិជន​ឲ្យ​ស្របតាម​កិត្តិ​ស័ព្ទ​របស់ខ្លួន​ជា​ក្រុមហ៊ុន​អ៊ិន​ធឺ​ណិ​ត​លំដាប់​ខ្ពស់​នៅ​កម្ពុជា​។

​លោកស្រី Yuni Lee Heathcote អគ្គនាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន បាន​មានប្រសាសន៍​បន្ថែមទៀត​ថា “​ប្រព័ន្ធគ្រប់គ្រង​គុណភាព​របស់ ISO បាន​ដើរតួ​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការបំពេញ​កិច្ចការ​ផ្សេងៗ នៅក្នុង​ក្រុមហ៊ុន EZECOM ។ ជាមួយនឹង​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​មួយ​នេះ យើង​នឹង​លើកកម្ពស់​គុណភាព​នៃ​គ្រប់​សកម្មភាព​ដែល​យើង​ធ្វើ រាប់​តាំងពី​កិច្ចការ​គ្រប់គ្រង ធនធានមនុស្ស និង​ថែរក្សា​បុគ្គលិក រហូត​ទៅដល់​ការបង្កើត​ផលិតផល ការផ្តល់​សេវាកម្ម​ប្រកបដោយ​គុណភាព​ជូន​អតិថិជន ការរៀបចំ​បណ្តាញ កិច្ចការ​វិស្វកម្ម និង​សូម្បី​សកម្មភាព​លក់​របស់​យើង​។ វា​ពិត​ជាមាន​សារសំខាន់​ណាស់ ដែល​យើង​ត្រូវ​ធានា​គុណភាព​សេវាកម្ម នៅ​គ្រប់​ដំណាក់កាល​នៃ​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​អតិថិជន​។ បើ​យើង​ធ្វើ​កិច្ចការ​នេះ​បានល្អ នោះ​អតិថិជន​នឹង​ទទួលបាន​សេវាកម្ម និង​បទពិសោធន៍​ប្រកបដោយ​គុណភាព​ខ្ពស់​ជាក់​ជាមិនខាន​។​”

​លោក កាំ​ង តាំង នាយក​ប្រតិបត្តិ​បទពិសោធន៍​និ​យោ​ជិ​ក បានបញ្ជាក់​បន្ថែមថា “​តាម​ធម្មតា ស្តង់ដារ​គុណភាព ISO ត្រូវបាន​វាយតម្លៃ និង​ធ្វើ​បច្ចុប្បន្នភាព​ជាប្រចាំ ដើម្បី​ធានាថា​លក្ខខណ្ឌ​តម្រូវ​នានា​ឆ្លុះបញ្ចាំង​ពី​ការអនុវត្ត​ល្អ​បំផុត ក៏ដូចជា​ស្របតាម​តម្រូវការ​អតិថិជន និង​ទីផ្សារ​ដែល​បន្ត​វិ​វ​ឌ្ឍ​ទៅមុខ​ជានិច្ច​ជា​កាល​។

​សម្រាប់​ស្តង់ដារ​គុណភាព​ប្រភេទ ISO 9001 វា​ត្រូវបាន​គេ​ធ្វើ​បច្ចុប្បន្នភាព​នៅក្នុង​ឆ្នាំ​១៩៨៧ ឆ្នាំ​១៩៩៤ ឆ្នាំ​២០០០ ឆ្នាំ​២០០៨ និង​ចុងក្រោយ​គឺ ឆ្នាំ​២០១៥​។ ដូច្នេះ យើង​ពិតជា​មោទនភាព​ខ្លាំងណាស់ ដែល​ក្រុមហ៊ុន EZECOM បាន​អនុវត្តតាម​បទដ្ឋាន​អន្តរជាតិ និង​មានការ​ទទួលស្គាល់​ជាច្រើន​ឆ្នាំ​កន្លងមកនេះ​។​”

​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មកហើយ ដែល​ក្រុមហ៊ុន EZECOM បាននិងកំពុង​ផ្តល់​សេវា​អ៊ិន​ធឺ​ណិ​ត​ប្រកបដោយ​គុណភាព​ខ្ពស់ ដល់​អតិថិជន​នៅ​កម្ពុជា​។ សម្រាប់​ទសវត្សរ៍​ខាងមុខ ក្រុមហ៊ុន EZECOM មាន​ទស្សនវិស័យ​អភិវឌ្ឍ​ខ្លួន​ឈានឡើង អោយក្លាយ​ទៅជា​តួអង្គ​សំខាន់​មួយ​ក្នុងការ​ជំរុញ​កំណើន​នៃ​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​។ យោងតាម​ក្រុមហ៊ុន EZECOM ការទទួលស្គាល់​គុណភាព​កម្រិតស្តង់ដារ ISO ថ្ងៃនេះ គឺ​គ្រាន់តែ​ជា​ជោគជ័យ​មួយ​ក្នុងចំណោម​ជោគជ័យ​ជាច្រើន​បន្តបន្ទាប់​ទៀត ក្នុង​ដំណើរ​ឆ្ពោះទៅមុខ​របស់​ក្រុមហ៊ុន​តែប៉ុណ្ណោះ​៕
​ដោយ​៖CEN​

spot_img
×