Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន គ​.​ជ​.​ប​៖ មន្ត្រី​បោះឆ្នោត ត្រូវ​ប្រកាន់​គោលការណ៍ មិន​លម្អៀង​ជាដាច់ខាត​

spot_img

​កោះកុង ៖ លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) នៅតែ​ក្រើនរំលឹក​ដល់​មន្ត្រី​បោះឆ្នោត​នៃ ល​.​ខ​.​ប កោះកុង «​ឱ្យ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​មិន​លម្អៀង​ជាដាច់ខាត​» ហើយ​វត្តមាន​របស់លោក មិនមែន​មក​ប្រាប់​ឱ្យ​លម្អៀង​ទេ ព្រមទាំង​មិនត្រូវ​យល់ថា អ្នក​ដែល​មិន​នៅ​ខាង​ខ្លួន ឬ​គាំទ្រ​ខ្លួន​សុទ្ធតែជា​សត្រូវ​នោះទេ​។ ជាងនេះទៀត ឯកឧត្តម​បាន​លើក​បង្ហាញ​សៀវភៅ ស្តីពី​ក្រមសីលធម៌​សម្រាប់​បោះឆ្នោត ដែលមាន​ខ្លឹមសារ​ជាអាទិ៍​ថា មិនត្រូវ​ស​ម្អៀ​ង​ជាដាច់ខាត និង​មិន​ត្រូវធ្វើ​សកម្មភាព​សម្តែង​អាកប្បកិរិយា ឥរិយាបថ​ឬ​ពោល​ពាក្យសម្តី ឬ​ថ្លែង​សុន្ទរកថា ឬ​ថ្លែងការណ៍​អ្វីមួយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាពលម្អៀង ឬ​ការចូល​ចិត្ត ឬ​មិន​ចូលចិត្ត​ចំពោះ​គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារ​គណបក្សនយោបាយ​ណាមួយ​ក្នុងពេល​អនុវត្ត​ភារកិច្ច​របស់ខ្លួន​។​

​ឯកឧត្តម​ប្រធាន​គជប បាន​ថ្លែង​បែបនេះ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត (​ល​.​ខ​.​ប​) ខេត្តកោះកុង នៅ​អគារ ល​.​ខ​.​ប ស្ថិតនៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ នា​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២០​នេះ​។​

​លោក សេង នេ​ង ប្រធាន ល​.​ខ​.​ប កោះកុង បានធ្វើ​របាយការណ៍​ជូន​គណៈប្រតិភូ ក្រោម​ការដឹកនាំ​របស់​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន គ​.​ជ​.​ប ថា ខេត្តកោះកុង មាន​ចំនួន​ប្រជាពលរដ្ឋ​សរុប ចំនួន​១៤១.៣០២​នាក់ ប្រជាពលរដ្ឋ​ដែលមាន​អាយុ​១៨​ឆ្នាំ​ឡើង មាន​ចំនួន ៨៩.៩២៩​នាក់ ប្រជាពលរដ្ឋ​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៩ ចំនួន​៦៦.២៣៣​នាក់ និង​មាន​ផែនការ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​សម្រាប់​ឆ្នាំ​២០២០ ចំនួន​២.៩០១​នាក់​។​

​ពាក់ព័ន្ធ​នឹង​របាយការណ៍​សម្រាប់​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត ឆ្នាំ​២០២០ ប្រធាន គជប បាន​ថ្លែង​ពង្រឹង​ការងារ​ជារួម​ថា ការ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត​បាន លុះត្រា​តែមាន​ឯកសារ​គ្រប់គ្រាន់ ហើយ​ការ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត​សំដៅលើ​៖

១)​ប្រជាពលរដ្ឋ​រូបនោះ​បាន​សុំ​សិទ្ធិ​ចុះឈ្មោះ​បោះឆ្នោត​នៅ​កន្លែង​ថ្មី (​ប្រសិនបើ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ផ្លាស់​ទីលំនៅ​ជា​បណ្ដោះអាសន្ន ឬ​ដើម្បី​ទៅរក​ការងារ​ធ្វើ យើង​មិនអាច​លុបឈ្មោះ​របស់គាត់​ចេញពី​បញ្ជី​បោះឆ្នោត​បានទេ​)

២) ប្រជាពលរដ្ឋ​ផ្លាស់​ទីលំនៅ​ចេញ​ជា​អចិន្ត្រៃយ៍​ទៅ​រស់នៅ​រាជធានី ខេត្ត​ផ្សេង (​ប្រជាពលរដ្ឋ​ត្រូវ​ស្នើសុំ​ចេញ​ទិដ្ឋាការ​ពី​អាជ្ញាធរ​រាជធានី ខេត្ត ដើម្បី​ផ្លាស់​ទៅ​រាជធានី ខេត្ត​ផ្សេង​)

៣)​ប្រជាពលរដ្ឋ​ដែល​ទទួលមរណភាព (​មន្ត្រី ល​.​ខ​.​ប ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ឯកសារយោង ឬ​សំបុត្រមរណភាព ដែល​ត្រូវ​ស្រង់​ចូល​ទម្រង់ ១០២៥​។ ក្នុងករណី​បញ្ជូន​ទម្រង់ ១០២៥ មក គ​.​ជ​.​ប ដោយ​គ្មាន​ឯកសារយោង​បញ្ជាក់ថា ប្រជាពលរដ្ឋ​រូបនោះ​ទទួលមរណភាព​ទេ គ​.​ជ​.​ប មិនអាច​លុបឈ្មោះ​ប្រជាពលរដ្ឋ​រូបនោះ​ចេញពី​បញ្ជី​បោះឆ្នោត​បានទេ​)​។​

​សូម​ជម្រាបជូន​ថា ខេត្តកោះកុង មាន​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​អចិន្ត្រៃយ៍ និង​កា​រិ​យា​-​ល័យ​ចល័ត សរុប​ចំនួន ១៨៣ ក្នុងនោះ​មាន​ការិយាល័យ​ចល័ត ចំនួន​១២ ដែល​ជួប​ការលំបាក ត្រូវ​ការជួល​មធ្យោបាយ​ដូចជា ទូក សម្រាប់​ដឹក​មន្ត្រី ក្រុម​ចុះឈ្មោះ កុំព្យូទ័រ និង​សម្ភារៈ​មួយចំនួនទៀត ទៅកាន់​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត និង​ត្រូវ​ដឹក​ត្រលប់​មកវិញ នៅពេល​បញ្ចប់​ការងារ​។​

​ទន្ទឹមនឹងនេះ ល​.​ខ​.​ប កោះកុង មានការ​សហការ​បាន​យ៉ាង​ល្អជា​មួយ​អាជ្ញាធរ​គ្រប់​ដំណាក់ កាល​ទាំងអស់ ទាំង​ការ​ស្រង់​ស្ថិតិ ការចុះឈ្មោះ​បោះឆ្នោត ការបោះឆ្នោត ការបណ្ដុះបណ្ដាល ការឃោសនា សន្តិសុខ និង​ការផ្សព្វផ្សាយ​ជាដើម​។​

​ជាមួយគ្នានេះ លោក​ប្រធាន ល​.​ខ​.​ប កោះកុង ក៏បាន​ស្នើសុំ​ដី​មួយកន្លែង​ពី​ខេត្ត ហើយ​ខេត្ត បានផ្ដល់​ជូន​ដី​មួយកន្លែង​ទំហំ ៣០​ម៉ែត្រ គុណ​នឹង ៣០​ម៉ែត្រ ដើម្បី​ប្រើប្រាស់​ជា​កម្មសិទ្ធិ ល​.​ខ​.​ប ដែលមាន​ទីតាំងនៅ​សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ​។ បន្ទាប់ពី​ទទួលបាន​ដី​ធ្វើជា​កម្មសិទ្ធិ​រួចហើយ គ​.​ជ​.​ប បានធ្វើ​ការសាងសង់​អគារ​រដ្ឋបាល កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៥ កន្លងមកនេះ​។​

​ប្រធាន ល​.​ខ​.​ប កោះកុង ក៏បាន​ប្ដេជ្ញា​ក្នុងការ​ដឹកនាំ​ឱ្យមាន​ភា​ព​ល្អប្រសើរ ដោយ​ធានាបាន នូវ​និរន្តរភាព​ប្រកបដោយ​លក្ខណៈ​ច្បាប់ វិទ្យាសាស្ត្រ សីលធម៌ គុណធម៌ និង​ភាព​ទទួលយកបាន​។ ម្យ៉ាងទៀត លោក​នឹង​បន្ត​ពង្រឹង​ទំនាក់ទំនង​ល្អជា​មួយ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ គណបក្សនយោបាយ រួមទាំង​អង្គការ​សង្គម​ស៊ីវិល​នានា ដែល​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត ហើយដោយ​ឈរលើ​ស្មារតី​នេះ ទើប​ធ្វើឱ្យ​ការងារ​បោះឆ្នោត​នៅ​ខេត្តកោះកុង ទទួលបាន​ជោគជ័យ​ប្រកបដោយ​ឯករាជ្យ អព្យាក្រឹត សច្ចៈ យុត្តិធម៌ និង​តម្លាភាព ហើយ​លទ្ធផល​អាច​ទទួល​យកបាន​ទាំងអស់គ្នា​។​

​ប្រធាន គជប នៅតែ​ក្រើនរំលឹក​ដល់​មន្ត្រី​បោះឆ្នោត​នៃ ល​.​ខ​.​ប កោះកុង «​ឱ្យ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​មិន​លម្អៀង​ជាដាច់ខាត​» ហើយ​វត្តមាន​របស់លោក​មិនមែន​មក​ប្រាប់​ឱ្យ​លម្អៀង​ទេ ព្រមទាំង​មិនត្រូវ​យល់ថា អ្នក​ដែល​មិន​នៅ​ខាង​ខ្លួន ឬ​គាំទ្រ​ខ្លួន សុទ្ធតែជា​សត្រូវ​នោះទេ​។ ជាងនេះទៀត លោក​បាន​លើក​បង្ហាញ​សៀវភៅ ស្តីពី​ក្រមសីលធម៌​សម្រាប់​មន្ត្រី​បោះឆ្នោត ដោយ​ឯកឧត្តម​បាន​អាន​ចំណុច ៦.៧ នៃ​ក្រមសីលធម៌​ដែលមាន​ខ្លឹមសារ​ជាអាទិ៍​ថា​៖

១) មិនត្រូវ​លម្អៀង​ជាដាច់ខាត និង​មិន​ត្រូវធ្វើ​សកម្មភាព​សម្ដែង​អាកប្បកិរិយា ឥរិយាបថ ឬ​ពោល​ពាក្យសម្ដី ឬ​ថ្លែង​សុន្ទរកថា ឬ​ថ្លែងការណ៍​អ្វីមួយ​ដែល​បង្ហាញឱ្យឃើញ​ពី​ភាពលម្អៀង ឬ​ការចូល​ចិត្ត ឬ​មិន​ចូលចិត្ត​ចំពោះ​គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារ​គណបក្សនយោបាយ​ណាមួយ​ក្នុងពេល​អនុវត្ត​ភារកិច្ច​របស់ខ្លួន​។​

២) មិនត្រូវ​ធ្វើ​អ្វីមួយ​ដែល​ជះឥទ្ធិពល​លើ​អ្នកបោះឆ្នោត ដែល​អាចធ្វើឱ្យ​មានការ​បោះឆ្នោត​គាំទ្រ ឬ​ប្រឆាំង​បេក្ខជន ឬ​គណបក្សនយោបាយ​ណាមួយ​។​

៣) មិនត្រូវ​រើសអើង​គ្រប់​ទម្រង់ ដូចជា​រើសអើង​ពូជសាសន៍ ភេទ កុលសម្ព័ន្ធ ឋានៈ ឬ​សាសនា ដែល​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត ឬ​សកម្មភាព​នយោបាយ​ផ្សេងៗ​។​

​ប្រធាន​ថា «​ខ្ញុំ​ធ្វើ​តែ​តាម​ហ្នឹង​តើ​! ហើយ​នរណា​ហ៊ាន​លម្អៀង អ្នកនោះ​នឹង​ទទួលខុសត្រូវ​ចំពោះមុខ​ខ្ញុំ ខ្ញុំ​អត់​ត្រូវការ​បែប​ហ្នឹង​ទេ​!»​។ បន្ទាប់ពី​បញ្ចប់​ពិធី​សំណេះសំណាល​ជាមួយ ល​.​ខ​.​ប កោះកុង ប្រធាន គ​.​ជ​.​ប បន្តដំណើរ​ទៅ​ជួប​ជាមួយ​មន្ត្រី ល​.​ខ​.​ប ព្រះសីហនុ ជា​បន្តទៀត នៅ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០២០៕ ដោយ​៖​កូ​ឡាប​

spot_img
×