Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា មាន​កំណើនសេដ្ឋកិច្ច​លឿន​បំផុត ទី​៦ ក្នុង​ពិភពលោក និង​សេដ្ឋកិច្ចកម្ពុជា មាន​កំណើន​ក្នុង​រង្វង់ ៧%

spot_img

​ភ្នំពេញ​៖ ដោយសារ​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ប្រធាន​សម្របសម្រួល​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច ក្រោម​ក្របខ័ណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក នៅក្នុង​ឆ្នាំ​២០១៧ ខណៈ​ដែលមាន​កំណើនសេដ្ឋកិច្ច​លឿន​បំផុត​ទី​៦ ក្នុង​ពិភពលោក និង​សេដ្ឋកិច្ចកម្ពុជា​មាន​កំណើន​ក្នុង​រង្វង់ ៧% ក្នុង​រយៈពេល​ពីរ​ទស​វត្សរ៍​កន្លងមកនេះ ។​

​ក្នុងជំនួប​ជាមួយ​ប្រតិភូ​សមាគម​នាវា​យុវជន​អាស៊ីអាគ្នេយ៍​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៧ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​មានប្រសាសន៍ថា តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ របស់​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៩៨ កម្ពុជា​បាន​ស្តារ និង​កសាង​សេដ្ឋកិច្ច ព្រមទាំង​នាំមក​នូវ​សុខសន្តិភាព និង​សេ្ថ​រ​ភាព​នយោបាយ​ជូន​ជាតិ បង្កើន​ការធ្វើ​ពាណិជ្ជកម្ម និង​ការវិនិយោគ ធ្វើ​ឲ្យ​សេដ្ឋកិច្ចកម្ពុជា​មាន​កំណើន​ក្នុង​រង្វង់ ៧% ក្នុង​រយៈពេល​ពីរ​ទស​វត្សរ៍​កន្លងមកនេះ​។

​លោក​រដ្ឋមន្ត្រី បាន​ថ្លែងបន្តថា ធនាគារពិភពលោក​បាន​ចាត់ថ្នាក់​កម្ពុជា ជា​ប្រទេស​ដែលមាន​កំណើនសេដ្ឋកិច្ច​លឿន​បំផុត​ទី​៦ ក្នុង​ពិភពលោក ចំណែកឯ​ធនាគារអភិវឌ្ឍន៍អាស៊ី នៅ​ឆ្នាំ​២០១៦ បាន​ប្រសិទ្ធិ​នាម​កម្ពុជា​ជា​ខ្លា​ថ្មី​របស់​អាស៊ី​។ ដោយសារ​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ទទួលបាន​នូវ​កិត្តិ​ស័ព្ទ និង​កិត្យានុភាព​លើ​ឆាក​អន្តរជាតិ ហើយ​ត្រូវបាន​ជ្រើសរើស​ឲ្យ​ក្លាយជា​ប្រធាន​សម្របសម្រួល​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច ក្រោម​ក្របខ័ណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក នៅក្នុង​ឆ្នាំ​២០១៧​។​

​លោក​រដ្ឋមន្ត្រី បាន​បន្តទៀតថា ក្រសួងពាណិជ្ជកម្ម បាននិងកំពុង​ធ្វើ​កិច្ចការ​មួយចំនួន​ដូចជា ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ចរចា​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ថ្នាក់​តំបន់ (RCEP) និង​ចរចា​ក្រោម​ក្របខ័ណ្ឌ WTO ដើម្បី​ទាញយក​ផលប្រយោជន៍ និង​ដក​របាំង​ពាណិជ្ជកម្ម​សម្រាប់​ផលិតផល​ពី​កម្ពុជា​។ លោក​រដ្ឋមន្ត្រី បាន​បន្ថែមទៀតថា កម្ពុជា​បាន​បង្កើត​ឲ្យ​មាននូវ​ស្ថាន​តំណាង​ពាណិជ្ជកម្ម​នៅក្រៅ​ប្រទេស រៀបចំ​ពិព័រណ៍​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម និង​ការផ្គូផ្គង​ដៃគូ​ពាណិជ្ជកម្ម និង​ជួយ​សម្របសម្រួល​ការចង​ក្រង​សមាគម​ម្រេច​កំពត ស្ករត្នោត​កំពង់ស្ពឺ និង​ដំឡូង​មី ព្រមទាំង​បាន​ជំរុញ​ឲ្យ​មានការ​ការពារ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ដូចជា ម្រេច​កំពត ស្ករត្នោត​កំពង់ស្ពឺ និង​ផលិតផល​សូត្រ​ភ្នំស្រុក ជាដើម​។
​ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម ក៏បាន​ដាក់ចេញ​គោលនយោបាយ​កំណែទម្រង់​សំខាន់ៗ ដើម្បី​លើកកម្ពស់​បរិយាកាស​ធុរកិច្ច និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ដូចជា​៖ ការដាក់​ឲ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម ចេញ​វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ (CO) ស្វ័យប្រវត្តិកម្ម​ចុះបញ្ជី​ក្រុមហ៊ុន និង​ស្វ័យប្រវត្តិកម្ម​ចុះបញ្ជី​ម៉ាក ព្រមទាំង​ប្រព័ន្ធ​បង់ប្រាក់​អេឡិចត្រូនិក​។​ល​។ ក្រៅពីនេះ ក្រសួងពាណិជ្ជកម្ម​បាន​ចូលរួមចំណែក ក្នុងការ​រក្សា​សេ្ថ​រ​ភាព​ថ្លៃទំនិញ​នៅលើ​ទីផ្សារ បន្តធ្វើ​កិច្ច​អន្តរាគមន៍​លើ​ទីផ្សារ ជាពិសេស​ចំពោះ​បណ្តា​មុខទំនិញ​សំខាន់ៗ ដូចជា ស្រូវ អង្ករ ប្រេងឥន្ធនៈ អគ្គិសនី ទឹក និង​បណ្តា​មុខទំនិញ​ផ្សេងៗ​ទៀត ដែលជា​តម្រូវ​ការចាំបាច់​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ។

​ជាមួយគ្នានេះដែរ លោក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ប្រតិភូ​យុវជន ត្រូវ​ចេះ​ធ្វើការ​ផ្សព្វផ្សាយ​អំពី​សក្កា​នុព​ល​នៃ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង​វប្បធម៌​ជាតិ ព្រមទាំង​ស្ថានភាព​ពិត​របស់​កម្ពុជា និង​សមិទ្ធផល​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល ជាពិសេស​វិស័យ​ពាណិជ្ជកម្ម​។ លើសពីនេះ ប្រតិភូ​យុវជន ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អត្តសញ្ញាណ​ជាតិ និង​អត្ត​ច​រិ​ក​ថ្លៃថ្នូរ សមជា​យុវជន​តំណាង​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​រឹតចំណង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហការ​ល្អ ជាមួយ​យុវជន​ជប៉ុន និង​យុវជន​មកពី​បណ្តា​ប្រទេស​អាស៊ាន សំដៅ​លើកស្ទួយ​កិត្តិនាម​ប្រទេសជាតិ​យើង ឲ្យ​កាន់តែ​ល្បី​រន្ទឺ​នៅលើ​ឆាក​អន្តរជាតិ​៕​ ​ដោយ​៖​ជាលី​

 

spot_img
×