Friday, September 17, 2021

បន្ទាប់ពី​បិទទ្វារ​សាលារៀន​អស់​រយៈពេល​ជាង​៦​ខែ ព្រោះតែ​ជំងឺ​កូ​វីដ​១៩ នៅថ្ងៃនេះ សាលារៀន​មួយចំនួន បើកទ្វារ​បង្រៀន​វិញ​ហើយ

​ភ្នំពេញ​៖ គ្រឹះស្ថានសិក្សា​ទាំង​រដ្ឋ និង​ឯកជន​មួយចំនួន នឹង​បើកទ្វារ​សិក្សា​ឡើងវិញ​ហើយ នៅ​ថ្ងៃ​ចន្ទ ទី​៧ ខែកញ្ញា ឆ្នាំ​២០២០​ស្អែក​នេះ បន្ទាប់ពី​បាន​បិទទ្វារ​អស់​រយៈ​ប្រមាណ​ជា​៦​ខែ ព្រោះតែ​ជំងឺ​កូ​វីដ​១៩​។​

​សាលារៀន​តាម​បណ្ដា​រាជធានី​ខេត្ត រៀបចំ​សម្អាត​បរិស្ថាន​តាម​ស្តង់ដា​អនាម័យ មុនពេល​បើក​ដំណើរការ​ឡើងវិញ​ក្នុងដំណាក់កាល​ទី​២
​គណៈ​គ្រប់គ្រង​សាលារៀន លោកគ្រូ អ្នកគ្រូ បាន​ដឹកនាំ​សកម្មភាព​សម្អាត​បរិស្ថាន​សាលារៀន បាញ់ថ្នាំ​កម្ចាត់​មេរោគ រៀបចំ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​សមស្រប ពិសេស​ធានា​នូវ​គម្លាត​សុវត្ថិភាព តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​អប់រំ ដែល​ដាក់ឱ្យ​អនុវត្តតាម​ស្តង់ដា SOP របស់​ក្រសួងសុខាភិបាល ដើម្បី​ធានាបាន​ថា ការបើក​ដំណើរការ​នេះ​ឡើងវិញ​ប្រកបដោយ​សុវត្ថិភាព ដោយមាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ ដើម្បី​បង្ការ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។

​សូមជម្រាបថា ក្នុងឱកាស​នៃ​កិច្ចប្រជុំ​ណែនាំ​ដល់​អង្គភាព​ក្រោម​ឱវាទ​រួមមាន​នាយកដ្ឋាន​ពាក់ព័ន្ធ និង​មន្ទីរអប់រំ យុវជន និង​កីឡា គ្រប់​ខេត្ត​ក្រុង​ទាំងអស់ កាលពី​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០​កន្លងទៅនេះ ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន បាន​មានប្រសាសន៍ថា “​ការបើក​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើងវិញ ត្រូវអនុវត្ត​ប្រកបដោយ​ស្តង់ដា មិនមែន​បើក​ទាំង​ប្រថុយប្រថាន​ឡើយ​” ។

​យោងតាម​សេចក្ដីណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចែងថា សាលារៀន ត្រូវ​រៀបចំ​បរិស្ថាន​សិក្សា​ប្រកបដោយ​សុវត្ថិភាព បរិ​យាប​ន្ន ផាសុកភាព និង​មេត្រីភាព កៅអីអង្គុយ​សម្រាប់​សិស្សានុសិស្ស ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​យ៉ាងហោចណាស់​២​ម៉ែត្រ និង​រៀបចំ​ចំណុះ​ថ្នាក់ ដោយ​កំណត់​សិស្ស​មិនឱ្យ​លើសពី​១៥ ទៅ​២០​នាក់​ក្នុង​មួយ​ថ្នាក់ កាត់បន្ថយ​ការប្រមូលផ្ដុំ​ជាដើម​។ សូមជម្រាបថា គ្រឹះស្ថានសិក្សា​មួយចំនួន​នឹង​បើក​ដំណើរការ​ឡើងវិញ​ដំណាក់កាល​ទី​២​នា​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២០​។ ដោយឡែក​ឆ្នាំ​សិក្សា​២០២០-២០២១ នឹងត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​តទៅ​។​

​គ្រឹះស្ថាន​អប់រំ​របស់​រដ្ឋ​ដែល​បើកទ្វារ​ទទួល​សិស្ស​នៅថ្ងៃនេះ សម្រាប់​២១​រាជធានី​-​ខេត្ត បើកទ្វារ​សម្រាប់តែ​ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២​។ រីឯ​ខេត្ត​៤​ផ្សេងទៀត ដែលមាន​ហានិភ័យ​ឆ្លង​ជំងឺ​កូ​វីដ​១៩​ទាប គឺ​ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី អនុញ្ញាតឱ្យ​បើកទ្វារ​គ្រប់​កម្រិតសិក្សា​ពី​ថ្នាក់​ទី​១ ដល់ទី​១២​។​

​ក្រៅពី​គ្រឹះស្ថានសិក្សា​រដ្ឋ គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន ៣០០​កន្លែង ពី​កម្រិត​ម​ត្តេ​យ្យ ដល់​ឧ​ត្ត​មសិ​ក្សា ក៏​នឹង​បើកទ្វារ​សាលា​ឡើងវិញ​ផងដែរ បន្ទាប់ពី​ក្រសួង​អប់រំ​ចុះ​ពិនិត្យ​និង​វាយតម្លៃ​ដោយផ្ទាល់ ដល់ទី​តាំង​សាលា​អំពី​ការអនុវត្ត​វិធានការ​សុវត្ថិភាព​។​

​ការចាប់ផ្តើម​បើក​សាលារៀន​ឡើងវិញ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា មាន​សភាព​ធូរស្រាល​ដោយ​អ្នក​ឆ្លង​បាន​ព្យាបាល​ជាសះស្បើយ​ជិត​អស់ ហើយ​មិនមាន​អ្នក​ឆ្លង​ថ្មី​។ បើទោះបីជា​យ៉ាងនេះ​ក្តី ការបើក​សាលារៀន​ឡើងវិញ ក៏​នៅតែ​ត្រូវបាន​យកចិត្តទុកដាក់​ខ្ពស់​លើ​វិធានការ​ទប់ស្កាត់​ការឆ្លង ឬ​ចម្លងជំងឺ​កូ​វីដ​១៩​នេះ​នៅក្នុង​ថ្នាក់រៀន​។​

​ក្រសួង​អប់រំ​បានចេញ​សេចក្តីណែនាំ​ដល់​គ្រឹះស្ថានសិក្សា​ទាំងអស់​ឱ្យ​យកចិត្តទុកដាក់​អនុវត្តន៍​វិធាន​អនាម័យ និង​គម្លាត​សុវត្ថិភាព​នៅក្នុង​ថ្នាក់រៀន ដើម្បី​បង្ការ​ការឆ្លង​ជំងឺ​។ នៅមុន​បើកទ្វារ​សាលារៀន​នេះ នៅតាម​គ្រឹះស្ថាន​អប់រំ​ទាំង​រដ្ឋ និង​ឯកជន ក៏បាន​ធ្វើ​សកម្មភាព​បោសសំអាត និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅតាម​បរិស្ថាន​សាលា និង​នៅក្នុង​ថ្នាក់រៀន​ផងដែរ​។​

​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ដ្រីក្រសួង អប់រំ យុវជន និង​កីឡា ក្នុង​សេចក្តីណែនាំ​កន្លងទៅ បាន​ណែនាំ​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ត្រូវ​អនុវត្ដ​តាម​គោលការណ៍​ប្រតិ​ប​ត្ដិ​ស្ដង់ដា (SOP)​។ ជាពិសេស​ពង្រឹង​ការ​អនុវត្ដ​វិធាន​ការការពារ​ទប់ស្កាត់ និង​ឆ្លើយតប​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ របស់​ក្រសួងសុខាភិបាល ឬ​អាច​អនុវត្ដ​លើសពី​ស្ដង់ដា​ដែល​បានកំណត់​នេះ​។​

​តាម​ការណែនាំ​របស់​ក្រសួង​អប់រំ ដើម្បី​បង្ការ​ការចម្លង​ជំងឺ​កូ​វីដ​១៩ នេះ ក្រសួង​បានកំណត់​ឱ្យ​រៀបចំ​ចំនួន​អ្នកសិក្សា ២០ ទៅ ២៥​នាក់ ក្នុង​បន្ទប់រៀន (​តុ កៅអី​សិស្ស និង​តុ​គ្រូ​) រៀបចំ​វេន​សិក្សា ដើម្បី​ធានា​គម្លាត​សុវត្ថិភាព​ក្នុង​បរិវេណ​គ្រឹះស្ថានសិក្សា សីតុណ្ហភាព​ក្នុង​បន្ទប់រៀន​មិនត្រូវ​ទាប​ជាង ២៤​អង្សារ​សេ និង​មាន​ខ្យល់ និង​ពន្លឺ​គ្រប់គ្រាន់​។​

​រាល់​សកម្មភាព​ប្រមូលផ្ដុំ មិន​លើសពី ៥០​នាក់​, អនុវត្ត​ការ​វាស់​កម្ដៅ​សីតុណ្ហភាព​អ្នកសិក្សា​គ្រូបង្រៀន និង​បុគ្គលិក (​មិន​អនុញ្ញាតឱ្យ​ចូលក្នុង​បរិវេណ​គ្រឹះស្ថានសិក្សា​ករណី​កម្តៅ​លើសពី ៣៧.៥ អង្សារ​សេ​), អនុវត្ត​ការពាក់​ម៉ាស ឬ​របាំងមុខ ចំពោះ​អ្នកសិក្សា គ្រូបង្រៀន និង​បុគ្គលិក ក្នុង​បរិវេណ​គ្រឹះស្ថាន សិក្សា​, រៀបចំ​បន្ទប់​សុខភាព និង​សម្ភារ​សង្គ្រោះ​បឋម រៀបចំ​កន្លែង​លាងដៃ ទឹក​អាល់កុល ជែ​ល​លាងដៃ​។​

​រៀបចំ​បន្ទប់ទឹក បន្ទប់​អនាម័យ សមស្រប​តាម​ចំនួន​សិស្ស​, រៀបចំ​ទីធ្លា និង​ទ្វារ​ចេញ ចូល ដែល​មិនមាន​ការកកស្ទះ​, មិនមាន​ការលក់ដូរ​នំចំណី ឬ​អាហារ​ដ្ឋា​ន​ក្នុង​បរិវេណ​គ្រឹះស្ថានសិក្សា​, មិនមាន​ដំណើរការ​សេវា​ដឹកជញ្ជូន​អ្នកសិក្សា​, មិនត្រូវ​មានការ​លេង​កីឡា ដែលនាំឱ្យ​មានការ​ប៉ះទង្គិច​គ្នា​, មិនមាន​សកម្មភាព​ក​ម្សា​ន្ត ឬ​ការប្រគំ​តន្ត្រី​។​

​អ្នកសិក្សា បុគ្គលិក ឬ​សមាជិកគ្រួសារ​ជា​ជនជាតិ​បរទេស ដែល​បានធ្វើ​ដំណើរ​ចូលក្នុង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​២​ខែ​ចុងក្រោយ ចាំបាច់​តម្រូវឱ្យ​ធ្វើតេស្ត​រក​កូ​វីដ​១៩ មុននឹង​អនុញ្ញាតឱ្យ​ចូលរៀន និង​បំពេញការងារ​ក្នុង​គ្រឹះស្ថានសិក្សា​។​

​សូម​រំលឹកថា ក្រសួង​អប់រំ​យុវជន និង​កីឡា បានសម្រេច​ផ្អាក​ដំណើរការ​សាលារៀន​ទាំងអស់​នៅ​កម្ពុជា កាលពី​ថ្ងៃទី​១៦ ខែមីនា ដើម្បី​បង្ការ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។ ក្នុងពេល​បិទ​សាលារៀន​កន្លងមកនេះ ក្រសួង​អប់រំ​បានដាក់​ចេញ​នូវ​យន្តការ​សិក្សា​ពី​ចម្ងាយ និង​ការសិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​ជាច្រើន​ទម្រង់​សម្រាប់​សិស្ស​-​និស្សិត​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​