Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​ខេត្តកណ្តាល​និង​ជំនួយការ​សម្តេច​តេ​ជោ ចុះ​សម្របសម្រួល​ដោះស្រាយ បញ្ចប់ទំនាស់​ដីធ្លី រវាង​លោកយាយ​អាយុ​៩៥ និង​ចៅ នៅ​ស្រុក​ខ្សាច់កណ្តាល​

spot_img

​កណ្ដាល ៖ រដ្ឋបាល​ខេត្តកណ្តាល បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ថា នៅ​ថ្ងៃអាទិត្យ ទី​៦ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល និង​ឯកឧត្តម ដួង ដា​រ៉ា ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ជា​អនុ​រដ្ឋលេខា ធិ​ការ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ដឹកនាំ​កិច្ចប្រជុំ​សម្របសម្រួល​ដោះស្រាយ​បញ្ចប់ទំនាស់​រវាង​ភាគី​លោកស្រី ស៊ុយ ផូ ជា​ជីដូន និង​ភាគី​ឈ្មោះ ប៊ូ ស្រី​ទូច ជា​ចៅ​លើ​ករណី​វិវាទ​ដី​ទំហំ ១៣​ម៉ែត្រ គុណ​២០​ម៉ែត្រ ស្ថិតនៅ​ទីតាំង​ដី​ទំនាស់ ភូមិ​អ​ញ្ចែ​ង​ក្រោម ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់ កណ្តាល​។​

​បន្ទាប់ពី​ពិភាក្សាគ្នា យល់ដឹង​អំពី​ដើមហេតុ​នៃ​ទំនាស់ និង​ស្តាប់​មតិ​ចូលរួម​របស់​ភាគី​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​តំណាង​មន្ទីរជំនាញ​រួចមក ភាគី​ទាំងសងខាង​បាន​ព្រមព្រៀង​ឯកភាពគ្នា​បញ្ចប់ទំនាស់​តាម​លក្ខខណ្ឌ​ដូចខាងក្រោម​៖ ភាគី​លោកស្រី ស៊ុយ ផូ បាន​យល់ព្រម​បញ្ចប់ទំនាស់​ដោយ​ឯកភាព​ទទួលយក​សំណង​ចំនួន ៣០.០០០​ដុល្លារ​អាម៉េរិក ដែលជា​ការឧបត្ថម្ភ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដោយ​លោកស្រី ស៊ុយ ផូ ព្រម​ប្រគល់​ដី​ទំហំ​១៣​ម៉ែត្រ គុណ​២០​ម៉ែត្រ ស្ថិតនៅ​ភូមិ​អ​ញ្ចែ​ង​ក្រោម ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្តាល ឱ្យទៅ​ភាគី​លោកស្រី ប៊ូ ស្រី​ទូច ដើម្បី​រស់​ប្រក​បរបរ​ចិញ្ចឹមជីវិត​។ ភាគី​លោកស្រី ប៊ូ ស្រី​ទូច ឯកភាព​ទទួលយក​ដំណោះស្រាយ​នេះ និង​សូម​គោរព​អរគុណ​ដល់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។ ភាគី​ទាំងសងខាង ឯកភាព​ឈប់ ប្តឹង​គ្នា និង​ដក​ពាក្យបណ្តឹង​ដែល​ធ្លាប់​ដាក់ពាក្យ​ប្តឹងតវ៉ា​គ្នា​ទៅវិញទៅមក​នៅ​គ្រប់​ស្ថាប័ន អង្គភាព​។ បងប្អូន​ភាគី​ទាំងសងខាង ឯកភាពគ្នា​នៅ​ចំពោះមុខ ឯកឧត្តម​អភិបាលខេត្ត និង​ក្រុមការងារ​ថា នឹង​ស្រុះស្រួល​គ្នា​បញ្ឈប់​ការឈ្លោះទាស់ទែង​គ្នាត​ទៅមុខទៀត​។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល​បាន​ថ្លែង​អំណរ​អរគុណ​សន្តិភាព សូម​គោរព​អរគុណ​សម្តេច​អគ្គ​ស្ថាបនិក​សន្តិភាព ដែលជា​រឿយៗ សម្តេច តែងតែ​គិតគូរ​ពី​សុខទុក្ខ​ប្រជារាស្ត្រ​ជួប​ការលំបាក​ខ្វះខាត នេះ​ជា​ដំណោះស្រាយ​ឈ្នះ​ឈ្នះ ដែល​យើង​គ្រប់គ្នា​ត្រូវតែ​គោរព និង​អនុវត្តន៍​តាម ហើយក៏​សូម​អរគុណ​ក្រុមការងារ​ពាក់ព័ន្ធ​ទាំងអស់ អរគុណ​ដល់​គូវិវាទ​ទាំងសងខាង ដែល​យល់ព្រម​អត់ឱន យល់យោគ ឱ្យ​គ្នា​ទៅវិញទៅមក លែង​ប្រកាន់​ខឹង​គ្នា សាមគ្គី​រីកចម្រើន បែកបាក់​សាមគ្គី​គឺ​ពិបាក ខ្មែរ​ត្រូវតែ​ចេះ​ស្រឡាញ់​ខ្មែរ គ្មានទេ​ពាក្យ​ថា​ចាញ់ គឺ​ឈ្នះ​ទាំងអស់គ្នា​៕
​ដោយ​៖​កូ​ឡាប​

spot_img
×