Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​អប់រំ បញ្ជាក់ថា ការអនុវត្ត​ស្តង់ដា​អនាម័យ ក្នុងអំឡុង​នៃ​ការបើក​ដំណើរការ​សាលារៀន​ឡើងវិញ​ក្នុងដំណាក់កាល​ទី​២ បាន​យ៉ាង​ល្អប្រសើរ​

spot_img

​ភ្នំពេញ​៖ សាលារៀន​មួយចំនួន នៅក្នុង​ប្រទេស​កម្ពុជា បាន​បើក​ដំណើរការ​ឡើងវិញ​ដំណាក់កាល​ទី​២ នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បន្ទាប់ពី​បាន​បិទទ្វារ​អស់​រយៈពេល​៦​ខែ​។ ការបើក​ដំណើរការ​ឡើងវិញ​នេះ សាលា​ត្រូវអនុវត្ត​នូវ​ស្តង់ដា​អនាម័យ តាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) របស់​ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។

​យោងតាម​ការណែនាំ​រប​ស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​កំណត់ឱ្យ​សាលារៀន ត្រូវ​រៀបចំ​បរិស្ថាន​សិក្សា​ប្រកបដោយ​សុវត្ថិភាព បរិ​យាប​ន្ន ផាសុកភាព និង​មេត្រីភាព​។ កៅអីអង្គុយ​សម្រាប់​សិស្សានុសិស្ស ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​យ៉ាងហោចណាស់​២​ម៉ែត្រ និង​រៀបចំ​ចំណុះ​ថ្នាក់ ដោយ​កំណត់​សិស្ស​មិនឱ្យ​លើសពី​១៥ ទៅ​២០​នាក់​ក្នុង​មួយ​ថ្នាក់​។ សិស្សានុសិស្ស​ទាំងអស់ មុនពេល​ចូល​សាលា​តម្រូវឱ្យ​មានការ​វាស់​កម្តៅ វាយ​ត្រា​សម្គាល់ លាង​សម្អាត​ដៃ​កម្ចាត់​មេរោគ ពាក់​ម៉ាស់ ឬ​របាំងមុខ​កាត់បន្ថយ​ការប្រមូលផ្ដុំ​ជាដើម​។

​លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជូន ណា​រ៉ុ​ន រដ្ឋមន្ត្រី ក្រសួង អប់រំ​យុវជន និង​កីឡា នៅ​ព្រឹក​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២០​នេះ បាន ចុះ​ពិនិត្យមើល​តាម​សាលារៀន​មួយចំនួន​នៅក្នុង​ខេត្ត សៀមរាប ដែល​បាន​បើក​ឱ្យ​សិស្ស​ចូលរៀន​ថ្ងៃ​ដំបូង ជាពិសេស​ផ្តោត​សំខាន់​ទៅលើ​កុមារ​តូច បន្ទាប់ពី​បាន បិទ​អស់​មួយរយៈ​ដោយសារតែ​ជំងឺ​កូ​វីដ​-១៩​។​

​លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជូន ណា​រ៉ុ​ន បាន​មានប្រសាសន៍ថា នៅ​ថ្ងៃ​ដំបូង នៃ​ការបើក​ឱ្យ​សិស្ស​ចូល រៀន​ឡើងវិញ​នេះ​ឃើញថា នៅតាម សាលា​នានា​ក្នុង​ខេត្តសៀមរាប​មានការ​អនុវត្ត​វិធានការ​សុវត្ថិភាព របស់​ក្រសួងសុខាភិបាល​បាន​យ៉ាង​ល្អប្រសើរ​។

​លោក​នៅតែ​ជំរុញ និង​លើទឹក​ចិត្ត​ឱ្យ​គ្រប់​សាលារៀន​ទាំងអស់ បង្កើន​ការអនុវត្ត​វិធានការ​សុវត្ថិភាព ដើម្បី​បង្ការ​ការឆ្លង​មេរោគ​កូ​វីដ​-១៩ ឱ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត ដូចជា ក្រៅពី​ការបាញ់​កម្ដៅ លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ និង​ទឹកស្អាត ឬ អាល់កុល និង​រក្សា​គម្លាត​សុវត្ថិភាព ត្រូវបង្កើត​កន្លែង​លាងដៃ និង​សាប៊ូ​ឱ្យបាន​ច្រើន​។

​លោកគ្រូ​អ្នកគ្រូ​ត្រូវ​ធ្វើជា​គំរូ​ដល់​សិស្ស​ក្នុងការ​អនុវត្ត​នូវ​វិធានការ​អនាម័យ និង​សុវត្ថិភាព ដើម្បីឱ្យ​សិស្ស​ក្លាយទៅជា​ទម្លាប់ ហើយ​ពួកគាត់ នឹង​ទៅ​បង្រៀន​ដល់​ក្រុមគ្រួសារ​គាត់​ឱ្យ​អនុវត្តន៍​វិធានការ​សុវត្ថិភាព​នេះដែរ​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា ការ​ចូលរៀន​ដំបូង​នេះ សម្រាប់​ថ្នាក់រៀន​មួយ​បន្ទប់ អាចដាក់​សិស្ស​ឱ្យ​សិក្សា​ត្រឹម​ពី​១៥​នាក់ ទៅ​២០​នាក់​ប៉ុណ្ណោះ​។ ក្នុងនោះដែរ សម្រាប់​ថ្នាក់មធ្យមសិក្សា​មាន​ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ សិស្ស​ត្រូវ​សិក្សា​ចំនួន ១៨​ម៉ោង ក្នុង​មួយ​សប្ដាហ៍ ចំណែក​សិស្ស​បឋមសិក្សា​ចំនួន ៨​ម៉ោង ក្នុង​មួយ សប្ដាហ៍ និង​មាន​ចែកជា​បី​ក្រុម​។​

​សូមបញ្ជាក់ថា​៖ រាជរដ្ឋាភិបាល​បានប្រកាស​បិទ សាលារៀន​ទាំងអស់​នៅ​ទូទាំងប្រទេស នៅ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២០​កន្លងទៅ ដោយសារ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩​។ បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩​បាន​ធូរស្រាល ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ជូនដំណឹង​ជា​បន្ត បន្ទាប់ ស្តីពី​ដំណើរ​ការបើក​សាលារៀន​ឡើងវិញ ជា​បី​ដំណាក់កាល រួមមាន​៖ ដំណាក់កាល​ទី​១-​សាលា រៀន មាន​ស្តង់ដារ​សុវត្ថិភាព​ខ្ពស់​។ ដំណាក់កាល​ទី​២-​សាលា​រៀនមាន​ស្តង់ដារ​មធ្យម និង​ដំណាក់ កាល​ទី​៣-​សាលារៀន​មាន​ស្តង់ដារ​អប្បបរមា​។

​សូមជម្រាបថា ការបើកទ្វា​សាលារៀន​ឡើងវិញ នៃ​គ្រឹះស្ថានសិក្សា​រដ្ឋ អនុវត្ត​សម្រាប់តែ​ថ្នាក់​ទី​៩ និង​ទី​១២​ប៉ុណ្ណោះ ដោយឡែក​សម្រាប់​ខេត្ត​ចំនួន​៤​ទៀត​រួមមាន​ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី ដែលមាន​អត្រា​ឆ្លង​កូ​វីដ​-១៩ កម្រិត​ទាប ក្រសួង​បាន​អនុញ្ញាតឱ្យ​បើក​ដំណើរការ​គ្រប់​កម្រិតសិក្សា​តាំងពី​ថ្នាក់​១ ដល់ទី​១២៕

ដោយ : កូឡាប

spot_img
×