Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការដ្ឋាន​ស្ថាបនា មហាវិថី​ថ្មី​១​ខ្សែទទឹង​៣០​ម៉ែត្រ និង​បណ្តោយ​ជាង​៥​គីឡូម៉ែត្រ ចាប់ពី​ផ្លូវ​១០០៣ ដល់​មហាវិថី ឈ្នះ​ឈ្នះ​បាន​ដំណើរការ​ហើយ​

spot_img

​ភ្នំពេញ​៖ ការដ្ឋាន​ស្ថាបនា​មហាវិថី​ថ្មី​មួយ​ខ្សែ​ដែលមាន​ទទឹង​៣០​ម៉ែត្រ និង​បណ្តោយ​ផ្លូវ​ជាង​៥​គីឡូម៉ែត្រ​ដោយ​ចាប់ពី​ផ្លូវ​លេខ​១០០៣ ផ្លូវបត់​ចូល​ផ្សារ​ទំនើប​អេ​អន ម៉​ល​សែន​សុខ ស្រប​ប្រឡាយ​មេ​ខាងជើង​រាជធានី​ភ្នំពេញ រហូតដល់​មហាវិថី ឈ្នះ​ឈ្នះ ក្នុង​ខណ្ឌឫស្សីកែវ​បាន​ដំណើរ​បើក​ការដ្ឋាន​ហើយ ។​

ពិធីបើកការដ្ឋាន​បានធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី​៧ កញ្ញា​ឆ្នាំ ២០២០​នេះ នៅ​លើក​បណ្តោយ​ផ្លូវ​នេះ ក្នុង​សង្កាត់​ស្វាយប៉ាក​ខណ្ឌឫស្សីកែវ ក្រោម​វត្តមាន​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ដែរ​។​

​លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានបញ្ជាក់​ឲ្យ​ដឹងថា មហាវិថី​ថ្មី​នេះ រត់​ត្រង់​ជួរ ភ្ជាប់​មក​មហាវិថី អង្គរ ឆ្ពោះ​មក​រង្វង់​មូល​កាំ​កូ ។ ជា​ប្រភេទ​ផ្លូវភ្លោះ​មាន​ប្រវែង ៥៨៦០​ម៉ែត្រ ទទឹង ៣០​ម៉ែត្រ ជា​ផ្លូវ​បេតុង​អារ​មេរ កម្រាស់ ២០​សង់ទីម៉ែត្រ ក្នុងនោះ ផ្លូវ​សងខាង ១២​ម៉ែត្រ​សួន​កណ្តាល ២​ម៉ែត្រ​និង​ចិញ្ចើមផ្លូវ​សងខាង ២​ម៉ែត្រ ផ្លូវ​ទ្វេរ​ទិស មាន ៣​គន្លង​សម្រាប់​រថយន្ត​ទៅមក និង​១​គន្លង​សម្រាប់ទោ​ចក្រយានយន្ត​ទៅមក​។ ដាក់​បណ្តាញ​លូ​សងខាង​ផ្លូវ​ទំហំ ០,៨​ម៉ែត្រ ប្រវែង ១១.៧២០​ម៉ែត្រ និង​ដាក់លូ​ឆ្លងកាត់​ទទឹងផ្លូវ ចំនួន​៨​កន្លែង​។​

លោក​សាំ ពិសិដ្ឋ បានបញ្ជាក់​ផងដែរ​ថា នៅ​កណ្តាល​សួនច្បារ​នៃ​មហាវិថី​នេះ ក៏មាន​តម្លើង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ព្រែក​ជា​២ ដាំ​ដើម​ជ្រៃ​ដើម្បី​ជា​របាំង​ពន្លឺ​ចាំង​ភ្នែក និង​លម្អ និង​ដាំ​ស្មៅ ជាមួយនឹង​ការរៀប​កា​រឺ​ឡា និង​រៀប​ខឿន​ចិញ្ចើមផ្លូវ​សងខាង និង​ដាំ​ដើមឈើ តម្លើង​ភ្លើងស្តុប​ចរាចរណ៍​ចំនួន ៤​កន្លែង លាប​គំនូស​ចរាចរណ៍ និង​ដំឡើង​ស្លាក​សញ្ញា​ចរាចរណ៍​ផងដែរ​។​

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​បានធ្វើ​ឲ្យ​ប្រទេសជាតិ មាន​សន្តិភាព​ពេញលេញ មានឱកាស​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ។ ជាក់ស្តែង​កំណាត់​ផ្លូវ​យើង​បាន​ស្ថាបនា​ឡើងជា​ផ្លូវ​ថ្មី ដែលមាន​បណ្តោយ​រហូត​ជាង​៥​គីឡូម៉ែត្រ និង​មាន​ទទឹង​៣០​ម៉ែត្រ អាច​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ នៅ​តំបន់​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ ស្រប​ប្រឡាយ​មេ​ខាងជើង​រាជធានី​ភ្នំពេញ ចាប់ពី​ផ្លូវ​លេខ ១០០៣ (​ផ្លូវបត់​ចូល​ផ្សារ​ទំនើប​អេ​អន ម៉​ល សែន​សុខ​) ដល់​មហាវិថី ឈ្នះ​ឈ្នះ ក្នុង​ខណ្ឌឫស្សីកែវ​។​

​លោក​ឃួ​ង ស្រេង ក៏បាន​បញ្ជាក់​ផងដែរ​ថា កំណាត់​ផ្លូវ​នេះ ស្ថាបនា​ដោយ​ក្រុមហ៊ុន​ឯកជន តែ​ស្ថិត ក្រោម​ការត្រួតពិនិត្យ​បច្ចេកទេស ពី​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​។ លោក​ឃួ​ង ស្រេង ក៏បាន​ស្នើសុំ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​សហការ និង​យោគយល់​ចំពោះ​ផលប៉ះពាល់ និង​ការរំខាន​ពី​ការដ្ឋាន​នេះ​។​

​លោក​ឃួ​ង ស្រេង ក្នុងឱកាស​នោះ ក៏បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ និង​គណៈ​គ្រប់គ្រង​វត្ត​អារាម វិហារ​សាសនា​ទាំងអស់ បង្កើន​ការប្រុងប្រយ័ត្ន ចំពោះ​បញ្ហា​សុខភាព ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដោយ​ត្រូវអនុវត្ត​នូវ​រាល់​វិធានការ​ទាំងឡាយ ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ពិសេស​ក្នុងអំឡុងពេល​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ បើទោះបី មកដល់ពេលនេះ ស្ថានភាព​បង្ការ​និង​គ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅ​រាជធានី​ភ្នំពេញ គ្មាន​ការចម្លង​ក្នុង​សហគមន៍​ក៏ដោយ ប៉ុន្តែ​នៅលើ​ពិភពលោក និង​បណ្តាល​ទីក្រុង​នៃ​ប្រទេស​មួយចំនួន ក្នុង​តំបន់​អាស៊ាន​ជំងឺ​នេះ នៅតែ​បន្ត​រីក​រាលដាល គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​៕​ដោយ​៖​កូ​ឡាប​

spot_img
×