Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន UN ៖ អង្គការសហប្រជាជាតិ រីករាយ​បន្ត​ធ្វើការ​ជាមួយ​កម្ពុជា ក្នុង​គ្រា​លំបាក​ដែល​ពុំ​ធ្លាប់មាន​នេះ​

spot_img

​ភ្នំពេញ​៖ លោក អាន់​តូ​នី​ញ្ញូ ហ្គូ​ទែ​រ៉េ​ស អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​ផ្ញើលិខិត​មួយ​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដើម្បី​ថ្លែងអំណរគុណ​សម្តេច ដែល​បង្ហាញ​ឆន្ទៈ​ថា​អង្គការសហប្រជាជាតិ​រីករាយ​បន្ត​ធ្វើការ​ជាមួយ ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គ្រា​លំបាក​ដែល​ពុំ​ធ្លាប់មាន​នេះ​។ មានតែ​តាមរយៈ​ការធ្វើការ​រួមគ្នា​ប៉ុណ្ណោះ ដែល​អាចឱ្យ​យើង​ធ្វើការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ការពារ​ជន​ងាយ​រងគ្រោះ​បំផុត និង​កម្លាំង​សង្គម​ប្រកបដោយ​សមធម៌ និង​បរិ​យា​ប័ន្ន ដែល​ការពារ​សុខភាព និង​សុខុមាលភាព​របស់​មនុស្ស​ទាំងអស់ និង​ភពផែនដី​។​

​ក្នុង​លិខិត​របស់​អង្គការសហប្រជាជាតិ ផ្ញើជូន​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២០​នេះ លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​ថ្លែងអំណរគុណ ចំពោះ​លិខិត​ចុះ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២០ របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ចំពោះ​ការគាំទ្រ​របស់ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​រាតត្បាត​កូ​វីដ​១៩ ជាស​កល រួមទាំង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ក្រុមការងារ​មនុស្សធម៌ គ្រូពេទ្យ និង​សម្ភារ​បរិក្ខារ​ផ្សេងៗ​។ ការគាំទ្រ​នេះ មាន​សារសំខាន់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត ក៏ដូចជា​ធានា​នូវ​ការបន្ត ប្រតិបត្តិការ​មនុស្សធម៌​ជួយសង្គ្រោះ​ជីវិត​នៅ​ទីកន្លែង​ក្រីក្រ និង​ងាយ​រងគ្រោះ​បំផុត​នៅលើ​ពិភពលោក​»​។​

​លោក​បាន​បន្តទៀតថា​៖ «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ជាពិសេស​ដល់​រាជរដ្ឋាភិបាល​របស់ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ចំពោះ​ឆន្ទៈ​ក្នុង​ការជួយ​សម្រួល​ដល់​ការហោះហើរ​ផ្នែក​មនុស្សធម៌ ដែល​អនុញ្ញាតឱ្យ​បុគ្គលិក​មនុស្សធម៌ និង​បុគ្គលិក​សុខាភិបាល ចូលទៅ​កាន់​ប្រទេស​មួយចំនួន ដើម្បី​ជួយ​ដល់​ជន​ងាយ​រងគ្រោះ​បំផុត​។ ក្នុង​ដំណើរ​ឆ្ពោះទៅមុខ ប្រការនេះ​មាន​សារសំខាន់​ណាស់ ក្នុងការ​រក្សា​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ក្នុងអំឡុង​ការប្រយុទ្ធប្រឆាំង​ជំងឺ​រាតត្បាត​កូ​វីដ​១៩ និង​វិបត្តិ​មនុស្សធម៌​ដទៃទៀត ដើម្បី​អនុញ្ញាត​ជួយ​សម្រួល និង​ព​នឿន​ការបន្ត​ធ្វើដំណើរ​របស់​បុគ្គលិក​មនុស្សធម៌ និង​បុគ្គលិក​សុខាភិបាល និង​ការដឹកជញ្ជូន​សម្ភារ​ប​រិ​ក្ខា តាមរយៈ​ជើង ហោះហើរ​ផ្នែក​មនុស្សធម៌ និង​សង្គ្រោះ​»​។​

​សហគមន៍​មនុស្សធម៌ កំពុង​បន្ត​បង្កើន​ការឆ្លើយតប​របស់ខ្លួន ចំពោះ​ផលប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូវ​ដ​១៩​។ ដូចដែល សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ជ្រាប​ហើយ ការធ្វើ​បច្ចុប្បន្នភាព “​ផែនការ​ឆ្លើយតប​មនុ​ស្ស​ធម៌ សកលលោក​ប្រឆាំង​ជំងឺ​កូ​វីដ​១៩” នា​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០២០ ឥឡូវនេះ​អាចឱ្យ​អង្គការសហប្រជាជាតិ និង​ដៃគូ​របស់ខ្លួន​ផ្តល់នូវ​ជំនួយ​ផ្នែក​សុខភាព និង​ជំនួយ​សង្គ្រោះ​ជីវិត​ផ្សេងទៀត​ដល់ ៦៣ ប្រទេស ដែល​ប្រឈមមុខ​នឹង​វិបត្តិ​មនុស្សធម៌ ឬ​ភាពផុយស្រួយ​កម្រិត​ខ្ពស់​។ តាមរយៈ​កិច្ចសហការ​រួមគ្នា​ជាមួយ​អគ្គនាយក​នៃ​អង្គការ​សុខភាព​ពិភពលោក ខ្ញុំ​បាន​បង្កើត​ក្រុមការងារ ខ្សែសង្វាក់​ផ្គត់ផ្គង់​ក្នុង​បរិបទ​ជំងឺ​កូ​វីដ​១៩ (COVID-19 Supply Chain Task Force) ដែលមាន​អង្គការ សុខភាព​ពិភពលោក និង​អង្គការ​ស្បៀងអាហារ​ពិភពលោក​ជា​សហប្រធាន ដើម្បី​កំណត់​គម្លាត​នៃ​ការផ្គត់ផ្គង់ និង​ផ្តល់នូវ​បរិក្ខារ​ពេទ្យ​ចាំបាច់​ដល់​ប្រទេស​នានា សម្រាប់​ការឆ្លើយតប​នឹង​កូ​វីដ​១៩​។​

​លោក​បន្តថា «​ខ្ញុំ​មាន​សេចក្ដី​រីករាយ​ដោយបាន​ដឹងថា ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចាត់​ក្រសួង និង​អាជ្ញាធរ​ពាក់ព័ន្ធ ឱ្យ​សហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​ស្បៀងអាហារ​ពិភពលោក ក៏ដូចជា ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ និង​ទីភ្នាក់ងារ​មនុស្សធម៌​នានា ដើម្បី​ជួយ​សម្រួល​ដល់​ប្រតិបត្តិការ​នេះ​។ អង្គការសហប្រជាជាតិ​រីករាយ​បន្ត​ធ្វើការ​ជាមួយ ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គ្រា​លំបាក​ដែល​ពុំ​ធ្លាប់មាន​នេះ​។ មានតែ​តាមរយៈ​ការធ្វើការ​រួមគ្នា​ប៉ុណ្ណោះ ដែល​អាចឱ្យ​យើង​ធ្វើការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ការពារ​ជន​ងាយ​រងគ្រោះ​បំផុត និង​កម្លាំង​សង្គម​ប្រកបដោយ​សមធម៌ និង​បរិ​យា​ប័ន្ន ដែល​ការពារ​សុខភាព និង​សុខុមាលភាព​របស់​មនុស្ស​ទាំងអស់ និង​ភពផែនដី​»៕ ដោយ​៖​កូ​ឡាប​

spot_img
×