Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​ការងារ ជំរុញ​ឱ្យ​ក្រុមនិស្សិត​រៀន​នៅក្រៅ​ប្រទេស ត្រូវខិតខំ​បំពេញ​ចំណេះវិជ្ជា​របស់ខ្លួន ដោយ​រក្សា​ស្មារតី​ជាតិ​ជាធំ​

spot_img

​ភ្នំពេញ​៖ ក្នុង​កិច្ច​សំណេះសំណាល​ជាមួយ​ក្រុមនិស្សិត​ដែល​ត្រៀម​ចេញដំណើរ​ទៅ​សិក្សា​បន្ត​នៅ​ប្រទេស​អូស្ត្រាលី និង​ណូ​វ៉ែល​ហ្សេ​ឡង់ ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ផ្ដាំផ្ញើ​ដល់​ពួកគេ​ថា​ឲ្យ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ​បំពេញ​ចំណេះវិជ្ជា​របស់ខ្លួន ដើម្បី​យក​វា​មកជួយ​អភិវឌ្ឍន៍​ជាតិ​មាតុភូមិ​កម្ពុជា​វិញ ក្រោម​ស្មារតី​ខិតខំ​ដើម្បី​ជាតិ​ជាធំ​។​

​កិច្ច​សំណេះសំណាល​នេះ​ធ្វើឡើង​នៅ​ទីស្ដីការក្រសួង​ការងារ នា​ព្រឹក​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០២០ ដែលមាន​ក្រុមនិស្សិត​ចូលរួម​ចំនួន ២៧​នាក់ ដឹកនាំ​ដោយ​លោក ទៀប សុត្ថា បច្ចុប្បន្ន​ជាម​ន្ត្រី​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ​។​

​លោក ទៀប សុត្ថា បាន​ឲ្យ​ដឹងថា ជយលាភី​សរុប​ចំនួន ២៧​នាក់ (​ស្រី ១១​នាក់​) ក្នុងនោះ​មាន​និស្សិត​ជា​មន្ត្រីរាជការ​តាម​ស្ថាប័នរដ្ឋ​សរុប ១៦​នាក់ ក្នុងនោះ​មាន​មន្ត្រី NEA នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ១​នាក់ និង​មាន​បុគ្គលិក​ឯកជន​ចំនួន ១១​នាក់​។​

​លោក ទៀប សុត្ថា ការសិក្សា​នៅ​ប្រទេស​ទាំងពីរ​នេះ​មាន​រយៈពេល​២​ឆ្នាំ ហើយ​ក្រោយពេល​បញ្ចប់​ការសិក្សា និស្សិត​មិនអាច​បម្រើ​ការងារ​នៅ​ប្រទេស​ផ្សេង​ក្រៅពី​កម្ពុជា​មាតុភូមិ​របស់ខ្លួន រយៈពេល​២​ឆ្នាំ​។​

​នាឱកាស​នោះ ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង បាន​ឲ្យ​ដឹងថា ប្រទេស​អូស្ត្រាលី និង​ណូ​វ៉ែល​ហ្សេ​ឡង់​មានបទពិសោធន៍​លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង​តែង​ជួយ​បណ្តុះបណ្តាល​ដល់​និស្សិត​របស់​កម្ពុជា ជា​ដរាប​មក​។ កម្ពុ​ជាមាន​កិច្ចសហការ​ជាមួយ​អូស្ត្រាលី​លើ​វិស័យ​ជាច្រើន ជាពិសេស​ការបណ្តុះបណ្តាល​ធនធានមនុស្ស​នេះឯង​។​

​ការ​ទៅ​សិក្សា​រៀនសូត្រ​នៅ​ទីនោះ មាន​កម្មវិធីសិក្សា​ល្អ បច្ចេកវិទ្យា​មានការ​រីកចម្រើន​ខ្ពស់ ដែល​ទាមទារ​ឲ្យ​ក្មួយៗ ត្រូវខិតខំ​ប្រឹងប្រែង​ចាប់យក​ឱកាស​នេះ​ឲ្យ​បាន​។​

​ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង បាន​បន្តថា ចំពោះ​ការសិក្សា ទោះបី​ផ្នែក​ណា​ក៏​ល្អ​ដែរ ឲ្យ​តែ​លើកកម្ពស់​ចំណេះដឹង​របស់​និស្សិត​កម្ពុជា ដើម្បី​ផលិត​ធនធានមនុស្ស​យកមក​ជួយ​អភិវឌ្ឍន៍​ប្រទេស​វិញ ខណៈ​ការអភិវឌ្ឍ​ធនធានមនុស្ស​ចាំបាច់​ណាស់ សម្រាប់​កសាង​សង្គម​គ្រួសារ​ផង និង​សង្គមជាតិ​ផង ដូច្នេះ​ក្រុមនិស្សិត​ត្រូវ​ធ្វើជា​បង្គោលគ្រួសារ​ឲ្យ​បាន​មាំ និង​ឆ្លៀត​ជួយ​កសាង​សង្គមជាតិ​ឲ្យ​មានការ​អភិវឌ្ឍ​ត​ទៅមុខទៀត​។​

​ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី បាន​រំលឹក​ពី​ការខិតខំ​ជួយ​របស់​អូស្ត្រាលី​យ៉ាងច្រើន​មកលើ​ប្រទេស​កម្ពុជា នា​សម័យ​អ៊ុនតាក់ និង​ការចូលរួម​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ទន្ទឹម​នោះ អូស្ត្រាលី​ជា​ប្រទេស​មុនគេ​មួយ​ដែរ ដែល​ចូល​មកជួយ​កម្ពុជា ក្នុងសម័យ​ផ្ដួលរំលំ​របប​ខ្មែរក្រហម​។ ពិសេស​រដ្ឋាភិបាល​អូស្ត្រាលី បាន​ជួយ​ជ្រោមជ្រែង​ក្នុងការ​បណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស​សម្រាប់​និស្សិត​កម្ពុជា​បាន​យ៉ាងច្រើន ដែល​និស្សិត​ទាំងនេះ បច្ចុប្បន្ន​បាន​ក្លាយជា​ធនធាន​ដ៏​មានតម្លៃ​មួយ​សម្រាប់​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា​ផងដែរ​។​
​ជាការ​ដាស់តឿន​របស់​ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​នោះ​គឺ គ្រប់​និស្សិត​កម្ពុជា​ដែល​ចេញទៅ​សិក្សា​នៅក្រៅ​ប្រទេស​ត្រូវ មាន​មនសិការ​ថា ប្រទេសជាតិ​ខំ​ផ្ដល់ឱកាស​ឲ្យ​ទៅ​រៀន យ៉ាងណា ក៏ត្រូវ​តបស្នង​វិញ​ខ្លះ​ដែរ ធ្វើ​ម៉េច​ឲ្យ​បាន​លទ្ធផល​ពិតប្រាកដ យកមក​ជួយ​ជាតិ​វិញ​។​

​ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី អ៉ិ​ត សំហេង បាន​បញ្ជាក់ថា ការអភិវឌ្ឍ​ធនធានមនុស្ស​ជា​រឿង​ចាំបាច់​ណាស់ ព្រោះ​ឥឡូវ​យ៉ាងហោចណាស់​ត្រូវមាន​សញ្ញា​ប​ត្រ​កម្រិត​បរិញ្ញាបត្រ​ដែរ ដើម្បី​អភិវឌ្ឍ​ឲ្យ​ទាន់​បច្ចេកវិទ្យា​ទំនើប ឬ​បដិវត្ត​ឧស្សាហកម្ម ៤.០​។​

​ឯកឧត្តម​បណ្ឌិត​ក៏បាន​លើកឡើង​ប្រាប់​ក្រុមនិស្សិត​អំពី​វឌ្ឍនភាព​លើ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​កម្ពុជា ដែល​ក្រសួង​បាន​ខិតខំ​កន្លងមក និង​បន្ត​ខិតខំ​សម្រាប់​អនាគត​ទៅមុខ​ទៀតផង​ដែរ​៕
ដោយ​៖CEN​

 

spot_img
×