Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល​កម្ពុជា កំពុង​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ដើម្បី​បង្កើន​ចំណូល​ជូន​ជាតិ និង​ប្រជាពលរដ្ឋ​មូលដ្ឋាន​

spot_img

​ភ្នំពេញ ៖ ឯកឧត្ដម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍ នៅ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២០ បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្តីព្រាង «​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប (២០២០-២០៣៥)​។​

​កិច្ចប្រជុំ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្ដម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​សិក្សា​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍ ខេត្តសៀមរាប​, លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​, ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ព្រមទាំង​ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មការ​ក​ម្មា​ធិ​ការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍ ។​

«​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប (២០២០-២០៣៥)» សិក្សា​រៀបចំ​ដោយ​គណៈកម្មការ​អន្តរក្រសួង ដឹកនាំ​ដោយ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​រៀបចំ​ផែនការ​មេនេះ ត្រូវបាន​រំពឹងថា​នឹង​ក្លាយជា​យន្តការ​ដ៏​មាន​សារសំខាន់​ចាំបាច់ សម្រាប់​ការឆ្លើយតប​ទៅនឹង​ស្ថានភាព​នាពេល​បច្ចុប្បន្ន​ក៏ដូចជា​អនាគត ឆ្លើយតប​នឹង​ឥទ្ធិពល​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ (COVID-19) ជាពិសេស ត្រូវ​សម្រេច​ឱ្យបាន​នូវ​បំណងប្រាថ្នា​រួម​របស់​រាជរដ្ឋាភិបាល ដើម្បី​ជា​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប ដូចខាងក្រោម​៖

​ទី​១) ខេត្តសៀមរាប គឺជា​ខេត្ត​ទេសចរណ៍​អន្តរជាតិ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ និង​មានការ​ទទួលស្គាល់​ជា​លក្ខណៈ​ជា សកល​លើ​ការអភិរក្ស និង​កិច្ច​គាំពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ និង​បរិស្ថាន​ធម្មជាតិ ដោយ​ផ្តល់ជូន​នូវ​ធនធាន​ទេសចរណ៍ និង​ភាព​ទាក់ទាញ​ជាច្រើន​ទៀត ។​

​ទី​២) ធានា​ឱ្យបាន​នូវ​ផលប្រយោជន៍​សង្គម​-​សេដ្ឋកិច្ច ជា​អតិបរមា​ពី​វិស័យ​ទេសចរណ៍ ពោលគឺ​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ​, តំបន់​ទីក្រុង​ដែលមាន​ស្ទឹង​សៀមរាប​, តំបន់​ទន្លេសាប​, ឧទ្យាន​ជាតិ​ភ្នំ​គូលែន និង​តំបន់​ជនបទ​ដែលជា​គោលដៅ​ទេសចរណ៍ ត្រូវតែ​ភ្ជាប់​ជាមួយ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន និង​ការកាត់បន្ថយ​ភាពក្រីក្រ ។​

​ទី​៣) ខេត្តសៀមរាប ត្រូវតែ​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​គុណភាព សំដៅ​ទាក់ទាញ​ភ្ញៀវទេសចរ ដែលមាន​គុណភាព​មក​កម្សាន្ត ម្តង​ហើយ​ម្តងទៀត ស្នាក់នៅ​យូរ និង​ចំណាយ​ច្រើន អាច​បង្កើន​នូវ​ចំណូល​ជូន​ប្រជាពលរដ្ឋ​មូលដ្ឋាន និង​កសាង​សេដ្ឋកិច្ច​មូលដ្ឋាន​ប្រកបដោយ​បរិ​យា​ប័ន្ន ។​

​លើសពីនេះ​, «​ផែនការមេ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប (២០២០-២០៣៥) ក៏​នឹង​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល​ដែល​ចាត់ទុក «​វិស័យ​ទេសចរណ៍​ជា​មាស​បៃតង​» ក្នុងការ​ចូលរួម​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​, ការលើកស្ទួយ​វប្បធម៌​ជាតិ និង​ទ្រទ្រង់​ដល់​កិច្ច​គាំពារ​បរិស្ថាន ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​ប្តេជ្ញាចិត្ត​ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប និង​តំបន់​ជុំវិញ ដើម្បី​ប្រែក្លាយជា​គោលដៅ​ទេសចរណ៍ ប្រកបដោយ​គុណភាព (Alternative Tourism/Quality Destination) មានការ​គ្រប់គ្រង​លើ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ច្បាស់លាស់ និង​កាត់បន្ថយ​ផលប៉ះពាល់ ជា​អវិជ្ជមាន​ដល់​តំបន់​អង្គរ និង​ធនធានធម្មជាតិ​ឱ្យ​បានជា​អតិបរមា សំដៅ​ទាក់ទាញ​ភ្ញៀវទេសចរ​មក​កម្សាន្ត​ច្រើនដង ពិសេស​ភ្ញៀវទេសចរ​កម្រិត​ខ្ពស់ ដើម្បី​បង្កើន​នូវ​ប្រភព​ចំណូល​ជូន​ជាតិ និង​ប្រជាពលរដ្ឋ​មូលដ្ឋាន ។​

​តាម​ការព្យាករណ៍​ក្នុង​ឆ្នាំ ២០៣៥ ទេសចរណ៍​អន្តរជាតិ​នាំមក​នូវ​ចំណូល​ចំនួន ៤,៧៦៥​លាន​ដុល្លារ និង​ទេសចរណ៍​ជាតិ នាំមក​នូវ​ចំណូល​ចំនួន ១,២៨០​លាន​ដុល្លារ ។​
​ជារួម​, ចក្ខុវិស័យ​របស់ «​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប (២០២០-២០៣៥) គឺ «​ការ​ក្តាប់​យកមក​វិញ​នូវ​មោទនភាព ជា​គោលដៅ​ទេសចរណ៍​ចម្បង​បំផុត របស់​វិស័យ​ទេសចរណ៍​កម្ពុជា និង​ជា​គោលដៅ​ទេសចរណ៍​ចម្បង ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​» ។​

​ដើម្បី​សម្រេចបាន​ចក្ខុវិស័យ​ខាងលើនេះ «​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប (២០២០-២០៣៥)» បានដាក់​ចេញ​នូវ​គោលដៅ​យុទ្ធសាស្ត្រ​ចំនួន ៧ រួមមាន​៖
១) យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​អាទិភាព​ខេត្តសៀមរាប​,
២) យុទ្ធសាស្ដ្រ​វិនិយោគ​ទេសចរណ៍ និង​ការអភិវឌ្ឍ​របៀង​ទេសចរណ៍​ថ្មីៗ​ក្នុង​ខេត្តសៀមរាប​,
៣) យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍ និង​ការតភ្ជាប់​,
៤) យុទ្ធសាស្ដ្រ​ពង្រឹងគុណភាព និង​អភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​,
៥) យុទ្ធសាស្ដ្រ​ក្នុងការ​គ្រប់គ្រង​បរិស្ថាន​ខេ​ត​សៀមរាប​,
៦) យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ និង​ពង្រឹង​ការតភ្ជាប់​គាំទ្រ​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​, និង​
៧) យុទ្ធសាស្ដ្រ​អភិបាលកិច្ច​សម្រាប់​ទ្រទ្រង់ ការអភិវឌ្ឍ​ទេសចរណ៍​ខេត្តសៀមរាប (​ក្នុងនោះ​មាន​យុទ្ធសាស្ត្រ​ចំនួន ៤៦ សកម្មភាព​អនុវត្ត​ចំនួន ១៥១ ដែល​បានកំណត់​រយៈពេល​នៃ​ការអនុវត្ត រយៈពេល​ខ្លី រយៈពេល​មធ្យម និង​រយៈពេល​វែង​) ។​

​ជាមួយ​ការបង្កើត​យន្តការ​ស្ថាប័ន អង្គភាព​គ្រប់គ្រង​គោលដៅ​ទេសចរណ៍ (Destination Management Organisations – DMO’s) រួម​សម្រាប់​ខេត្តសៀមរាប​ហៅថា «​គណៈកម្មការ​អភិវឌ្ឍ​ទេសចរណ៍​សៀមរាប​-​អង្គរ​», នឹងមាន​អង្គភាព គ្រប់គ្រង​គោលដៅ​ទេសចរណ៍​ដោយឡែក (Sub-DMO’s) អម​គណៈកម្មការ​អភិវឌ្ឍ​ន៍​ទេសចរណ៍​សៀមរាប​-​អង្គរ​នេះ តាម​តំបន់​ទាំង ៦ ដូចជា​៖
១) អង្គភាព​គ្រប់គ្រង​គោលដៅ​ទេសចរណ៍ (Sub-DMO) តំបន់​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​,
២) អង្គភាព​គ្រប់គ្រង​គោលដៅ​ទេសចរណ៍ (Sub-DMO) តំបន់​ទេសចរណ៍​ជុំវិញ​តំបន់​ការពារ​ប្រាសាទបន្ទាយស្រី​,
៣) អង្គភាព​គ្រប់គ្រង​គោលដៅ​ទេសចរណ៍ (Sub-DMO) តំបន់​បេតិកភណ្ឌ​អង្គរ​,
៤) អង្គភាព​គ្រប់គ្រង​គោលដៅ​ទេសចរណ៍ (Sub-DMO) តំបន់​ទីក្រុង​សៀមរាប​,
៥) អង្គភាព​គ្រប់គ្រង​គោលដៅ​ទេសចរណ៍ (Sub-DMO) តំបន់​បឹង​ទន្លេសាប​
៦) អង្គភាព​គ្រប់គ្រង​គោលដៅ​ទេសចរណ៍ (Sub-DMO) តំបន់​ទីក្រុង​សៀមរាប​ថ្មី (Grand Siem Reap) ក្រោម​ទម្រង់​ជា​តំបន់​ទេសចរណ៍​ពិសេស ដែលមាន​អ្នក​អភិវឌ្ឍ​ក្រោម​ទម្រង់​ជា PPP ។​

​អង្គប្រជុំ បាន​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្តីព្រាង​អនុក្រឹត្យ​ស្ដីពី «​ការដាក់ឱ្យ​អនុវត្ត​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ២០២០-២០៣៥» និង​បានសម្រេច​ដូចខាងក្រោម​៖
​ទី​១៖ គាំទ្រ​ជាគោលការណ៍​លើ «​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ២០២០-២០៣៥» និង​សូម​វាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ​របស់​ក្រុមការងារ​ដែល​បានរៀបចំ​ផែនការ​នេះ​ឡើង​។​
​ទី​២៖ ស្នើឱ្យ​កែសម្រួល និង​កាត់បន្ថយ​នូវ​ខ្លឹមសារ​លម្អិត ដោយ​រំលេច​តែ​ចំណុច​គោល​ធំៗ​ជា​យុទ្ធសាស្ត្រ ដើម្បីឱ្យ​ផែនការ​មេនេះ​មាន​ខ្លឹមសារ​ខ្លី តែ​ចំ​គោលដៅ​ច្បាស់លាស់​ជាមុន ។​
​ទី​៣៖ ស្នើឱ្យ​ក្រសួង​-​ស្ថាប​ន័​ពាក់ព័ន្ធ​ដែលជា​សមាជិក សមាជិការ​គណៈកម្មកា​រ​អន្តរក្រសួង ពិនិត្យ​ឱ្យបាន​លម្អិត​លើ​ផ្នែក ដែល​ពាក់ព័ន្ធ​នឹង​ដែន​សមត្ថកិច្ច​របស់ខ្លួន រួច​បញ្ជូន​ផ្នែក​នោះមក​ក្រុមការងារ​គណៈកម្មការ​បញ្ចូល​ទៅក្នុង​ផែនការ​មេនេះ ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត ។​
​ទី​៤៖ សម្រេច​ឱ្យ​ប​ង្ស៉ី​គ្នា​រវាង «​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ២០២០-២០៣៥» និង «​ផែនការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុង​សៀមរាប​» ដែល​រាជរដ្ឋាភិបាល​បានសម្រេច​រួចហើយ​។​

​ឯកឧត្ដម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អង្គប្រជុំ ក៏បាន​ថ្លែងអំណរគុណ និ​យ​តម្លៃ​ខ្ពស់​ដល់​គណៈកម្មការ​អន្តរក្រសួង និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​បាន​សហការ​ដ៏​ល្អ​ក្នុងការ​រៀបចំ​ឯកសារ ដ៏​មាន​សារសំខាន់​នេះ​ឡើង ដែលជា​សេចក្តីព្រាង​ផែនការ​មេនេះ ។ អង្គប្រជុំ សម្រេច​ប្រជុំ​ឆ្លង​ម្តងទៀត​នៅ​ចុងខែ តុលា ឆ្នាំ​២០២០ ក្រោយពី​ការកែសម្រួល មុននឹង​គោរព​ដាក់ជូន សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដើម្បី​ពិនិត្យ និង​សម្រេច​ដ៏​ខ្ពស់​ខ្ពស់​៕
​ដោយ​៖​កូ​ឡាប​

 

spot_img
×