Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សៀវភៅ​ស្តីពី “​ការកសាង​វិស័យ​ហិរញ្ញវត្ថុ​ប្រកបដោយ​បរិ​យា​ប័ន្ន​” ជាឃ្លាំង​ផ្ទុក​នូវ​បទពិសោធន៍​ផង និង​មេរៀន​សំខាន់ៗ​សម្រាប់​សា​ធារ​ជន​ទូទៅ​

spot_img

​ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុ​ជាការ​បាន​សម្ពោធ​សៀវភៅ​មួយ​ក្បាលមាន​ចំណងជើង​ថា “​ការកសាង​វិស័យ​ហិរញ្ញវត្ថុ​ប្រកបដោយ​បរិ​យា​ប័ន្ន​” នឹង​បានប្រគល់​សៀវភៅ​ជូន​ដល់​តំណាង​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​

​សៀវភៅ​នេះ​រៀបរាប់​អំពី​ដំណើរ​កកើត​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា គោលបំណង​និង​បុព្វហេតុ​នៃ​ការអភិវឌ្ឍ​ពី​ដំណាក់កាល​មួយ​ទៅ​ដំណាក់កាល​មួយ សមាសភាព​តួអង្គ​ពាក់ព័ន្ធ​សំខាន់ៗ សារប្រយោជន៍​របស់​មី​ក្រូ​ហិរញ្ញវត្ថុ និង​រំលេច​នូវ​ទស្សនាទាន​អំពី​អនាគត​របស់​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ក្នុងការ​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​កម្ពុជា​ប្រកបដោយ​និរន្តរភាព​។​

​ឯកឧត្តម រ័ត្ន សុវណ្ណ​នរៈ អគ្គនាយក​ត្រួតពិនិត្យ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា បាន​បញ្ជាក់ថា វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​ចាប់​កកើត​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ក្រោយពេល​ការដួលរលំ​នៃ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ហើយ​បាន​បន្ត​រីកចម្រើន​ជា​បន្តបន្ទាប់ ជាពិសេស​មានការ​រីក​ចម្រើន​យ៉ាងខ្លាំង ក្រោយ​ពេលដែល​ប្រទេស​កម្ពុជា​ទទួលបាន​សុខសន្តិភាព​ពេញលេញ តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​តាងនាម ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជា ឯកឧត្តម អគ្គនាយក​ត្រួតពិនិត្យបាន​ថ្លែងអំណរគុណ​ចំពោះ​គ្រប់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ទាំងអស់ ដែល​បាន​សហការ​ជា​ដៃគូ​យ៉ាង​ល្អ​ចំពោះ​ការអនុវត្ត​តាមច្បាប់​និង​បទ​ប្បញ្ញត្តិ និង​ចំពោះ​ការផ្តល់​មតិយោបល់​នានា​កន្លងមក ដែល​ការអនុវត្ត​បែបនេះ​គឺជា​កត្តា​មូលដ្ឋាន​យ៉ាងសំខាន់​ធ្វើឱ្យ​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​កម្ពុជា សម្រេចបាន​សមិទ្ធផល​ជាច្រើន ទាំង​ផ្នែក​សង្គម​និង​សេដ្ឋកិច្ច ហើយ​ជាពិសេស​ទៀត​នោះ គឺ​តួនាទី​របស់​វិស័យ​មីក្រូហិរញ្ញវត្ថុ​ក្នុងការ​រួមចំណែក​លើក​កម្ពស់​សេដ្ឋកិច្ច​ជនបទ កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​។​

​ក្នុង​អារម្ភកថា​នៃ​សៀវភៅ​នេះ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជា​បាន​បញ្ជាក់ថា “​កាលពី​បួន​ទសវត្សរ៍​កន្លងមក ប្រវត្តិសាស្ត្រ​កម្ពុជា​បាន​ចារឹក​យ៉ាងច្បាស់​ពី​ដំណើរ​ងើបឡើង​វិញ​របស់​ប្រទេស​កម្ពុជា ពី​ស្ថានភាព​មួយ​ដែល​ខ្ទេចខ្ទាំ​ដល់​ឬ​សគល់ ជាពិសេស វិស័យ​ហិរញ្ញវត្ថុ​ដែល​ត្រូវបាន​លុបបំបាត់​ទាំងស្រុង និង​ធ្វើឱ្យ​ប្រជាជន​កម្ពុជា​លែងមាន​ជំនឿ​មកលើ​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា​។ កត្តា​ប្រវត្តិសាស្ត្រ​នេះ គឺជា​មូលដ្ឋាន​សម្រាប់ធ្វើ​ការវិភាគ និង​ស្វែងយល់​អំពី​មូលហេតុ ឧបសគ្គ និង​បញ្ហា​ប្រឈម​នានា​ដែល​អ្នក​ជំនាន់​មុន​បាន​ជួបប្រទះ​។ ក៏ប៉ុន្តែ ក្រោម​ការខិតខំ​ប្រឹងប្រែង​និង​ការ​ងើប​ឡើងវិញ​យ៉ាង​ត្រដាបត្រដួស​ដោយ​ខ្លួនឯង រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ចិត្ត​ខាង​នយោបាយ​ដ៏​ត្រឹមត្រូវ និង​ប្រកបដោយ​ទស្សនៈ​វែងឆ្ងាយ ដោយបាន​អនុញ្ញាតឱ្យ​វិស័យ​ធនាគារ និង​វិស័យ​មីក្រូហិរញ្ញវត្ថុ​អនុវត្តតាម​យន្តការ​ទីផ្សារ ដែលជា​លទ្ធផល​បានធ្វើឱ្យ​សកម្មភាព​មីក្រូហិរញ្ញវត្ថុ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​”​។​

​ក្នុង​គោល​គំនិត​ចងក្រង​ជា​ឯកសារ​ប្រវត្តិសាស្ត្រ​ផង ជាឃ្លាំង​ផ្ទុក​នូវ​បទពិសោធន៍​ផង និង​ជា​មេរៀន​សំខាន់ៗ​ផង សម្រាប់​ផ្តល់ជូន​ដល់​អ្នកសិក្សា​ស្រាវជ្រាវ និង​សាធារណជន​ទូទៅ ទើប​ថ្នាក់ដឹកនាំ​ធនាគារជាតិ​នៃ​កម្ពុជា ក្រោម​ការដឹកនាំ​របស់
​ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បានសម្រេច​ចិត្ត​ប្រគល់​ការងារ​នេះ​ជូន លោក រ៉ុ​ន បេ​វ៉ា​ក​ក្វា ដែលជា​ស្ថាបនិក​និង​នាយក​គ្រប់គ្រង​របស់​ក្រុមហ៊ុន Access Advisory ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ​និង​ចងក្រង​សៀវភៅ “​ការកសាង​វិស័យ​ហិរញ្ញវត្ថុ​ហិរញ្ញវត្ថុ​ប្រកបដោយ​បរិ​យាប​ន្ន​” និង​ប្រកាន់​លើ​គោល​គំនិត​និង​មតិយោបល់​ឯករាជ្យ​របស់​អ្នកនិពន្ធ​។​

​លោក គា បូរាណ ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​ថ្លែង​នៅក្នុង​ពិធី​ប្រគល់​សៀវភៅ​នេះ​ថា សៀវភៅ​នេះ​គឺជា​ស្នាដៃ​ដ៏​មាន​សារសំខាន់ ដែល​នឹង​បម្រើ​ជា​ឯកសារ​គោល​សម្រាប់​វិស័យ​ហិរញ្ញវត្ថុ ដោយ​ផ្តោត​សំខាន់​អំពី​ប្រវត្តិ​និង​ការអភិវឌ្ឍ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុ​ជាជាង​ពីរ​ទសវត្សរ៍​។
​សៀវភៅ​នេះ​មិន​ត្រឹមតែ​បម្រើ​ជា​អត្ថប្រយោជន៍​សម្រាប់​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ចែករំលែក​នូវ​បទពិសោធន៍ ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ដ៏​មានតម្លៃ​របស់​កម្ពុ​ជាដ​ល់​ប្រទេស​ផ្សេងៗ​លើ​ពិភពលោក ជាពិសេស​ប្រទេស​កំពុងអភិវឌ្ឍន៍​ដទៃៗ​ទៀត​។

​នៅក្នុង​ឱកាស​នេះដែរ លោក រ៉ុ​ន បេ​វ៉ា​ក​ក្វា បានធ្វើ​បទ​បង្ហាញ​ពី​ទិដ្ឋភាព​ទូទៅ​និង​ការរកឃើញ​នៅក្នុង​សៀវភៅ​នេះ​។ លោក​បាន​ថ្លែងថា មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រព័ន្ធ​មីក្រូហិរញ្ញវត្ថុ​ល្អ​បំផុត​នៅលើ​ពិភពលោក ហេតុដូច្នេះ មីក្រូហិរញ្ញវត្ថុ​កម្ពុជា​គួរ​ត្រូវបាន​យកចិត្តទុកដាក់​និង​ទទួលបាន​នូវ​ការគោរព​។ លោក​បាន​ផ្តាំផ្ញើ​ថា វិស័យ​មីក្រូហិរញ្ញវត្ថុ​ត្រូវការ​ធ្វើការ​សម្រេចចិត្ត​ឱ្យបាន​ត្រឹមត្រូវ​ក្នុង​ការផ្តល់សេវា​ហិរញ្ញវត្ថុ ប្រកួតប្រជែង​ដោយ​ស្មើភាព ផ្តល់​សេវា​ហិរញ្ញវត្ថុ​ជូន​អតិថិជន​តាម​តម្រូវការ ដាក់ចេញ​បទ​ប្បញ្ញត្តិ​និង​មាន​ការចុះ​ត្រួតពិនិត្យ​សំដៅ​ធានា​ការអនុលោម​តាម​បទ​ប្បញ្ញត្តិ ព្រមទាំង​តម្រូវឱ្យមាន​ការសហកា​រ​គ្នា​រវាង​ភាគី​ពាក់ព័ន្ធ ដើម្បី​ធានា​ឱ្យបាន​សុចរិត​ភាព​នៃ​ទីផ្សារ ទោះបីជា​មានការ​ប្រកួត​ប្រជែង​គ្នា​ក្នុង​ទីផ្សារ​ក៏ដោយ​៕
​ដោយ​៖CEN


spot_img
×