Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម​៖ សមត្ថកិច្ច​ឃ្លាំ​មើល​តាម​មូលដ្ឋាន ក្រែង​មាន​សកម្មភាព​ចលនា​សង្គ្រោះ​ជាតិ​

spot_img

​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេង បានបញ្ជាក់​ថា កម្ពុជា​លែង​ចង់ឃើញ​នូវ​សង្គ្រាម ហើយ​ប្រសិនបើ​មាន​ទៀត មិនអាច​នឹង​ស្តារ​ប្រទេស​ឲ្យ​រីកចម្រើន ដូច​បច្ចុប្បន្ន​នេះ ដូច្នេះ​សមត្ថកិច្ច​ត្រូវ​ឃ្លាំ​មើល​តាម​មូលដ្ឋាន ក្រែង​មាន​សកម្មភាព​ចលនា​សង្គ្រោះ​ជាតិ កើតឡើង​ត្រូវ​ទប់ស្កាត់​ភ្លាម​។

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ធ្វើ​ការអំពាវនាវ​ដល់​កងកម្លាំង​នគរ​បាល​ទាំងអស់​ត្រូវតែ​រក្សាសុខ​សន្តិភាព​ជូន​ដល់​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ ហើយ​ត្រូវ​ការពារ​ជា​រដ្ឋាភិបាល​ស្របច្បាប់​ដែល​ជា​ធរមាន​នាពេល​បច្ចុប្បន្ន​នេះ ។​សម្តេច​ក្រឡាហោម ថ្លែង​បែប​នេះ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​សភាពការណ៍ និង​កិច្ចប្រតិបត្តិការ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​សុវត្ថិភាព​សង្គម ប្រចាំឆ្នាំ​២០១៧ និង​ដាក់​ចេញ​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ ។​

​សម្តេច​ក្រឡាហោម ស ខេង បាន​លើកឡើង​ថា មាន​លទ្ធិប្រជាធិបតេយ្យ​ទើប​មាន​សុខសន្តិភាព ហើយ​មាន​សន្តិភាព​ទើប​មាន​ការអភិវឌ្ឍន៍​ប្រទេសជាតិ ដូច្នេះ​ត្រូវ​រួមគ្នា​ថែរក្សា​សន្តិភាព​ដែល​កំពុង​មាន​នាពេល​បច្ចុប្បន្ន​នេះ ហើយ​ត្រូវ​ទប់ស្កាត់​ដាច់ខាត​នូវ​ចលនា​សង្គ្រោះ​ជាតិ ហើយ​បើ​ចលនា​សង្គ្រោះ​ជាតិ​ចង់​ចុះបញ្ជី​ក្នុង​ក្រសួង​មហាផ្ទៃ គឺ​ក្រសួង​មហាផ្ទៃ​មិន​ឲ្យ​ចុះ​នោះ​ឡើយ ។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​បន្ថែមទៀតថា ក្នុងនាម​ជា​កម្លាំង នគរបាល គឺ​ត្រូវ​ថែរក្សា​សន្តិសុខ​រួម​ដូច្នេះ​ករណី​ការរំលាយ​គណបក្ស​សង្ក្រោះ​ជាតិ​របស់​តុលា ការ​នា​ខែ​វិច្ឆិកា ឆ្នាំ​២០១៧​កន្លងទៅនេះ គឺ​ស្រប​ទៅតាម​ច្បាប់ និង​ដើម្បី​ថែរក្សា​សុខសន្តិភាព និង​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា ហើយ​ថា​កម្ពុជា​លែង​ចង់​ឃើញ​នូវ​សង្គ្រាម​បន្ត​ទៀត​នោះ​ឡើយ ហើយ​ប្រសិនបើ​មាន​ទៀត​នោះ​មិន​អាច​ងាយ​នឹង​ស្តារ​ប្រទេស​ឲ្យ​រីកចំរើន ដូច​បច្ចុប្បន្ន​នេះ​វិញ​ឡើយ ។ ដូច្នេះ​សមត្ថកិច្ច​ត្រូវ​ឃ្លាំ​មើល​តាម​មូលដ្ឋាន ក្រែងលោ​មាន​សកម្មភាព​ចលនា​សង្គ្រោះ​ជាតិ​នេះ​កើតឡើង​ត្រូវ​ទប់ស្កាត់​ភ្លាម ។​

​សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា “​អ្នកណា​ក៏​ដោយ​ដែល​ប៉ុនប៉ង​បំផ្លាញ​នូវ​លទ្ធិប្រជាធិបតេយ្យ ហើយ​ប៉ុនប៉ង​ឡើង​កាន់​អំណាច មិន​តាមរយៈ​ការបោះឆ្នោត អ្នក​នោះ​ឯង​គឺ​ដើរ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​ហើយ ផ្ទុយ​នឹង​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ​ហើយ​។ យ៉ាងណាមិញ​គណបក្ស​ដែល​ត្រូវបាន​រំលាយ ដោយ​តុលាការ​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៧ គឺ​ពួកគេ​បាន​រំលោភ​លើ​រដ្ឋធម្មនុញ្ញ ពីព្រោះ​ឆ្នាំ​២០១៣ ពេល​ដែល​ប្រកួតប្រជែង​ការបោះឆ្នោត​យ៉ាង​តឹងតែង ដោយ​សេរី​ត្រឹមត្រូវ យុត្តិធម៌ បាន​៥៥​កៅអី តែ​គេ​បដិសេធ​មិន​ទទួលស្គាល់ ហើយ​បាន​នាំគ្នា​ប្រមូលផ្តុំ​កម្លាំង​មហាជន ដើម្បី​ឈាន​ទៅ​ផ្តួលរំលំ​រដ្ឋអំណាច​ស្របច្បាប់ និង​បាន​បំផ្លាញ​ចូល​លទ្ធផល​នៃ​ការបោះឆ្នោត ហើយ​ឡើង​កាន់​អំណាច​ខ្លួនឯង ដូច្នេះ​ត្រង់​នេះហើយ​ដែល​យើង​ថា គណបក្ស​នេះ​ចង់​ឡើង​កាន់​អំណាច តែ​មិន​អនុវត្តន៍​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស តាម​រដ្ឋធម្មនុញ្ញ​។ ត្រង់នេះ​ដែរ​យើង​ត្រូវតែ​យល់​ឲ្យ​ច្បាស់ ហើយ​កម្ពុជា​បើ​មិន​ដើរ​លើ​ផ្លូវ ប្រជាធិបតេយ្យ​វា​ក៏​គ្រោះថ្នាក់ អីចឹង​នរណា​ប៉ះ​លទ្ធិប្រជាធិបតេយ្យ​អត់​បាន​។ ឥឡូវ​សាក​បណ្តោយ​គាត់ យើង​មិន​ធ្វើ​អី ព្រោះ​មិនមែន​តែ​ឆ្នាំ​២០១៣​ទេ ក្រោយមកទៀត ខ្ញុំ​ក៏​រួមចំណែក​ចូលប្រឡូក​ដើម្បី​តស៊ូ​ជាមួយ​ពួក​ហ្នឹង​ដែរ ទោះបី​គាត់​ទៅ​អង្គុយ​រដ្ឋសភា​ក៏​ដោយ ចែក​អសនៈ និង​ធ្វើ​តាម​សំណូមពរ​គាត់ ប៉ុន្តែ​នៅតែ​មិន​សុខ​ដើម្បី​នឹង​ឈាន​ឆ្ពោះ​ទៅ​ផ្តួលរំលំ ហើយ​២០១៨​បើ​ចាញ់ឆ្នោត​គឺ​ដូចគ្នា​ហ្នឹង​។ នោះ​ហើយ​ដែល​យើង​និយាយថា បើ​ទុក​ទៅ​គឺ​នឹង​អន្តរាយ​ដល់​កម្ពុជា​”​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×