Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្ត​បាត់ដំបង ប្រកាស​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ លើ​ករណី​ការកាប់​ទន្ទ្រាន​ថ្មី ការឈូសឆាយដី​ព្រៃ និង​ការតាំង​ទីលំនៅ​ថ្មី​មិន​ស្របច្បាប់​

spot_img

បាត់ដំបង​៖ រដ្ឋបាលខេត្ត​បាត់ដំបង​បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការចាត់វិធានការ​តាមផ្លូវ​ច្បាប់ លើ​ករណី​កាប់​ទន្ទ្រាន​ថ្មី លើដី​ព្រៃ និង​ការតាំង​ទីលំនៅ​ថ្មី មិន​ស្របច្បាប់ នៅក្នុង​តំបន់ការពារធម្មជាតិ នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស និង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត ស្ថិតក្នុង​ភូមិសាស្ត្រ ស្រុក​សំឡូត ខេត្តបាត់ដំបង ។​

​រដ្ឋបាលខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹងថា ស្រប​ពេលដែល​ក្រុមការងារ​ថ្នាក់ជាតិ​ដឹកនាំ​ដោយ ក្រសួងបរិស្ថាន សហការ​អនុវត្ត​ដោយ​ក្រុមការងារ​ចម្រុះ​ខេត្ត បាននិងកំពុង​ចុះ​ធ្វើ​អត្តសញ្ញាណ​កម្ម​មនុស្ស និង​អត្តសញ្ញាណ​កម្ម​ដី ដើម្បី​ពិនិត្យ​លើក​យោបល់​ស្វែងរក​ដំណោះស្រាយ លើ​បញ្ហាដីធ្លី នៅក្នុង​ភូមិសាស្ដ្រ​ស្រុក​សំឡូត ខេត្តបាត់ដំបង ក្នុងនោះ​រដ្ឋបាលខេត្ត បាន​សង្កេតឃើញថា មាន​ប្រជាពលរដ្ឋ​មួយចំនួន បាន​បន្ដ​ទន្ទ្រាន​ដីព្រៃ​ថ្មី​បន្ថែមទៀត តាមរយៈ​ការ​ឈូសឆាយ​ពង្រីក ការកាប់​រាន ឬ​ការតាំង​ទីលំនៅ​ថ្មី​មិន​ស្របច្បាប់​ដែល​ទង្វើ​បែបនេះ​ជា​សកម្មភាព​ខុសច្បាប់​។​

​ជាងនេះទៀត រដ្ឋបាលខេត្ត​នឹងមិន​ទទួលស្គាល់​នូវ​រាល់​ទិន្នន័យ​ទាំងឡាយណា​ដែល​កើត​ដោយសារ​ការ​រុករាន​ថ្មី​នេះឡើយ ទោះបី​ក្នុង​រូបភាព​ណាក៏ដោយ​។​

រដ្ឋបាលខេត្ត​បាត់ដំបង មាន​កិត្តិយស សូម​ជម្រាប​ជូនដំណឹង ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​តាំងទី​លំនៅ ក្នុង​តំបន់ការពារធម្មជាតិ​នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស និង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​សំឡូត ខេត្តបាត់ដំបង​ទាំងអស់​ជ្រាបថាៈ ស្រប​ពេលដែល​ក្រុមការងារ​ថ្នាក់ជាតិ​ដឹកនាំ​ដោយ ក្រសួងបរិស្ថាន សហការ​អនុវត្ត​ដោយ​ក្រុមការងារ​ចម្រុះ​ខេត្ត បាននិងកំពុង​ចុះ​ធ្វើ​អត្តសញ្ញាណ​កម្ម​មនុស្ស និង អត្តសញ្ញាណ​កម្ម​ដី ដើម្បី​ពិនិត្យ​លើក​យោបល់​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហាដីធ្លី នៅក្នុង​ភូមិសាស្ត្រ ស្រុក​សំឡូត ខេត្តបាត់ដំបង រដ្ឋបាលខេត្ត បាន​សង្កេតឃើញថា មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន បាន​បន្ត ទន្ទ្រាន​ដីព្រៃ​ថ្មី​បន្ថែមទៀត តាមរយៈ​ការ​ឈូសឆាយ​ពង្រីក ការកាប់​រាន ឬ​ការតាំង​ទីលំនៅ​ថ្មី​មិន​ស្របច្បាប់ ដែល​ទង្វើ​បែបនេះ​ជា​សកម្មភាព​ខុសច្បាប់ ហើយ​រដ្ឋបាលខេត្ត​នឹងមិន​ទទួលស្គាល់​នូវ​រាល់​ទិន្នន័យ​ទាំងឡាយណា ដែល​កើត​ដោយសារ​ការ​រុករាន​ថ្មី​នេះឡើយ ទោះ​នៅក្នុង​រូបភាព​ណាក៏ដោយ​។​

​ក្នុងន័យនេះ រដ្ឋបាលខេត្ត សូម​ធ្វើការ​ហាមឃាត់ ជាដាច់ខាត និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ដោយ​មិន​លើកលែង​។ ករណី​បងប្អូន​ប្រជាពលរដ្ឋ​ណា​រឹងរូស ឬ​ប្រឆាំង​តបត​ដោយ​ហឹ​ង្សា​ណាមួយ នឹងត្រូវ​ទទួលទោស តាមច្បាប់​ជា​ធរមាន ។ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ត្រូវធ្វើ​ការតាមដាន​ជាប្រចាំ​នៅ ក្នុង​តំបន់ការពារធម្មជាតិ​នៃ​ដែនជម្រកសត្វព្រៃ ភ្នំ​សំ​កុស និង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត ករណី​មានការ​បំពាន ណាមួយ​ទៅលើ​សេចក្តីជូនដំណឹង​នេះ នឹងត្រូវ​ចាត់វិធានការ ដោយ​ធ្វើ​ការចុះ​ចាប់​សម្ភារ គ្រឿងចក្រ ឬ​រុះរើ​លំនៅដ្ឋាន​តាំង​ថ្មី ដោយ​មិន​ទទួលខុសត្រូវ​លើ​ការខូចខាត​ទ្រព្យសម្បត្តិ​ណាមួយ​ឡើយ នឹងត្រូវ​បន្ត​កសាង​សំណុំ រឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​។ ម្យ៉ាងវិញទៀត អាជ្ញាធរ​មូលដ្ឋាន​ក៏​មិនត្រូវ​ចេញ​លិខិតបញ្ជាក់ ទីលំនៅ និង​បញ្ជាក់​ដីធ្លី​ជូន​បងប្អូន ប្រជាពលរដ្ឋ នៅក្នុង​តំបន់ការពារធម្មជាតិ​នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស និង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត​ឡើយ​។​

ខណៈ​ក្រសួង​ជំនាញ​បាននិងកំពុង​ចុះ​សិក្សា ចងក្រង​ទីតាំង​ដី​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់ និង​អាស្រ័យ​ផល​ជា​យូរ​ឆ្នាំ​មកហើយ​ក្នុង​តំបន់​អភិរក្ស ដើម្បី​កាត់​ឆ្វៀល​ជូន​ពលរដ្ឋ​តាម​បទ បញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ថ្លែង​ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២០ មាន​ក្រុម​ជនខិលខូច​មួយចំនួន​បាន និង​កំពុង​ប្រើប្រាស់​ប្រជាពលរដ្ឋ ដើម្បី​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​រដ្ឋ​ដោយ​ខុសច្បាប់​នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស​និង​ស្នើសុំ​កាត់​ឆ្វៀល​។​

​អ្នកពាក់ព័ន្ធ​ទាំងឡាយ​ដែល​គេ​បានដឹង​ក្នុងនោះ​មាន​មេភូមិ មេឃុំ និង​មន្ត្រី​មួយចំនួន​តូច​នៅក្នុង​ស្រុក​សំឡូត ខេត្តបាត់ដំបង ដែល​គេ​ដឹងថា នៅ​ពីក្រោយ​ការរៀបចំ​ប្រជាពលរដ្ឋ​ឱ្យចូល​ទន្ទ្រាន​ដីព្រៃ ត្រូវ​បញ្ឈប់​សកម្មភាព​ជាបន្ទាន់ ព្រោះនេះ​គឺជា​ទង្វើ​ខុសច្បាប់ ខណៈ​អាជ្ញាធរ​មូលដ្ឋាន​មាន​តួនាទី​ជា​អ្នកចូលរួម​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​។​

​កាលពី​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០២០ មន្ត្រី​ជំនាញ នៃ​អាជ្ញាធរខេត្ត​បាត់ដំបង បាន​បង្ក្រាប និង​រឹបអូស​ត្រាក់ទ័រ​ពីរ​គ្រឿង​ដែល​ចូល​ឈូសឆាយ​ដីព្រៃ​នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ភូមិសាស្ត្រ​ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ខេត្តបាត់ដំបង​លើ​ទំហំ​ជិត ២០០​ហិកតា​។​

​ក្រោយ​ការបង្ក្រាប​ការទន្ទ្រាន​ដីព្រៃ និង​ចាប់​ឃាត់ខ្លួន​អ្នកបើកបរ​និង​ត្រាក់ទ័រ​ចំនួន ២​គ្រឿង មានការ​រៀបចំ​ប្រជាពលរដ្ឋ​ឱ្យមក​តវ៉ា​ឱ្យ​ដោះលែង​ជនល្មើស និង​យក​ត្រាក់ទ័រ​ទៅវិញ និង​ថែមទាំង​ទាមទារ​កាត់​ឆ្វៀល​ដីព្រៃ​នោះ​កាន់កាប់​ទៀតផង​។​

​តាម​ការ​ឱ្យដឹង​របស់​អ្នកពាក់ព័ន្ធ ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​តវ៉ា​នោះ​ត្រូវបាន​មេឃុំ​កំពង់​ល្ពៅ និង​មេភូមិ​ចំនួន​៣ ភូមិ​ដើរ​ហៅ​ឱ្យមក​ចូលរួម​តវ៉ា ដើម្បី​ទទួលបាន​ដី​។ ករណីនេះ​ក៏មាន​ការសង្ស័យថា ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រីឃុំ​កំពង់​ល្ពៅ ឈ្មោះ ឡា​ច ហម មេឃុំ​កំពង់​ល្ពៅ និង​មេភូមិ​៣​រូប​ទៀត​រួមមាន គឹម សឺ​ន មេភូមិ​កំពង់​ល្ពៅ ឈ្មោះ សួន ជួន អនុប្រធាន​ភូមិក​
​ំ​ពង់​ល្ពៅ ឈ្មោះ គឹ​ន ម៉ៃ មេភូមិ​អូរ​ដើម​ចេក និង​មាន​អភិបាលរង​ស្រុក​សំឡូត​ឈ្មោះ តុល ភន អធិការ​ស្រុក​សំឡូត​ឈ្មោះ កោ ស៊ុន​កាំ​ង ដែល​បានធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​សន្ទុះ​ក្នុង​ការតវ៉ា និង​យក​បង្គោល​មក​បោះ យក​ត្រាក់ទ័រ​មក​ឈូសឆាយ​ព្រៃ ហើយ​ឱ្យ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​រុះរើ​ទីស្នាក់ការ​ចេញ​មិនឱ្យ​យាម​និង​ដើរល្បាត​នៅ​តំបន់​នោះ​បន្តទៀត ព្រោះ​ដី​ទាំងនោះ​ត្រូវបាន​គេ​ឃុបឃិត​គ្នា​លក់ និង​មាន​ម្ចាស់​អស់​រួចទៅហើយ​។​

​នេះ​បង្ហាញថា ទោះបីជា​រដ្ឋបាលខេត្ត​និង​មន្ទីរជំនាញ​ខិតខំ​ប្រឹងប្រែង​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​ជាប្រចាំ ប៉ុន្តែ​នៅតែមាន​ជនខិលខូច​លួច​ឃុបឃិត​គ្នា និង​ប្រព្រឹត្ត​បទល្មើស​ទន្ទ្រាន កាន់កាប់​ដី​។ យោងតាម​ច្បាប់ គ្មាន​ជនណាម្នាក់​មាន​សិទ្ធិ​លក់​ទិញដូរ​ដី​នៅក្នុង​តំបន់​អភិរក្ស​បានឡើយ ហើយ​កាលដែល​អាជ្ញាធរ​ភូមិ​ឃុំ​ចុះហត្ថលេខា​ទិញ​លក់ដូរ​ដី ក្នុង​តំបន់ការពារធម្មជាតិ​គឺ​ខុសច្បាប់​។​

​ជនខិលខូច​ទាំងឡាយ​ត្រូវ​បញ្ឈប់​វប្បធម៌ ប្រើ​ប្រជាពលរដ្ឋ​ដើម្បី​កាប់ឆ្ការ ទន្ទ្រាន​កាន់កាប់​ដីព្រៃ​រដ្ឋ​ដោយ​ខុសច្បាប់ និង​ស្នើសុំ​កាត់​ឆ្វៀល​ដី​។ នេះ​គឺជា​ទង្វើ​ខុសច្បាប់ ហើយ​ខុសពី​គោលការណ៍ ដែល​ដាក់ចុះ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃទី​៣ និង​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២០​កន្លងទៅ​។ កាលពី​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​សម្តេច​ថា «​ជន​ឆ្លៀតឱកាស ពី​ការបែងចែក​នឹង​ទទួល​ដីធ្លី​នឹងត្រូវ​មានទោស​»​។​

​នៅ​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២០ បានសរសេរថា កាលពី​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ ២០២០ នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជា​ទៅ​ក្រសួង​ទាំង​៣​រួមមាន​៖ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាត់​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅ​អាស្រ័យ​ផល​យូរ​ឆ្នាំ​មកហើយ ក្នុង​តំបន់​អភិរក្ស តំបន់​ដែនជម្រកសត្វព្រៃ និង​តំបន់​ការពារ​ផ្សេងៗ​ទៀត​របស់​រដ្ឋ​ក្នុងនោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានបញ្ជាក់​សង្កត់ធ្ងន់​ច្បាស់ៗ​ថា​៖

​ទី​១៖ ចំពោះ​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​អាស្រ័យ​ផល​ជាក់ស្តែង​ក្នុង​តំបន់​ដី​រដ្ឋ​ដូច​បញ្ជាក់​ខាងលើ​គឺ​ហាម​កាប់ឆ្ការ​ទន្ទ្រាន​វាតទី​យក​ដី​បន្ថែម គឺ​មិន​អនុញ្ញាត​ជាដាច់ខាត​។ កន្លងមក​សម្តេច​តេ​ជោ បាន​សង្កេត​ឃើញតែ​អ្នកមានអំណាច និង​អ្នកមាន​ទ្រព្យ​ច្រើន​អ្នក​អ្នកតូចតាច​ឱ្យទៅ​កាប់ រុករាន​ទន្ទ្រាន​យក​ដី​ឱ្យ​ខ្លួន​។ រីឯ​ចំពោះ​ក្រុម​ជនខិលខូច​ដែល​ទៅ​ទន្ទ្រាន​យក​ដី​រដ្ឋ​មួយ​យប់ ធ្វើបាន​ខ្ទម​ពី​១០ ទៅ ២០​ក៏​សម្តេច​បានដឹង បានកំណត់​អត្តសញ្ញាណ និង​មុខសញ្ញា​អស់ហើយ​ដែរ​។ បើ​រកឃើញថា អ្នក​ទាំង​នោះបាន​ប្រព្រឹត្ត​មែន​នោះ​គឺ​នឹងត្រូវ​ចាប់ខ្លួន​។​

​ទី​២៖ ចំពោះ​ការបែងចែក​ដីជូ​ន​ប្រជាពលរដ្ឋ គឺ​ក្រសួង​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​ត្រូវធ្វើ​ឱ្យបាន​ហ្មត់ចត់ ត្រឹមត្រូវ ហាម​ដាច់ខាត​ឆ្លៀត​កេងចំណេញ​យក​ចំណែក​ខ្លួន​ពី​ការបែងចែក​ដីជូ​ន​ពល​រដ្ឋ គឺ​នឹងត្រូវ​ទទួល ទោស​ជា​កំហិត​។​

​ទី​៣៖ ក្រៅពី​កាត់​ឆ្វៀល​ដីជូ​ន​ប្រជាពលរដ្ឋ​ទៅតាម​ទំហំ​រស់នៅ​ជាក់ស្តែង​គឺ​រដ្ឋ​នឹងត្រូវ​បន្ថែម​ផ្ទៃដី ១០%​ជា​ប្រយោជន៍​រួម​សម្រាប់​សហគមន៍​ប្រើប្រាស់​ជា​ព្រៃ​រក​អុស និង​ជា​ជម្រក​សត្វ​គោក្របី​ស៊ី​ស្មៅ​ជាដើម​៕ ដោយ​៖​កូ​ឡាប​


spot_img
×