Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក ជិន ម៉ា​លីន ៖ វា​ជា​រឿង​ធម្មតា​ដែល​លោកស្រី រ៉ូ​ណា ស្មី​ត លើកឡើង​ពី​ក្តីបារម្ភ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា

spot_img

​ភ្នំពេញ​៖ លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​លើកឡើងថា វា​ជា​រឿង​ធម្មតា​ដែល​លោកស្រី រ៉ូ​ណា ស្មី​ត (Rhona Smith) លើកឡើង​ពី​ក្តីបារម្ភ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅពេលដែល​លោកស្រី​ទទួលបាន​នូវ​របាយការណ៍​ក៏ដូចជា​ព័ត៌មាន​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ករណីនេះ ។ លោក ជិន ម៉ា​លីន​ក៏ បាន​ស្វាគមន៍​ចំពោះ​អនុសាសន៍​របស់លោក​ស្រី ដែល​លើកទឹកចិត្ត​ឱ្យ​អាជ្ញាធរ​ចាប់​ក្រុមអ្នកតវ៉ា​ទាំងនេះ​ទៅកាន់​តុលាការ​។​

លោក ជិន ម៉ា​លីន បាន​ថ្លែង​សារ​នៅ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​៩​ខែកញ្ញា​ឆ្នាំ​២០២០​នេះ​ថា បី​ចំណុច អំពី​សារ​របស់​លោកស្រី Rhona Smith អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ៖

១. វា​ជា​រឿង​ធម្មតា​ដែល​លោកស្រី Rhona Smith លើកឡើង​ពី​ក្តីបារម្ភ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅពេលដែល​លោកស្រី​ទទួលបាន​នូវ​របាយការណ៍​ក៏ដូចជា​ព័ត៌មាន​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ករណីនេះ ទោះបីជា​របាយការណ៍​និង​ព័ត៌មាន​ទាំងនោះ ផ្តល់​ដោយ​ប្រភព​និង​ក្រុម ដែលមាន​និន្នាការ​នយោបាយ​យ៉ាងណាក៏ដោយ ព្រោះ​វា​ជាក​ត​ព្វ​កិច្ច និង​អណ​ត្តិ​របស់​លោកស្រី ក្នុងនាម​ជា​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​

២. សារ​របស់​លោកស្រី មិនបាន​ចោទប្រកាន់​វិធានការ​ច្បាប់ របស់​សមត្ថកិច្ច​ថា ជាការ​រំលោភបំពាន​សិទ្ធិមនុស្ស​នោះទេ គឺ​គ្រាន់តែ​លើក​ពី​គោលការណ៍​ទូទៅ នៃ​សិទ្ធិមនុស្ស​ដែល​រដ្ឋាភិបាល​មាន​កាតព្វកិច្ច​គោរព ការពារ និង​បំពេញ ដើម្បី​ធានាថា​ពលរដ្ឋ​អាចអនុវត្ត​សិទ្ធិ​របស់ខ្លួន បាន​ដោយ​សេរី និង​ក្នុង​ក្របខ័ណ្ឌ​ច្បាប់ ហើយ​ដែល​រដ្ឋាភិបាល​បាននិងកំពុង​ប្រកាន់យក និង​អនុវត្ត​យ៉ាង​ភ្ជាប់​ខ្ជួន​តាមរយៈ​យន្តការ នៃ​ការអនុវត្ត​ច្បាប់​យ៉ាង​ម៉ឹងម៉ាត់ នាពេល​កន្លងមក​។​

៣. ការដែល​លោកស្រី​ជំ​រុញឱ្យ​សមត្ថកិច្ច​បញ្ជូន​ជនល្មើស​ទៅ​តុលាការ សបញ្ជាក់​ឱ្យឃើញ​យ៉ាងច្បាស់​ថា លោកស្រី​គាំទ្រ​និង​យល់ច្បាស់​នូវ​វិធានការ​ច្បាប់ របស់​រដ្ឋាភិបាល​ចំពោះ​អ្នក​ដែល​អនុវត្ត​សិទ្ធិ ដោយ​បំពាន​និង​ឈានទៅ​ការប្រព្រឹត្ត​បទល្មើស ដែល​ជនជាប់ចោទ​ត្រូវ​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់ និង​ត្រូវ​ចូលរួម​ក្នុង​ដំណើរការ​នីតិវិធីតុលាការ ដើម្បី​ធ្វើការ​ការពារ​ខ្លួន តតាំង​ជាមួយ​សមត្ថកិច្ច ដែលមាន​មូលដ្ឋាន​ច្បាប់​រឹងមាំ និង​ច្បាស់លាស់​ក្នុងការ​ចោទប្រកាន់ ហើយ​ដែល​នេះ ជា​មធ្យោបាយ​ស្របច្បាប់​តែមួយគត់ ក្នុងការ​ការពារ​ជនជាប់ចោទ នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​នីតិរដ្ឋ ជាជាង​ការជួបជុំ​តវ៉ា​បែប​អនាធិបតេយ្យ ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល និង​ស្ថាប័ន​តុលាការ ដែលជា​ស្ថាប័ន​ឯករាជ្យ​ឱ្យធ្វើ​ការដោះលែង ឬ​ទម្លាក់ចោល​បទ​ចោទ​ទាំង​បំពាន​ច្បាប់ រដ្ឋធម្មនុញ្ញ គោលការណ៍​ប្រជាធិបតេយ្យ​នីតិរដ្ឋ និង​ការបែងចែក​អំណាច​។​

​លោកស្រី រ៉ូ​ណា ស្មី​ត នៅ​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២០ បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កដោយ​បង្ហាញ​ក្តីបារម្ភ​របស់ខ្លួន ជុំវិញ​វិធានការ និង​ចំណាត់ការ​របស់​អាជ្ញាធ​រ​មាន​សមត្ថកិច្ច​រប​ស់​កម្ពុជា លើ​ក្រុមយុវជន​មួយក្រុម ដែល​ធ្វើ​សកម្មភាព​តវ៉ា​នាំឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម​នៅ​កម្ពុជា​។​

​លោកស្រី រ៉ូ​ណា ស្មី​ត បានសរសេរថា ខ្ញុំ​មាន​កង្វល់​ចំពោះ​របាយការណ៍​ថ្មីៗ​នេះ​អំពី​ការចាប់ខ្លួន​សកម្មជន​បរិស្ថាន​ចំនួន​បី​រូប ដែល​ឥឡូវនេះ​ត្រូវបាន​ចោទប្រកាន់​ពីបទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​បង្កើត​ភាពវឹកវរ​នៅក្នុង​សង្គម តាម​មាត្រា ៤៩៤ និង​៤៩៥​នៃ​ក្រមព្រហ្មទណ្ឌ​។ បុគ្គល​មួយចំនួនទៀត រាប់ទាំង​ព្រះសង្ឃ​មួយអង្គ​ត្រូវបាន​ចាប់ខ្លួន និង​ឃុំខ្លួន​ចាប់តាំងពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។​

​លោកស្រី​បន្ថែមថា ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​អាជ្ញាធរ​កម្ពុជា ធានាថា សិទ្ធិ​ទាំងនេះ​ត្រូវបាន​គោរព និង​ការពារ ហើយ​បង្កើត​បរិយាកាស​មួយ ដែល​បុគ្គល​ម្នាក់ៗ​អាចអនុវត្ត​សិទ្ធិ​ទាំងនេះ​។ ខ្ញុំ​សូម​ជំរុញ​ឲ្យ​បញ្ជូន​អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​ទាំងនោះ​ទៅ​តុលាការ ហើយ​ត្រូវគោរព​ឲ្យ​បាន​ពេញលេញ​នូវ​សិទ្ធិ​ទទួលបាន​នីតិវិធី​ត្រឹមត្រូវ​របស់​ពួកគេ​។ ខ្ញុំ​កំពុង​តាមដាន​ព្រឹត្តិការណ៍​ទាំងនេះ​យ៉ាង​ដិតដល់​នៅក្នុង​ប្រទេស​កម្ពុជា​៕​ដោយ​៖​កូ​ឡាប​

spot_img
×