Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល​បង្កើត​គណៈកម្មការ​អន្តរក្រសួង ដើម្បី​សិក្សា​និង​អនុវត្ត​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប

spot_img

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​ចេញ​សេចក្ដីសម្រេច​បង្កើត​គណៈ​កម្ម​ការ​អន្ដរក្រសួង ដើម្បី​សិក្សា និង​អនុវត្ត​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល ចំនួន​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​យោងតាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល ដែល​ចុះហត្ថលេខា​ដោយ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​នៅ​ថ្ងៃទី​៨ ខែកញ្ញា គណៈកម្មការ​នេះ​មាន​តួនាទី​ដឹកនាំ គ្រប់គ្រង និង​សម្របសម្រួល​លើ​ការងារ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប បូក​រួមទាំង​ការសិក្សា ការរៀបចំ អនុវត្ត ត្រួតពិនិត្យ តាមដាន និង​វាយតម្លៃ​គម្រោង និង​ត្រូវ​រៀបចំ​របាយការណ៍​ស្តីពី​វឌ្ឍនភាព នៃ​ការអនុវត្ត​គម្រោង​ជូន​រាជរដ្ឋាភិបាល​ផងដែរ​។​

​សេចក្ដីសម្រេច សម្ដេច​តេ​ជោ ហ៊ុន សែន បានប្រគល់​តួនាទី​ជូន សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ការពារ ជា​ប្រធាន អមដោយ​អនុប្រធាន​ម្នាក់ អនុប្រធាន​អចិន្ដ្រៃយ៍​ម្នាក់ និង​សមាជិក​១៥​រូប​។​

​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ទម្លាក់​កញ្ចប់​ថវិកាជាតិ​ចន្លោះ​ពី ១០០ ទៅ​១៥០​លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់ និង​កែលម្អ​ផ្លូវ​ចំនួន ៣៨​ខ្សែ នៅ​ទី​រួម​ខេត្តសៀមរាប​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា ការសម្រេច​សាងសង់​ផ្លូវ​ទាំង​៣៨​ខ្សែ​នៅ​ទី​រួម​ខេត្តសៀមរាប​នេះ មិន​ត្រឹមតែ​ជាការ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​ក្រុង​សៀមរាប ដែលជា​ទីក្រុង​ទេសចរណ៍​ដ៏​ល្បាញ​ល្បី​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ក៏​ជាការ​រួមចំណែក​ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ ក្នុងកំឡុងពេល​ជួប​វិបត្តិ​កូ​វីដ​១៩​នេះ​ផងដែរ​។​

​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ នៅ​រសៀល​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២០​នេះ ក៏បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​គម្រោង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ចំនួន​៣៨​ខ្សែ នៅ​ទី​រួម​ខេត្តសៀមរាប​នេះ​ផងដែរ ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​៕ ដោយ​៖​កូ​ឡាប​

spot_img
×