Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ដឹកនាំ​កិច្ចប្រជុំ​គម្រោង​សាងសង់​ផ្លូវ​ចំនួន ៣៨​ខ្សែ ក្នុង​ក្រុង​សៀមរាប​

spot_img

​ភ្នំពេញ​៖​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ដឹកនាំ​កិច្ចប្រជុំ​គម្រោង​សាងសង់​ផ្លូវ​ចំនួន ៣៨​ខ្សែ ក្នុង​ក្រុង​សៀមរាប ក្នុង​គោលបំណង​ប្រែក្លាយ​ក្រុង​មួយ​នេះ​ឱ្យ​ក្លាយជា​ទីក្រុង ដែល​ពោរពេញ​ដោយ​សោភ័ណភាព បរិស្ថាន​ល្អ ជំរុញ​ការបង្កើត​ការងារ និង​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ ព្រមទាំង​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរណ៍ និង​កំណើន​សេដ្ឋកិច្ចជាតិ​ក្រោយ​វិបត្តិ​ជំងឺ កូ​វីដ​-១៩ បន្ទាប់ពី​រាជរដ្ឋាភិបាល​បានសម្រេច​បញ្ចេញ​កញ្ចប់​ថវិកា ប្រមាណ ១៥០ លាន​ដុល្លារ​អាមេរិក សម្រាប់​ការអនុវត្ត​គម្រោង​នេះ​។​

​នៅ ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២០ នៅ ទីស្តីការក្រសួង មាន​បើក​កិច្ចប្រជុំ ស្តីពី គម្រោង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ក្នុង​ទីក្រុង​សៀមរាប ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និង​ដឹកជញ្ជូន ព្រមទាំង​មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​ក្រសួង​ទាំងបី ផងដែរ​។​

​សូម​ជម្រាបជូន​ថា​៖ រាជរដ្ឋាភិបាល​បានសម្រេច​បញ្ចេញ​កញ្ចប់​ថវិកា ប្រមាណ​ពី ១០០ ទៅ ១៥០ ដុល្លារ​អាមេរិក សម្រាប់​គម្រោង​សាងសង់​ផ្លូវ​ចំនួន ៣៨​ខ្សែ ក្នុង​ក្រុង​សៀមរាប ក្នុង​គោលបំណង​ប្រែក្លាយ​ក្រុង​មួយ​នេះ​ឱ្យ​ក្លាយជា​ទីក្រុង ដែល​ពោរពេញ​ដោយ​សោភ័ណភាព បរិស្ថាន​ល្អ ជំរុញ​ការបង្កើត​ការងារ និង​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ ព្រមទាំង​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរណ៍ និង​កំណើន​សេដ្ឋកិច្ចជាតិ​ក្រោយ​វិបត្តិ​ជំងឺ កូ​វីដ​-១៩​។​

​គម្រោង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្នុង​ទីក្រុង​ក្នុង​ទី​រួម​ខេត្តសៀមរាប​នេះ មាន​ចំនួន​៣៨​ខ្សែ មាន​ប្រវែង សរុប​៩៨,៣៤​គីឡូម៉ែត្រ ហើយ​គម្រោង​នេះ​គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២១​។ គម្រោង​នេះ​គ្រោង​នឹងសិក្សា​សាងសង់​ផងដែរ នូវ​ប្រព័ន្ធ​លូ ចិញ្ចើមផ្លូវ ផ្លូវ​ថ្មើរជើង ផ្លូវ​ជិះ​កង់ ចំណតរថយន្ត ប្រព័ន្ធ​បំភ្លឺ​ផ្លូវ​សាធារណៈ ផ្លាកសញ្ញា​និង​គំនូស​ចរាចរណ៍ ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព អាច​ចម្រោះ​ទឹក​កខ្វក់ និង​ការធ្វើ​សួន​និង​ដាំ​ដើមឈើ ។​

​ការស្តារ​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ ជាការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ មិន​ធ្លាប់មាន​ពីមុនមក​ក្នុងការ​ស្ថាបនា​ផ្លូវ​ទូទាំង​ក្រុង​សៀមរាប បែបនេះ ហើយ​នេះ​គឺជា​ការបង្ហាញ នូវ​ការយកចិត្តទុកដាក់ ពី​ប្រមុខ​រាជរដ្ឋាភិបាល ក្នុងការ​ប្រែក្លាយ​ទីក្រុង​វប្បធម៌​ប្រវត្តិសាស្ត្រ ដ៏​សម្បូរបែប​មួយ​នេះ ឲ្យ​កាន់​តែមាន​ភាព​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ និង​ការវិនិយោគ​បន្ថែមទៀត ស្របទៅនឹង​គោលនយោបាយ​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​។​

​សម្ដេច​ពិជ័យ​សេនា​ឧបនាយករដ្ឋមន្ត្រី ប្រធាន​អង្គប្រជុំ បាន​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បានសម្រេច​ផ្តល់​ថវិកាជាតិ ដល់​ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន នៅក្នុង​ក្រុង​សៀមរាប ព្រមទាំង​បានផ្តល់​ទំនុកចិត្ត​ដល់​សម្តេច​ក្នុងការ​ដឹកនាំ​គម្រោង​នេះ​ដោយផ្ទាល់ ដោយមាន​ការចូលរួម​ជ្រោមជ្រែង​ពី​ក្រសួង​ជំនាញ រួមមាន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត​។​

​ថ្លែង​ទៅកាន់​អង្គប្រជុំ​នាឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​សម្ដែង​នូវ​មោទនភាព​ជា​អនេក​ដែល​រាជរដ្ឋាភិបាល បាន​បញ្ចេញ​កញ្ចប់​ថវិកា ក្នុង​ចំនួន​ទឹកប្រាក់​យ៉ាងច្រើន​បែបនេះ ក្នុងស្ថានភាព​កម្ពុជា​ក៏ដូចជា ពិភពលោក កំពុង​ប្រឈម​នឹង​ជំងឺ​កូ​វីដ​១៩ ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ៣៨​ខ្សែ​នៅក្នុង​ក្រុង​សៀមរាប សំដៅ​កែប្រែ​មុខមាត់​ថ្មី នៃ​ទឹកដី​អង្គរ នៃ​យើង​ឱ្យ​កាន់​តែមាន​ភាពស្រស់​បំព្រង និង​កាន់​តែមាន​ភាព​ទាក់ទាញ​។ ជាងនេះទៅទៀត ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដែល​គម្រោង​នេះ​ត្រូវបាន ដឹកនាំ​ផ្ទាល់​ដោយ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​មានការ​ចូលរួម ជ្រោមជ្រែង ពី​សំណាក់ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា តាម​ការសម្រេច​ដ៏​ខ្ពង់ខ្ពស់​ពី សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ប្ដេជ្ញា​យ៉ាង​មុតមាំ​ថា​នឹង​ខិតខំ​ប្រឹងប្រែង​អនុវត្ត​គម្រោង សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ នៅក្នុង​ទីក្រុង​សៀមរាប​នេះ ឲ្យ​ទទួលបាន​ជោគជ័យ​តាម​ការ គម្រោង​ទុក ដោយ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គណៈកម្មការ​អន្តរក្រសួង ព្រមទាំង​អាជ្ញាធរ​ដែនដី និង​ភាគី​ពាក់ព័ន្ធ​ផងដែរ​។​

​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានផ្តល់​អនុសាសន៍​ដ៏​មាន​សារសំខាន់ មួយចំនួន​រួមមាន​៖ ការស្នើ​ឱ្យមាន​ការពិនិត្យ​ឱ្យបាន​លម្អិត​លើ​លក្ខណៈ​បច្ចេកទេស​សាងសង់​, គោរព​តាម​ប្លង់គោល​ប្រើប្រាស់​ដី​ក្រុង​សៀមរាប ចក្ខុវិស័យ​ឆ្នាំ​២០២៣ របស់​គណៈកម្មាធិការ​រៀបចំ​ដែនដី និង​នគ​រូប​នី​កម្ម​ថ្នាក់ជាតិ​, ការសិក្សា​ឱ្យបាន​សព្វ​ជ្រុងជ្រោយ​លើ​តម្រូវការ អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​ក្រុង​សៀមរាប​ទាំងមូល​ធ្វើជា​ផែនការមេ ការសាងសង់​ផ្លូវ​ដែលមាន​លក្ខណៈ​ត​ភ្ជាប់​ពី​ចំណុច​ចាប់ផ្តើម​ដល់​ចំណុច​គោលដៅ​នីមួយៗ​, ការជ្រើសរើស​ប្រតិបត្តិ​ករ​សម្រាប់​ការសាងសង់​ដែលមាន​បទពិសោធន៍ សម្រាប់​ការអនុវត្ត​ការងារ​សាងសង់ មាន​គ្រឿងចក្រ​គ្រប់គ្រាន់ និង​មាន​ទំនួល​ខុសត្រូវ​ការងារ​ខ្ពស់​, ការសម្របសម្រួល​ឯកសារ​គម្រោង​, ការគ្រប់គ្រង​កា​រដ​
​្ឋាន​សាងសង់ ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍​, ការកំណត់​រយៈពេល​សាងសង់​ពី​១២ ទៅ ១៤​ខែ និង​ការត្រៀម​រៀបចំ​ដើម្បី​បើក​ការដ្ឋាន​ជា​ផ្លូវការ នាពេល​ឆាប់ៗ​ខាងមុខនេះ ជាដើម​។​

​ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​គូសបញ្ជាក់ថា​៖ គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ​នេះ​គឺជា​ការបញ្ជាក់​ឱ្យឃើញ​ពី​ការខិតខំ​ប្រឹងប្រែង​ពុះពារ​ឧបសគ្គ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ទោះបីជា​កម្ពុជា​កំពុងស្ថិត​ក្នុងស្ថានភាព​ប្រឈម​នឹង​ជំងឺ​កូ​វីដ​-១៩ យ៉ាងណាក៏ដោយ​។​

​សម្ដេច​ពិជ័យ​សេនា​ឧបនាយករដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​ក្រុមការងារ​បច្ចេកទេស​នៃ ក្រសួង​ទាំងពីរ ចុះ​ពិនិត្យ សិក្សា និង​ធ្វើការ​វាយតម្លៃ បញ្ជាក់​ឱ្យបាន​ល្អិតល្អន់ លើ​ស្ថានភាព​ជាក់ស្តែង​ផ្លូវ​ទាំង ៣៨​ខ្សែ ដែល​បាន​ស្នើឡើង​នេះ ដើម្បី​ឈានទៅរក​ការ ឯកភាពគ្នា ក្នុង​កម្រិត​បច្ចេកទេស​រួមមួយ ដែល​អាច​ធានា នូវ​ការសាងសង់​ផ្លូវ​ប្រកបដោយ​គុណភាព​ខ្ពស់ និង​មាន​និរន្តរភាព​យូរអង្វែង​។

​អង្គប្រជុំ​បានសម្រេច​ឯកភាពគ្នា​ថា​៖ ប្លង់​នៃ​ការសិក្សា​លម្អិត និង​ផែនការ​នៃ​ការអនុវត្ត​គម្រោង​នេះ នឹងត្រូវ​បង្ហាញជូន ក្នុង​កិច្ចប្រជុំ គណៈកម្មការ​អន្ដរក្រសួង​ដើម្បី​សិក្សា និង​អនុវត្ត​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន ៣៨​ខ្សែ ដែល​គ្រោង​នឹងធ្វើ​ឡើង នៅ​ក្រុង​សៀមរាប នា​ថ្ងៃទី​២៣ ខែកញ្ញា ខាងមុខនេះ​៕​ដោយ​៖​កូ​ឡាប​


spot_img
×