Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ជួយ​ដល់​គ្រួសារ​ក្រីក្រ​ពិតប្រាកដ ដើម្បី​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​

spot_img

​កែប​៖ ដើម្បីឱ្យ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ បាន​ទៅ​ដល់ដៃ​ប្រជាជន​គ្រួសារ​ក្រីក្រ​ពិតប្រាកដ ខ្ញុំ​សូមឱ្យ​ក្រុមប្រឹក្សា​ប្រឹក្សា​ឃុំ​សង្កាត់ មេភូមិ និង​អ្នកមាន​ចំណែក​ពាក់ព័ន្ធ មេត្តា​ធ្វើ​យ៉ាង​កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ ឱ្យ​ច្បាស់លាស់ ម៉ត់ចត់ រួម​នឹង​ការដក​ប័ណ្ណ​សមធម៌​ពី​គ្រួសារ​ដែលមាន​ជីវភាព​ប្រសើរ​ឡើងមក​វិញ​។​

​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ស្នើ​ដល់​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាជ្ញាធរ​មូលដ្ឋាន និង​គ្រួសារ​ដែលមាន​ជីវភាព​ប្រសើរ​ទាំងអស់ មេត្តាជួយ និង​យោគយល់​ដល់​គ្រួសារ​ក្រីក្រ​ពិតប្រាកដ ដើម្បី​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល ក្នុងអំឡុងពេល​នៃ​វិបត្តិ​កូ​វីដ​១៩ ។​

​មានប្រសាសន៍​លើកឡើង​បែបនេះ​នៅ ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២០​ក្នុងឱកាស​ដែល​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ អម​នឹង​ថ្នាក់ដឹកនាំ មន្ត្រី​ជំនាញ​ទទួលបន្ទុក​ការងារ​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ នៃ​ក្រសួងផែនការ ក្នុង​ដំណើរ​បេសកកម្ម​ត្រួតពិនិត្យ ក៏ដូចជា​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សាឃុំ​សង្កាត់ និង​គ្រួសារ​ក្រីក្រ ចំនួន​៣​ខេត្ត រួមមាន​៖ ខេត្ត​កែប ខេត្តតាកែវ និង​ខេត្តកំពង់ស្ពឺ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប មន្ទីរ​ផែនការ​ខេត្ត​កែប ខេត្តតាកែវ ខេត្តកំពង់ស្ពឺ និង​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​ពាក់ព័ន្ធ​អញ្ជើញ​ចូលរួម​ផងដែរ​។​

​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សាឃុំ សង្កាត់ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​រយៈពេល​ប្រមាណ​ជាង​២០​ឆ្នាំ​ចុង​ក្រោយនេះ បាន​នាំ​នាវា​កម្ពុជា​ឈាន​មក​នូវ​ភាព​រីកចម្រើន ស្មើមុខស្មើមាត់​លើ​ឆាក​អន្តរជាតិ បាន​ជំរុញឱ្យមាន​កំណើនសេដ្ឋកិច្ច កើន​ក្នុង​រង្វង់​៧%​ជា​រៀងរាល់ឆ្នាំ ហើយ​តាមរយៈ​កំណើនសេដ្ឋកិច្ច​នេះ រាជរដ្ឋាភិបាល​បាន​បែងចែក​ផ្លែផ្កា​នៃ​កំណើនសេដ្ឋកិច្ច​នេះ កាត់បន្ថយ​ភាពក្រីក្រ​បានមក​ត្រឹម​១៣,៥%​ក្នុង​ឆ្នាំ​២០១៤ និង​បន្ត​ធ្លាក់ចុះ​ជាង​១%​ជា​រៀងរាល់ឆ្នាំ បន្ត​កាត់បន្ថយ​នូវ​វិសមភាព​សង្គម បន្ត​ធានា​រក្សា​នូវ​ចីរភាព​បរិស្ថាន​ធម្មជាតិ ក្នុង​គោលដៅ​ពង្រឹង​នូវ​សន្តិភាព​ដ៏​មានតម្លៃ​របស់​ជាតិ ប្រជាជន​កម្ពុជា​។​

​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត បាន​បន្តថា ដោយសារ​វិបត្តិ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​នេះ បានធ្វើឱ្យ​សេដ្ឋកិច្ច​របស់​ពិភពលោក រួម​នឹង​កម្ពុជា ត្រូវបាន​ធ្លាក់ចុះ ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សេដ្ឋកិច្ច ជាពិសេស​ប្រជាជន​ក្រីក្រ​តែម្តង​។ ដោយ​មើលឃើញ​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ សម្តេច​តេ​ជោ ហ៊ុន សែន លោក​បានប្រកាស​ឱ្យ​ដំណើរការ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​របស់​រាជរដ្ឋាភិបាល​ជូន​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២០ ដែល​គិត​មកដល់ពេលនេះ យើង​អនុវត្ត​ការបើកប្រាក់​បាន​ចំនួន​៣​លើក រួចមកហើយ​ដែលមាន​គ្រួសារ​ក្រីក្រ សរុប​ប្រមាណ​៦៧​ម៉ឺន​គ្រួសារ ស្មើនឹង​ប្រជាជន​សរុប​ចំនួន​ប្រមាណ​២​លាន​៧​សែន​នាក់ ទទួលបាន​ប្រាក់ឧបត្ថម្ភ ហើយ​ក្នុងនោះ​យើង​ក៏បាន​ដក​បណ្ណ​សមធម៌​ដែលមាន​ភាពមិនប្រក្រតី និង​គ្រួសារ​ដែលមាន​ជីវភាព​ប្រសើរឡើង បាន​ចំនួន​ប្រមាណ​ជាង​១​ម៉ឺន​១​ពាន់​គ្រួសារ​ផងដែរ​។​

​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត បាន​បន្ថែមទៀតថា ដើម្បីឱ្យ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ បាន​ទៅ​ដល់ដៃ​ប្រជាជន​គ្រួសារ​ក្រីក្រ​ពិតប្រាកដ ខ្ញុំ​សូមឱ្យ​ក្រុមប្រឹក្សា​ប្រឹក្សា​ឃុំ​សង្កាត់ មេភូមិ និង​អ្នកមាន​ចំណែក​ពាក់ព័ន្ធ មេត្តា​ធ្វើ​យ៉ាង​កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ ឱ្យ​ច្បាស់លាស់ ម៉ត់ចត់ រួម​នឹង​ការដក​បណ្ណ​សមធម៌​ពី​គ្រួសារ ដែលមាន​ជីវភាព​ប្រសើរ​ឡើងមក​វិញ ជាពិសេស​សូមជួយ​ស្វែងរក​ប្រជាជន​គ្រួសារ​ក្រីក្រ​ដែល​ពិតប្រាកដ ដោយ​មិន​គិត​ហេតុផល​នយោបាយ ឬ​ហេតុផល​ណាមួយ ដើម្បី​ធានាថា​មិន​ទុក​អ្នកណាម្នាក់​ចោល ដោយ​អត់បាយ ស្របតាម​ទឹកចិត្ត និង​អនុសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។ ក្នុងនេះ​ផងដែរ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ក៏បាន​ស្នើ​ដល់​ប្រជាជន​គ្រួសារ​ដែលមាន​ជីវភាព​ប្រសើរ​ទូទាំងប្រទេស សូមមេត្តា​ជួយ​ដល់​រាជរដ្ឋាភិបាល ទី​១ សូមមេត្តា​កុំ​ព្យាយាម​បំបែក​គ្រួសារ យក​ឱ​ពុក ម្តាយ​ជា​ចាស់ជរា ចេញពី​បន្ទុក ដើម្បី​ទទួលបាន​ការឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល ខណៈពេលដែល​កូន មាន​ជីវភាព​គ្រាន់បើ អាចមាន​លទ្ធភាព​ចិញ្ចឹម​បីបាច់​ថែរក្សា​ឱ​ពុក​ម្តាយ​បាន​នៅឡើយ ទី​២ សូមមេត្តា​យោគយល់​ដល់​គ្រួសារ​ក្រីក្រ​ពិតប្រាកដ ដែល​បានទទួល​ប្រាក់ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល កុំ​ច្រណែន​គាត់ និង​សូមជួយ​អបអរសាទរ​គ្រួសារ​ក្រីក្រ​ទាំងនោះ គឺ​វា​ពិតជា​បាន​ចូលរួមចំណែក​យ៉ាង​ធំ​ក្នុង​ការកសាង​ប្រទេសជាតិ​យើង​។​

ក្នុង​ដំណើរ​បេសកកម្ម​ចុះ​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ ក៏ដូចជា​ស្វែងយល់​ពី​ជីវិត និង​អារម្មណ៍​ពិត របស់​បងប្អូន​ប្រជាជន​គ្រួសារ​ក្រីក្រ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត បាន​ចុះ​សម្ភាសន៍​ផ្ទាល់​ដល់​លំនៅដ្ឋាន រួម​នឹង​ការផ្តល់ប្រាក់​ឧបត្ថម្ភ រួម​នឹង​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន ជូន​ដល់​ពួកគាត់ ក្នុង​ឃុំ​មួយចំនួន​ក្នុងស្រុក​ចំនួន​បី​រួមមាន​៖ ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​, ស្រុក​ត្រាំកក់ ខេត្តតាកែវ និង​ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ​៕​ដោយ​៖​កូ​ឡាប​

spot_img
×