Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋលេខាធិការ​ក្រសួង​សាធារណការ ៖ តាម​លក្ខណៈ​បច្ចេកទេស​ការសាងសង់​សួនច្បារ​ចែក​ទ្រូងផ្លូវ ត្រូវ​រក្សា​គម្លាត​ពី​១,៥​គីឡូម៉ែត្រ ទៅ​២​គីឡូម៉ែត្រ នៅក្រៅ​ទីប្រជុំជន និង​ចន្លោះ​ពី​៤០០​ម៉ែត្រ ទៅ​៧០០​ម៉ែត្រ​នៅក្នុង​ទីប្រជុំជន​

spot_img

​តាកែវ​៖​ឯកឧត្ដម ខាន់ ម៉ា​ណេ​រ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ចុះ​ពិនិត្យ​ស្ថានភាព​សាងសង់​ស្ពាន​រំលង​ផ្លូវជាតិ​លេខ​៣ និង​វឌ្ឍនភាព​សាងសង់​ផ្លូវជាតិ​លេខ​៣ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួង អភិបាលរង​ខេត្តតាកែវ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តតាកែវ និង​ខេត្តកំពង់ស្ពឺ អភិបាល​នៃ​គណៈ​អភិបាលស្រុក​តាម​ដងផ្លូវ មន្ត្រី​បច្ចេកទេស តំណាង​ក្រុមហ៊ុន​សាងសង់ និង​ក្រុមហ៊ុន​ប្រឹក្សា​បច្ចេកទេស​ផងដែរ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែកញ្ញា ឆ្នាំ​២០២០ ។​

​បេសកកម្ម​នេះ​ធ្វើឡើង​ដើម្បី​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​សាងសង់​សួនច្បារ​ខណ្ឌ​ទ្រូងផ្លូវ​ជាតិ​លេខ​៣ ស្ពាន​រំលង​ផ្លូវជាតិ​លេខ​៣ និង​វឌ្ឍនភាព​សាងសង់​ផ្លូវជាតិ​លេខ​៣ ក៏ដូចជា​ដើម្បី​ជួយ​សម្របសម្រួល និង​ដោះស្រាយ​បញ្ហា​មួយចំនួន ដែល​រាំងស្ទះ​ដល់​ការសាងសង់​របស់​ក្រុមហ៊ុន​ផងដែរ​។​

​គួរកត់សម្គាល់​ផងដែរ​ថា​៖ គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​៣ សម្រេចបាន​៨០%​ហើយ មកដល់ពេលនេះ ក្រុមហ៊ុន​កំពុង​សាងសង់​សួន​ចែក​ទ្រូងផ្លូវ និង​ស្ពាន​រំលង​ផ្លូវ​។ ផ្លូវ​នេះ​ត្រូវបាន​សាងសង់ឡើង​តាម​បទដ្ឋាន​អន្តរជាតិ សម្រាប់​ល្បឿន​អតិបរមា ៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​ឯកឧត្ដម​រដ្ឋលេខាធិកា​រ​បានឱ្យដឹងថា ការសាងសង់​សួនច្បារ​ខណ្ឌ​ទ្រូងផ្លូវ​នេះ​មាន​សារសំខាន់​ណាស់​ក្នុងការ​កាត់បន្ថយ​ការកកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍ ព្រមទាំង​បាន​រំលេច​នូវ​សោ​ភណ្ឌ​ភាព​ដងផ្លូវ​ផងដែរ ហើយ​តាម​លក្ខណៈ​បច្ចេកទេស ការសាងសង់​សួនច្បារ​ចែក​ទ្រូងផ្លូវ គឺ​ត្រូវ​រក្សា​ចន្លោះ​ទ្រូងផ្លូវ​ត្រង់ចំណុច​ដែលមាន​ផ្លូវធំ​ឆ្លងកាត់ និង​ទីតាំង​ដែលមាន​ការឆ្លងកាត់​ច្រើន តែ​ត្រូវ​រក្សា​គម្លាត​ពី​ចន្លោះ​មួយ​ទៅ​ចន្លោះ​មួយទៀត​ពី​១,៥​គីឡូម៉ែត្រ ទៅ​២​គីឡូម៉ែត្រ​នៅក្រៅ​ទីប្រជុំជន និង​ចន្លោះ​ពី​៤០០​ម៉ែត្រ ទៅ​៧០០​ម៉ែត្រ​នៅក្នុង​ទីប្រជុំជន​។​

​ឯកឧត្ដម​រដ្ឋលេខាធិកា​រ​បាន​សង្កត់ធ្ងន់ថា ការសាងសង់​សួនច្បារ​ខណ្ឌ​ទ្រូងផ្លូវ មិន​ស្របតាម​លក្ខណៈ​បច្ចេកទេស គឺជា​បច្ច័យ​នាំឱ្យ​ល្បឿន​នៃ​ការបើកបរ​ថយចុះ បង្ក​ការកកស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បណ្ដាលឱ្យ​ខាតបង់​ទ្រព្យសម្បតិ្ត ពិការ ឬ​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​របស់​គ្រួសារ និង​ងាយ​ធ្លាក់ចូល​ទៅក្នុង​អន្ទាក់​នៃ​ភាពក្រីក្រ​ជាដើម​។​

​ឯកឧត្ដម​រដ្ឋលេខាធិកា​រ​បាន​បង្ហាញថា ផ្លូវជាតិ​លេខ​បី (​ពិសេស​កំណាត់​ផ្លូវ​ពី​ចោមចៅ ទៅ​បែក​គុ​ស​) គឺជា​ភូមិសាស្ត្រ​មានការ​អភិវឌ្ឍ​ខ្លាំង បច្ចុប្បន្ន​កំណាត់​ផ្លូវ​នេះ​អមដោយ​ឧស្សាហកម្ម​រោងចក្រ សហគ្រាស​តូចៗ និង​មធ្យម ទីផ្សារ សាលារៀន និង​វត្ត​អារាម ធ្វើឱ្យមាន​ចរាចរណ៍​មមាញឹក​ជា​រៀងរាល់ថ្ងៃ​។​

​ឯកឧត្ដម​រដ្ឋលេខាធិកា​រ​បាន​បន្តថា តាមរយៈ​កំណើនសេដ្ឋកិច្ច និង​កំណើន​ប្រជាពលរដ្ឋ នៅ​ថ្ងៃ​អនាគត​តំបន់​នេះ​នឹង​ក្លាយទៅជា​ទីប្រជុំជន​ដ៏​ធំ​មួយ ដែល​រាជរដ្ឋាភិបាល ត្រូវតែ​យកចិត្តទុកដាក់​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ឱ្យ​ស្របតាម​លក្ខណៈ​បច្ចេកទេស កំណើន​យានយន្ត និង​កំណើន​ប្រជាពលរដ្ឋ និង​ចក្ខុវិស័យ​របស់ខ្លួន ជៀសវាង​ផលវិបាក​នានា ដែល​អាច​កើតមាន​នៅពេល​កំណើន​ប្រជាពលរដ្ឋ​កាន់តែ​កើនឡើង​នៅ​តំបន់​នេះ​។​

​ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​ថ្លែងអំណរគុណ​ចំពោះ​ការយោគយល់​ខ្ពស់ របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៣ ជាពិសេស​បងប្អូន​ដែលមាន​ទីលំនៅ​តាម​បណ្ដោយ​ផ្លូវ​នេះ ទាក់ទង​នឹង​ការរំខាន​នានា​ខណៈពេល​កំពុង​សាងសង់ ព្រមទាំង​បាន​អំពាវនាវ​ឱ្យចូល​រួមសហការ ជាមួយ​រាជរដ្ឋាភិបាល​ក៏ដូចជា ជាមួយ​ក្រុមហ៊ុន​សាងសង់ ដើម្បីឱ្យ​ការសាងសង់​ត្រូវ​តាម​លក្ខណៈ​បច្ចេកទេស មានគុណ​ភាពល្អ និង​បញ្ចប់​ការសាងសង់​តាម​គម្រោង​ដែល​បាន​គ្រោងទុក​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×