Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ពោធិ៍សាត់ ស្នើ​ដល់​ប្រជាពលរដ្ឋ​ដែលមាន​រឿងក្តី​ទាំងអស់ សូម​សម្តែង​ការពិត និង​បង្ហាញ​ភាពស្មោះត្រង់ ដោយ​ប្រកាន់យក​ភាពយុត្តិធម៌​

spot_img

​ពោធិ៍សាត់​៖ ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ នា​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២០​នេះ បានស្នើ​ដល់​បងប្អូន​ពុក​ម៉ែ​ប្រជាពលរដ្ឋ​ដែលមាន​រឿងក្តី​ទាំងអស់ សូម​សម្តែង​ការពិត និង​បង្ហាញ​ភាពស្មោះត្រង់ ដោយ​ប្រកាន់យក​ភាពយុត្តិធម៌ ដើម្បី​ងាយស្រួល​ក្នុងការ​សម្រេច ឬ​ដោះស្រាយ​ផ្តាច់​ក្តី ពាក់ព័ន្ធ​នឹង​ក្តីកង្វល់​ទាំងឡាយ​ទាំងពួង​របស់​បងប្អូន ដែល​មិនទាន់​ស្រឡះ​អារម្មណ៍ ស្រឡះ​ចិត្ត ក្នុង​ជីវរ​ភាព​រស់នៅ​ប្រចាំថ្ងៃ​។​

​ឯកឧត្តម​អភិបាលខេត្ត បានស្នើ​បែបនេះ នៅ​វេទិកា​ក្នុង​សាលាខេត្ត​ពោធិ៍សាត់ ក្នុងឱកាស​ទទួល​សម្រប​សម្រួល​ដោះស្រាយ​បញ្ហា​ប្រឈម ក៏ដូចជា​សំណូមពរ ជូន​បងប្អូន​ពុក​ម៉ែ​ប្រជាពលរដ្ឋ ដោយបាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត​, លោក លោកស្រី​អភិបាលរង​ខេត្ត​, ថ្នាក់ដឹកនាំ​មន្ទីរ​ពាក់ព័ន្ធ​, អាជ្ញាធរ​ស្រុក​ក្រុង ឃុំ សង្កាត់ ភូមិ និង​បងប្អូន​ពុក​ម៉ែ​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

​ថ្លែង​ក្នុងឱកាស​នោះ ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បានឱ្យដឹងថា នេះ​គឺជា​ទម្លាប់​នៅ​រៀងរាល់ថ្ងៃ​អង្គារ និង​ថ្ងៃ​សុក្រ ឯកឧត្តម​តែងតែ​ជួប​ជាមួយ​បងប្អូន​ពុក​ម៉ែ​ប្រជាពលរដ្ឋ ដើម្បី​ចូលរួមចំណែក​ជាមួយ​សុខទុក្ខ​ដោយផ្ទាល់​។ ថ្វី​ត្បិត​ទីនេះ នៅក្នុង​សាលាខេត្ត​ក៏ពិតមែន ប៉ុន្តែ​ឯកឧត្តម​តែងតែ​ប្រើប្រាស់​ឋានានុក្រម​២៖ គឺ​ទី​១-​ក្នុងនាម​ជា​អភិបាលខេត្ត សម្រាប់​សម្របសម្រួល​ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​បងប្អូន​ពុក​ម៉ែ​ប្រជាពលរដ្ឋ ទៅលើ​ផ្លូវច្បាប់​, ទី​២-​ក្នុងឋានៈ​ជា​គ្រួសារ មាន​តួនាទី​ជា​បង ជា​ប្អូន ជា​កូន ជា​ក្មួយ និង​ជា​ចៅ​មួយ ក្នុង​គ្រួសារ​បងប្អូន​ពុក​ម៉ែ​ប្រជាពលរដ្ឋ ជាង​៥០​ម៉ឺន​នាក់​ទូទាំង​ខេត្ត​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​បន្តថា ដើម្បី​ងាយស្រួល​ក្នុងការ​សម្រេច ឬ​ដោះស្រាយ​ផ្តាច់​ក្តី ពាក់ព័ន្ធ​នឹង​ក្តីកង្វល់​ទាំងឡាយ​ទាំងពួង​របស់​បងប្អូន ដែល​មិនទាន់​ស្រឡះ​អារម្មណ៍ ស្រឡះ​ចិត្ត ក្នុង​ជីវរ​ភាព​រស់នៅ​ប្រចាំថ្ងៃ ឯកឧត្តម​សូម​ស្នើ​ដល់​បងប្អូន​ពុក​ម៉ែ​ប្រជាពលរដ្ឋ​ដែល​មានរឿង​ក្តីក្តាំ​ទាំងអស់ សូម​សម្តែង​នូវ​ការពិត បង្ហាញ​ភាពស្មោះត្រង់ និង​ប្រកាន់យក​នូវ​ភាពយុត្តិធម៌ «​បើ​អត់​គឺ​ប្រាប់ថា​អត់ អ្នក​បំពាន​គេ​គឺ​ត្រូវ​ប្រាប់​ដោយ​ត្រង់ អ្នកយក​ដី​គេ​ត្រូវ​ឱ្យគេ​វិញ អ្នក​ជំពាក់​លុយ​គេ​ត្រូវ​សង​គេ ទាំងនេះ​គឺជា​សេចក្តីសុខ និង​ភាពថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​»​។​

​ឯកឧត្តម ម៉ៅ ធនិន បាន​លើកឡើងថា ប្រទេសជាតិ​មានច្បាប់ ហើយ​ច្បាប់​មនុស្ស គឺមាន​នៅក្នុង​ការអនុវត្ត​លើ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ដោយឡែក​ច្បាប់​កម្ម​ពារ​ក៏មានដែរ គឺ​សម្រាប់​អ្នក​កាន់​ព្រះពុទ្ធសាសនា​។ ត្រូវ​ចាំ​ថា​យើង​យក​ដី​គេ ពេល​នោះគេ​នឹង​ខឹង​យើង ចុះបើ​គេ​យក​ដី​យើង តើ​យើង​ខឹង​គេ​ដែរ​ឬក៏​អត់​? ត្រង់ចំណុច​នេះ​សូម​បងប្អូន​ពុក​ម៉ែ​ប្រជាពលរដ្ឋ​ពិចារណា កុំ​បំពាន​គ្នា និង​កុំ​បន្ត​រំលោភសិទ្ធិ​គ្នា​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​បន្ថែមទៀតថា ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្លូវច្បាប់ អ្វីដែល​យើង​បំពាន​គេ ពេលនោះ​គឺមាន​តែ​ខាតបង់​ពេលវេលា ប្រាក់​កាក់​ដោយ​ឥតប្រយោជន៍ និង​បំផ្លាញ​សេចក្តីសុខ​ក្នុង​ក្រុមគ្រួសារ​។ ក្រោយ​ពេលដែល​យើង​ជួបគ្នា​ហើយ​នេះ សូមឱ្យ​បងប្អូន​ពុក​ម៉ែ​ប្រជាពលរដ្ឋ បោះបង់ចោល​នូវ​រឿងរ៉ាវ​ទាំងអស់ ដោយ​រួមគ្នា​កសាង​អំពើ​ល្អ សាបព្រោះ​នូវ​សេចក្តី​ល្អ ពូជ​ល្អ និង​ទង្វើរ​ល្អ ដើម្បី​សន្សំ​យក​ផល​បុណ្យ​ទៅ​ថ្ងៃ​អនាគត​។

​ផ្អែក​តាម​ការសម្របសម្រួល រយៈពេល​ជិត​៧​ម៉ោង ពោលគឺ​ចាប់ពី​ម៉ោង ៨ និង​៣០​នាទី​ព្រឹក រហូតដល់​ម៉ោង ៣ និង​០០​នាទី​រសៀល ឯកឧត្តម ម៉ៅ ធនិន រួមជាមួយ​ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត​, លោក លោកស្រី​អភិបាលរង​ខេត្ត និង​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ បាន​ដោះស្រាយ​សំណុំរឿង ជូន​បងប្អូន​ពុក​ម៉ែ​ប្រជាពលរដ្ឋ បាន​ចំនួន​៣៤​ករណី ដែល​ក្នុងនោះ​មាន​៖ បញ្ហា​ទំនាស់​ដីធ្លី ទំនាស់​ក្រុមគ្រួសារ បញ្ហា​ឆបោក​-​លួច បញ្ហា​ប្រ​វ៉ាស់​គោ​-​ក្របី បញ្ហា​កម្ចី​ប្រាក់ ទំនាស់​ដី​កេរ្តិ៍ និង​ទំនាស់​ក្នុង​វត្ត​អារាម​…​។​ល​៕ ដោយ​៖​កូ​ឡាប​

 

spot_img
×