Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេ​ជោ ៖ គប្បី​ជំរុញ​ការអនុវត្ត រាល់​កិច្ចព្រមព្រៀង​រវាង​កម្ពុ​ជា​និង​ឥណ្ឌា ដែល​បាន​ចុះហត្ថលេខា​ហើយ​នោះ ដើម្បី​ឈាន​ឆ្ពោះទៅ​ការជោគជ័យ

spot_img

ភ្នំពេញ ៖ ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងប្រាប់​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ថា យើង​គប្បី​លើកកម្ពស់​អនុស្សរណៈ ដែល​យើង​បាន​ចុះហត្ថលេខា​រួចមក ឱ្យទៅជា​កិច្ចព្រមព្រៀង ហើយ​កិច្ចព្រមព្រៀង​ដែល​យើង​បាន​ចុះ​ជាមួយគ្នា គប្បី​ជំរុញ​ការអនុវត្ត ដើម្បី​ឈាន​ឆ្ពោះទៅ​ការជោគជ័យ លើ​រាល់​កិច្ចព្រមព្រៀង ដែល​បាន​ចុះហត្ថលេខា​ហើយ​នោះ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ ឯកអគ្គរដ្ឋទូត​ឥណ្ឌា ប្រចាំ​នៅ​កម្ពុជា ដែល​ផុត​អាណត្តិ​
​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃ​សុក្រ​ទី ១១ ខែកញ្ញា ឆ្នាំ​២០២០ នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូត​ឥណ្ឌា ប្រចាំ​នៅ​កម្ពុជា ដែល​ចប់​អាណត្តិ​បេសកកម្ម​ការទូត​។​

​ក្នុងជំនួប​នោះ លោកជំទាវ Manika Jain បាន​គោរព​សម្ដែង​នូវ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​ការគ្រប់គ្រង​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ប្រទេស​កម្ពុជា​។ លោកជំទាវ​បាន​មានប្រសាសន៍ថា កម្ពុជា​បាន​គ្រប់គ្រង​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​បាន​យ៉ាង​ល្អប្រសើរ ដែល​រហូតមកដល់​ថ្ងៃនេះ អ្នកជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា​បានជា​សះស្បើយ​ទាំងស្រុង ជាមួយគ្នានេះ​ផងដែរ លោកជំទាវ​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា​ទាំងអស់ និង​ប្រជាជន​កម្ពុជា​ដែល​កន្លងមក បាន​ផ្ដល់នូវ​ការគាំទ្រ​ដល់​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អប្រសើរ ធ្វើឱ្យ​បេសកកម្ម​កា​ទូត​របស់​លោកជំទាវ​នៅ​កម្ពុជា​នាពេលនេះ​ជាង​២​ឆ្នាំ​កន្លងមកនេះ ទទួល​នូវ​ភាពជោគជ័យ​ត្រចះត្រចង់ ក្នុងនោះ​រួមទាំង​មានការ​អញ្ជើញ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្ដេច​តេ​ជោ ទៅកាន់​ប្រទេស​ឥណ្ឌា​ផង ហើយ​ជាមួយគ្នា​នោះ ក៏មាន ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ថ្នាក់ដឹកនាំ​កម្ពុជា​មួយចំនួនទៀត បាន​ទៅធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា​ផងដែរ​។

​លើសពីនេះទៅទៀត ក៏មាន​ការធ្វើដំណើរ​ម​ក​ប្រទេស​កម្ពុជា​របស់ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ឥណ្ឌា រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌា​ផងដែរ ដែល​សកម្មភាព​ទាំងអស់នេះ​ធ្វើឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​រឹងមាំ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ កាន់តែ​រីកដុះដាល​ប្រសើរ​ឡើងជា​លំដាប់​។ លោកជំទាវ​បាន​បន្តទៀតថា ក្នុង​ដំណើរ​ទស្សនកិច្ច​នីមួយៗ​មានការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ កិច្ចព្រមព្រៀង​លើ​ការអភិវឌ្ឍ​គម្រោង​ផ្សេងៗ​ផងដែរ ដែល​ជំរុញ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ល្អ​បន្ថែមទៀត​។​

​ជា​សា​ក្ខី​ភាព​ទំហំ​ពាណិជ្ជកម្ម នៃ​ប្រទេស​ទាំងពីរ បាន​កើន​ឡើងជា​លំដាប់ ក្នុងន័យ​នេះដែរ លោកជំទាវ​ក៏បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា តាម​អ្វីដែល​លោកជំទាវ​បានកត់សម្គាល់ គឺ​ក្នុង​រយៈពេល​ជាង​២​ឆ្នាំកន្លះ​នេះ កម្ពុជា និង​ឥណ្ឌា​បានធ្វើ​សហប្រតិបត្តិការ​រវាង​គ្នា និង​គ្នា​ស្ទើរតែ​គ្រប់​វិស័យ​ទាំងអស់​។

​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​លោកជំទាវ Manika Jain និង​សហការី​ទាំងអស់​ដែល​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ពង្រីក ពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​។
​សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍ថា សម្ដេច​សម្គាល់​ឃើញ​ដូច​លោកជំទាវ​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ដែរ​ថា កម្ពុជា និង​ឥណ្ឌា​មាន​កិច្ចសហប្រតិបត្តិការ​ស្ទើ​តែ​គ្រប់​វិស័យ​ទៅហើយ ហើយ​វិស័យ​នីមួយៗ​សុទ្ធតែ​វិស័យ​សំខាន់ៗ ក្នុងការ​ជំរុញ​លើកកម្ពស់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។ សម្តេច​តេ​ជោ​បន្តថា អ្វី​ដែលជា​ការងារ​បន្ត​សម្ដេច​តេ​ជោ បាន​ជម្រាបជូន​លោកជំទាវ​ថា យើង​គប្បី​ណា​លើកកម្ពស់​អនុស្សរណៈ ដែល​យើង​បាន​ចុះហត្ថលេខា​រួចមក ឱ្យទៅជា​កិច្ចព្រមព្រៀង ហើយ​កិច្ចព្រមព្រៀង​ដែល​យើង​បាន​ចុះ​ជាមួយគ្នា គប្បី​ណា​ជំរុញ​ការអនុវត្ត ដើម្បី​ឈាន​ឆ្ពោះទៅ​ការជោគជ័យ លើ​រាល់​កិច្ចព្រមព្រៀង ដែល​បាន​ចុះហត្ថលេខា​ហើយ​នោះ ។

​ស​ម្តេ​តេ​ជោ ហ៊ុន សែន ក៏បាន​មានប្រសាសន៍​ផងដែរ​ថា អ្វីដែល​យើង​បាន​ចុះហត្ថលេខា យើង​គប្បី​ណា​ពិនិត្យមើល​បន្ថែមទៀត ក្នុងការ​ពង្រឹង​តួនាទី សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​បន្ថែមទៀត ដើម្បី​ទៅ​ពង្រីក​វិសាលភាព​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស និង​ប្រទេស​ឲ្យ​កាន់តែ​រឹងមាំ​ថែម​មួយកម្រិត​ទៀត​៕
​ដោយ​៖​កូ​ឡាប​

spot_img
×