Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម ៖ កម្ពុជា​កំពុងតែ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយនឹង​ដៃគូ ដែល​ទាមទា​ឲ្យ​កម្ពុជា ធ្វើការ​ត្រៀមខ្លួន​ឲ្យ​បានច្បាស់លាស់

spot_img

​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម បាន​ថ្លែងថា កម្ពុជា​កំពុងតែ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយនឹង​ដៃគូ ដែល​ទាមទា​ឲ្យ​កម្ពុជា​ធ្វើការ​ត្រៀមខ្លួន​ឲ្យ​បានច្បាស់លាស់​ទាំង​គោលដៅ​នយោបាយ ការវិភាគ​ផលចំណេញ​និង​ផលប៉ះពាល់ យុទ្ធសាស្ត្រ​ចរចា និង​សមត្ថភាព​ចរចា​របស់​មន្ត្រី​ចរចា​ផ្ទាល់ ដើម្បី​ទាញយក​ផលប្រយោជន៍​ឲ្យ​បាន​ពេញលេញ​ពី​ការចរចា​។​

​នៅ​ថ្ងៃទី​១០-១១ ខែកញ្ញា ឆ្នាំ​២០២០ ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ក្រសួងពាណិជ្ជកម្ម សិក្ខាសាលា​ស្តីពី​ការចរចា​ពាណិជ្ជកម្ម បានរៀបចំ​ឡើង​ដោយ​គម្រោង​គាំទ្រ​សមាហរណកម្ម​តំបន់​អាស៊ាន ជំនួយ​ពាណិជ្ជកម្ម​កម្ពុជា (ARISE+Cambodia)​។ សិក្ខាសាលា​រយៈពេល ២​ថ្ងៃនេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម តំណាង​ស្ថានទូត​អាល្លឺម៉ង់ និង​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​។

​ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​នេះ ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​ជម្រាបជូន​ពី​ប្រវត្តិ​នៃ​ការចូល​របស់​កម្ពុជា​ជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដោយ​កម្ពុជា​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ដំបូងបង្អស់​ដែល​បាន​ក្លាយជា​សមាជិក​រប​ស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នៅ​ឆ្នាំ​២០០៤​។ នៅក្នុង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​នេះ កម្ពុជា​បាន​បង្កើន​សមត្ថភាពរ​បស់​ខ្លួន​បន្តិច​ម្ដងៗ ហើយ​នៅ​ឆ្នាំ ២០១៧ កម្ពុជា​បាន​ដើរតួ​ជា​អ្នកសម្របសម្រួល​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ព្រមទាំង​បាន​ដឹកនាំ​ក្រុម​ប្រទេស​នេះ​ក្នុង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​លើក​ទី​១១ នៅ​ប្រទេស​អា​ហ្ស​ង់​ទីន​ផងដែរ​។

​ទោះជា​យ៉ាងនេះ​ក្ដី ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​ជម្រាបជូន​ពី​សារសំខាន់​ក្នុង​ការបន្ត​អភិវឌ្ឍន៍​សមត្ថភាព​ក្នុង​ការចរចា​ពាណិជ្ជកម្ម ជាពិសេស​ក្នុងខណៈ​ពេលដែល​កម្ពុជា​កំពុងតែ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយនឹង​ដៃគូ ដែល​ទាមទា​ឲ្យ​កម្ពុជា​ធ្វើការ​ត្រៀមខ្លួន​ឲ្យ​បានច្បាស់លាស់​ទាំង​គោលដៅ​នយោបាយ ការវិភាគ​ផលចំណេញ​និង​ផលប៉ះពាល់ យុទ្ធសាស្ត្រ​ចរចា និង សមត្ថភាព​ចរចា​របស់​មន្ត្រី​ចរចា​ផ្ទាល់ ដើម្បី​ទាញយក​ផលប្រយោជន៍​ឲ្យ​បាន​ពេញលេញ​ពី​ការចរចា​។ ដូចនេះ សិក្ខាសាលា​ស្តីពី​ការចរចារ​ពាណិជ្ជកម្ម​នេះ គឺជា​ការអន្តរាគមន៍​ទាន់ពេលវេលា​មួយ​សម្រាប់​កម្ពុជា ក្នុងការ​ពង្រឹង និង​ពង្រីក​សមត្ថភាព​ចរចា​របស់​កម្ពុជា​។​
​សិក្ខាសាលា​នេះ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ក្រោម​ជំនួយ​ហិរញ្ញវត្ថុ​ពី​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា និង​ក្រសួង​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍​អាល្លឺម៉ង់ (BMZ) ដោយមាន​អ្នកចូលរួម​សរុប​ជាង ១០០​នាក់​មកពី​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ មួយចំនួន​៕
​ដោយ​៖​កូ​ឡាប​

spot_img
×