Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញ​កាន់បិណ្ឌ​វេន​ទី​៩ នៅ​វត្ត​ចំពុះក្អែក

spot_img

​ភ្នំពេញ​៖ ក្នុងឱកាស​វេន​កាន់បិណ្ឌ​ទី​៩​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយា​ដ៏​ឧត្តុង្គឧត្តម​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ក្រុមគ្រួសារ អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​-​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ មន្ត្រី​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា និង​ពុទ្ធបរិស័ទ​ជាច្រើន​នាក់ បាន​អញ្ជើញ​បូជា​ទៀន ធូប ផ្កា​ភ្ញី ថ្វាយ​ព្រះ​រតនត្រ័យ និង​នាំយក​នូវ​គ្រឿងឧបភោគ​-​បរិភោគ ចង្ហាន់​បិណ្ឌ​បាត្រ និង​បច្ច័យ​ទៅកាន់​បិណ្ឌ​វេន​ទី​៩ នៅ​វត្ត​មុន្នី​សុវណ្ណ (​ហៅ​វត្ត​ចំពុះក្អែក​) ដែល​ស្ថិតនៅ​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​ពិធី​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី ១១ ខែកញ្ញា ឆ្នាំ​២០២០ ត្រូវ​នឹង​វេន​កាន់បិណ្ឌ​ទី​៩ ស្រប​ពេលដែល​ប្រជាពលរដ្ឋ​ជា​ពុទ្ធសាសនិកជន​ទូទាំងប្រទេស​កម្ពុជា កំពុង​ចូលរួម​សប្បាយ រីករាយ​ប្រកបដោយ​សទ្ធា​ជ្រះថ្លា ក្នុងការ​នាំយក​នូវទេ​យ្យ​ទាន និង​គ្រឿងឧបភោគ​-​បរិភោគ ទៅ​វេរ​ប្រគេន​ព្រះសង្ឃ​នៅ​គ្រប់​ទី​អារាម​ទូទាំងប្រទេស ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ដល់​ដួង​វិញ្ញាណក្ខន្ធ​ជីដូន​ជីតា បុព្វការី​ជន ញាតិ​ការ​ទាំង​៧​សន្តាន ដែល​បាន​ចែក​ឋាន​ទៅកាន់​បរលោក​។​

​ជាមួយគ្នានេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​វេរ​ប្រគេន​ព្រះសង្ឃ នូវ​ចង្ហាន់ បច្ច័យ ទេយ្យទាន ដើម្បី​ឧទ្ទិស​នូវ​ផលានិសង្ស ជូនទៅ​ដល់​ដួង​វិញ្ញាណក្ខន្ធ បុព្វការី​ជន មាតាបិតា​របស់​សម្តេច គឺ អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី​, មហា​ឧបាសក លីន គ្រី​, មហា​ឧបាសិកា ឌី ប៉ុក​, អ្នកឧកញ៉ា​មហា​ភក្តី​សប្បុរិស​ភោ​គា​ធិបតី ហ៊ុន នាង ព្រមទាំង​វិញ្ញាណក្ខន្ធ​បុត្រ​ច្បង​របស់​សម្តេច សូមឱ្យ​ដួង​វិញ្ញាណក្ខន្ធ​របស់​អស់លោក​ទាំងនោះ​បានទទួល​យក​មនុញ្ញផល និង​ងាកក្រោយ​ឱ្យ​ពរជ័យ​ជូន​ដល់​សម្តេច​ទាំង​ទ្វេ និង​ក្រុមគ្រួសារ ព្រមទាំង​ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំងប្រទេស​ឱ្យ​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន រស់នៅ​ក្រោម​ម្លប់​នៃ​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​តរៀង​ទៅ​។

​សូមបញ្ជាក់ថា ទេយ្យទាន​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង​បុត្រា បុត្រី ចៅប្រុស ចៅស្រី ក្នុងឱកាស​កាន់បិណ្ឌ​វេន​ទី​៩ នា​វត្ត​ចំពុះក្អែក មាន​ដូចខាងក្រោម ៖
១/ ទេយ្យទាន​ចំនួន ២២​មុខ ៖ អង្ករ ទឹកក្រូច ទឹក​សុទ្ធ​អេ​វី​យ៉ង់ ទឹក​សណ្តែក ទឹក​ត្រឡាច ទឹក​គូលែន ទឹក​បា​កាស ទឹកដោះគោ​ខាប់ ស្ករស កា​កាវ មៀន​កំប៉ុង តែ នំ​ធុង ត្រីខ ត្រីងៀត សាច់ក្រក មី​យើង ផ្លែឈើ នំ អាល់កុល ម៉ាស​ពាក់​មុខ និង​ក្រណាត់ស​រួមជាមួយ​ថវិកា​៥​ម៉ឺន​រៀល​។
២/ ប្រគេន​ព្រះសង្ឃ ១៨០​អង្គ ក្នុង​មួយអង្គ ៗ​បច្ច័យ ៥​ម៉ឺន​រៀល​។
៣/ ជូន​យាយជី តាជី ១៧០​នាក់ ក្នុង​ម្នាក់ៗ ក្រណាត់ស ១​ដុំ និង​ថវិកា ៥​ម៉ឺន​រៀល​។
៤/ បច្ច័យ​កាន់បិណ្ឌ ចំនួន ៥​លាន​រៀល និង​បច្ច័យ​រៀបចំ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​។
​ដោយឡែក បច្ច័យ​ចូលរួម​ពី​ពុទ្ធបរិស័ទ​ក្នុងឱកាស​នេះ​មាន​សរុប​ចំនួន ១៩.៨៤០.០០០​រៀល និង ៣៦.៨៥០​ដុល្លារ​អាមេរិក​៕​ដោយ​៖​កូ​ឡាប​

         

spot_img
×