Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ជនសង្ស័យ​ម្នាក់ ករណី​ឆក់​ដ៏​សកម្ម​នៅ​ក្រុង​សៀមរាប ទៅ​តុលាការ​

spot_img

​សៀមរាប​៖​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ម្នាក់​ត្រូវបាន​នគរបាល​ក្រុង​សៀមរាប​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១១ ខែកញ្ញា ម្សិលមិញ​នេះ ពាក់ព័ន្ធ​ករណី​ឆក់​ដ៏​សកម្ម​នៅ​ក្រុង​សៀមរាប ហើយ​នៅ​ថ្ងៃ​សៅរ៍​នេះ ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​។​

​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​រៀបរាប់​ពី​ដំណើររឿង​ថា កាលពី​ថ្ងៃទី​១៥​ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​១៣​និង​៥៣ នាទី នៅ ចំណុច​តាមផ្លូវ​មុខ បន្ទប់​ជួល​មួយកន្លែង ស្ថិត​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខណៈដែល​ជនរងគ្រោះ​ឈ្មោះ នឹម សា​រ៉ែ​ន ភេទ​ស្រី អាយុ​៣៣​ឆ្នាំ កំពុង​ឈរ​ចាក់សោ​ទ្វារ​ចូល​ផ្ទះ ពេលនោះ​ស្រាប់​តែមាន​ជនសង្ស័យ​ម្នាក់​ភេទ​ប្រុស អាយុ​ចន្លោះ​ពី​២០​ឆ្នាំទៅ​៣០ ឆ្នាំ ជិះ​ម៉ូតូ​មួយគ្រឿង បានធ្វើ​សកម្មភាព​ឆក់​កាបូប​ជនរងគ្រោះ​ដែល​ស្ពាយ​ជាប់​និង​ស្មា ពេលនោះ​ជនរងគ្រោះ បាន​ប្រតាយប្រតប់​ទាញ​បាន​កាបូប​ប្រាក់ និង​ទូរស័ព្ទដៃ​បានមក​វិញ​។ ចំណែក​ជនសង្ស័យ យកបាន​កាបូបស្ពាយ ដោយ​នៅក្នុង​កាបូប​មាន​អាយ​ផត ពណ៌ ផ្កាឈូក ជា​ឧបករណ៍​ស្ដាប់​ចម្រៀង​១​គ្រឿង និង​គ្រឿងសំអាង​មានតម្លៃ​មួយចំនួនទៀត គេចខ្លួនបាត់​។

​ក្រោយពី​កើតហេតុ និង​បន្ទាប់ពី​ទទួលបាន​ពាក្យបណ្ដឹង ពី​ជនរងគ្រោះ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​សាលា​កំរើក សហការ​ជាមួយ​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ នួន សក្តិ៍​ចំរើន​រិ​ទ្ធ អធិការរង​ទទួល​ការងារ​ព្រហ្មទណ្ឌ បាន​ចុះ​ដល់​កន្លែងកើតហេតុ បើក​ការស្រាវជ្រាវ​និង​កំណត់​បាន​មុខសញ្ញា និង ភិនភាគ​ម៉ូតូ​ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព គឺ​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ ២០១៧ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ សៀមរាប 1Y-6834 ប៉ុន្តែ​ជនសង្ស័យ​គេចខ្លួនបាត់ ។​

​លុះដល់​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង ១៥​និង​៣០​នាទី ស្ថិតនៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខណៈដែល​ជនរងគ្រោះ​ឈ្មោះ នី បូរី​ន ភេទ​ស្រី អាយុ​២៤ ឆ្នាំ​មុខរបរ បុគ្គលិក​ក្រុម ហ៊ុន​ធានារ៉ាប់រង មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ធ្លក​អណ្ដូង សង្កាត់​ស្លក្រាម កំពុង​ជិះ​ម៉ូតូ​និយាយ​ទូរស័ព្ទ​តាមផ្លូវ ត្រូវបាន​ជនសង្ស័យ​ម្នាក់​ភេទ​ប្រុស ជិះ​ម៉ូតូ​មួយគ្រឿង ធ្វើ​សកម្មភាព​ឆក់យក​ទូរស័ព្ទដៃ​របស់​ជនរ​ង​គ្រោះ​ដែល​កំពុងនិយាយ ពេលនោះ​ជនរងគ្រោះ​បានឃើញ​និង​ចំណាំ​ផ្លាកលេខ​ម៉ូតូ​របស់​ជន សង្ស័យ ដែលមាន​ស្លាក​លេខ​1Y-6834 .​បន្ទាប់មក​សមត្ថកិច្ច​យើង​បានទទួល​បណ្តឹង កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ដែលជា​មុខសញ្ញា​ចាស់ កំពុង​ស្វែងរក និង​ដោយមាន​ការដឹកនាំ​បញ្ជារ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ចិន្តា​រ៉េត ស្នងការរង ទទួល​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និង​លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្លក្រាម និង​សង្កាត់​សាលា​កំរើក សហការ​ជាមួយ នគរបាល​ផ្នែក​ព្រហ្មទណ្ឌ ដឹកនាំ​នីតិវិធី និង​កិច្ចប្រតិបត្តិការ​ណ៍​ដោយ​លោក​នួន សក្តិ៍​ចំរើន​រិ​ទ្ធ អធិការរង​ក្រុង​សៀមរាប បាន​សហការគ្នា ធ្វើការ​ឃ្លាំមើល​ផ្ទះ​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ស្គាល់​ស្រាប់ ក៏​ឃើញ​រូបគេ​គេច​ចូល​សម្ងំ​ក្នុងផ្ទះ និង​ធ្វើការ​ហ៊ុមព័ទ្ធ​ផ្ទះ​របស់​ជនសង្ស័យ និង​ឃាត់ខ្លួន​យកមក​ធ្វើការ​សាកសួរ ព្រមទាំង​ដកហូត​បាន​វត្ថុតាង​ទូរស័ព្ទដៃ​របស់​ជនរ​ង​គ្រោះ មួយគ្រឿង​ម៉ាក iphone x ពណ៌​ស ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​2017 ពណ៌​ខ្មៅ មាន​ផ្លាកលេខ​សៀមរាប 1Y-6834 លេខ​តួ និង​លេខ​ម៉ាស៊ីន 9847536 ដែលជា​របស់​ជនសង្ស័យ ជិះ​ធ្វើ​សកម្មភាព​ផងដែរ​។​

​ក្រោយពេល​ធ្វើការ​ស្តាប់​ចម្លើយ​ជនសង្ស័យ​ឈ្មោះ មឿ សា​ម៉ាច អាយុ​២៦ ឆ្នាំ បាន​ឆ្លើយ​សារភាពថា រូបគេ​ពិតជា​បាន​ប្រើប្រាស់ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​បានធ្វើ​សកម្មភាព ឆក់​កាបូប​និង​ទូរស័ព្ទដៃ​របស់​ជនរ​ង​គ្រោះ​ទាំងពីរ ករណី​ខាងលើ​ពិតប្រាកដ​មែន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×