Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតកម្ម រឹត​ក​សម្លាប់ បុរស​ម្នាក់​ជា​មិត្តភក្តិ​ស្គាល់គ្នា រួច​យកទៅ​បោះចោល​នៅក្នុង​គំនរ​សំរាម ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ កាលពី​៥​ឆ្នាំមុន ត្រូវ​ចាប់ខ្លួន​បញ្ជូន ទៅកាន់​តុលាការ​

spot_img

​ភ្នំពេញ​៖ សូម​មហាជន​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ក​ប៊ុ​ក សូមកុំ​វាយ​ស្មៅ​បង្អើល​ពស់ កុំ​គោះ​ទឹក​បង្អើល​ត្រី​។ នា​រសៀល​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២០ សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី ឃាតកម្ម រឹត​ក​សម្លាប់ បុរស​ម្នាក់​ជា​មិត្តភក្តិ​ស្គាល់គ្នា រួច​យកទៅ​បោះចោល​នៅក្នុង​គំនរ​សំរាម ក្បែរ​ប្រឡាយទឹក​មួយកន្លែង ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ កាលពី​៥​ឆ្នាំមុន ទៅកាន់​តុលាការ ដើម្បី​ធ្វើការ​ផ្តន្ទាទោស​តាមច្បាប់​។​

​ជនសង្ស័យ ឈ្មោះ សី ផា​រ៉ា​ដា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជាប់​ពាក់ព័ន្ធ ក្នុងករណី រឹត​ក​សម្លាប់ បុរស​ម្នាក់​ជា​មិត្តភក្តិ​ស្គាល់គ្នា រួច​យកទៅ​បោះចោល​នៅក្នុង​គំនរ​សំរាម ក្បែរ​ប្រឡាយទឹក​មួយកន្លែង ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ រួមមាន រថយន្ដ​កា​មេ​រី​១​គ្រឿង ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​ស៊ិ​ច​ផ្លើស និង​ណូគា​២​គ្រឿង ខ្សែក​ខ្សែដៃ​និង​ចិញ្ចៀនពេជ្រ​១​ឈុត កាលពី​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៥ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​តាម​ចាប់ខ្លួន រហូត​បានសម្រេច ក្រោយពី​ជនសង្ស័យ​រូបនេះ គេចខ្លួន​អស់​រយៈពេល​៥​ឆ្នាំ​។​

​គួរ​រំលឹក​ផងដែរ​ថា កាលពី​៥​ឆ្នាំមុន មាន​សព​ជនរងគ្រោះ​ម្នាក់ ត្រូវបាន​គេ​ប្រទះឃើញ​នៅក្នុង​គំនរ​សំរាម ក្បែរ​ប្រឡាយទឹក​មួយកន្លែង តាម​បណ្ដោយ​ផ្លូវ​លេខ​៣៧១ ក្នុងភូមិ​អូរ​បែកក្អម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដោយ​ពុំមាន​អ្នក​ស្គាល់​អត្តសញ្ញាណ ព្រោះតែ​សាកសព​មាន​សភាព​ហើម​ប្រែ​ខុស​រូប​ដើម​។ ក្រោយមក​តាមរយៈ​វិធានការ​ជំនាញ អាវុធហត្ថ​រាជធានី​ភ្នំពេញ កំណត់​អត្តសញ្ញាណ ជនរងគ្រោះ​បាន​ថា មានឈ្មោះ ស្រ៊ុន សុភ​ក្ដិ អាយុ ៣៥​ឆ្នាំ ទីលំនៅ ភូមិ​ព្រែ​កតា​នូ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ហើយ​បន្ទាប់មក សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏បាន​ឃាត់ខ្លួន​ឃាតករ ជា​ជនដៃដល់​ម្នាក់ ឈ្មោះ សោម គឹមស៊ាន បញ្ជូនទៅ​តុលាការ​ផ្តន្ទាទោស​តាមច្បាប់​ផងដែរ តែ​ឈ្មោះ សី ផា​រ៉ា​ដា នេះ ក្រោយពី​ដឹងថា​បក្ខពួក​ខ្លួន ត្រូវ​អាវុធហត្ថ​ភ្នំពេញ​ចាប់ខ្លួនបាន ក៏​គេចខ្លួនបាត់​រហូត​អស់​រយៈពេល​៥​ឆ្នាំ ទោះជា​យ៉ាងនេះ​ក្តី សមត្ថកិច្ច​មិនដែល​បោះបង់ ការ​តាម​ប្រ​ម៉ាញ់​ឃាតករ​ម្តងណា​ទេ គ្រាន់តែ​វិធានការ​តាម​ប្រ​ម៉ាញ់​របស់​សមត្ថកិច្ច មិនអាច​ត្រូវបាន​យកមក​ផ្សព្វផ្សាយ ឬ​អួត​បង្ហាញ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បានឡើយ ជាក់ស្តែង​ជនសង្ស័យ​ដែល​គេចខ្លួន​អស់​រយៈពេល​៥​ឆ្នាំ​ខាងលើ ត្រូវបាន​អាវុធហត្ថ​ភ្នំពេញ​ស្រាវជ្រាវ​ដឹងថា សម្ងំ​លាក់ខ្លួន​នៅ​ខេត្តតាកែវ ទើប​កម្លាំង​ជំនាញ បាន​ទៅ​សហការ​ជាមួយ​អាវុធហត្ថ​ខេត្តតាកែវ ដោយ​ស្ងប់ស្ងាត់ តាម​ចាប់​ជនល្មើស​បានសម្រេច​តែម្តង​។ ហេតុ​ដូច្នេះហើយ អាវុធហត្ថ​ភ្នំពេញ សូម​អំពាវនាវ​ដល់​ម​ហា​ជន សូមមេត្តា កុំ​វាយ​ស្មៅ​បង្អើល​ពស់ កុំ​គោះ​ទឹក​បង្អើល​ត្រី តាមរយៈ​ការតាំង​ខ្លួន​ជា​អ្នក​ឈឺឆ្អាល​ជួស​គ្រួសារ​ជនរងគ្រោះ បង្ហោះ​សារ​សួររក​ឃាតករ​តាម​អារម្មណ៍​ផ្ទាល់ខ្លួន និង​ប្រមាថ​ដល់​សមត្ថកិច្ច​ដែល​មិនទាន់​អាច​ស្វែងរក​ឃាតករ​ឃើញ ដែល​ប្រការនេះ គឺជា​ការ​ពញ្ញាក់​ជនល្មើស ឲ្យ​រឹតតែ​ប្រុងប្រយ័ត្ន រឹតតែ​ពួន​កាន់តែ​ស្ងាត់ និង​រឹតតែ​រត់គេច​កាន់តែ​ឆ្ងាយ ប៉ះពាល់​ដល់​ចំណាត់ការ របស់​សមត្ថកិច្ច ទៅវិញ​ទេ​។ ចូរ​ចាំ​ថា កុក​អាច​ភ្លេច​ជុង តែ​ជុង​មិនដែល​ភ្លេច​កុក​ទេ ហើយ​អាជ្ញា​យុ​កាល​នៃ​បទល្មើស​ឧក្រិដ្ឋ មាន​រយៈពេល​១៥​ឆ្នាំ បើ​ដរាបណា​មិនទាន់​ផុត​អាជ្ញា​យុ​កាល​ទេ កុំ​ទាន់​ចាត់ទុកថា ជនល្មើស​បាន​រួចខ្លួន ដូច្នេះ​បើ​បងប្អូន បានដឹង​ដំណឹង​ជនល្មើស សូម​ចូលរួម​សហការ​ផ្តល់ព័ត៌មាន​ដល់​សមត្ថកិច្ច ដើម្បី​អនុវត្ត​ច្បាប់​ដោយ​មិន​លើកលែង​៕
ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×