Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងទេសចរណ៍ ដាក់​ឲ្យ​ដំណើរការ​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ (SDP) ដំណាក់កាល​ទី​២ ចាប់ពី​ឆ្នាំ​២០២០-២០២៤

spot_img

​ភ្នំពេញ​៖ ក្រសួងទេសចរណ៍​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ (SDP) ដំណាក់កាល​ទី​២ ចាប់ពី​ឆ្នាំ​២០២០-២០២៤ នៅ​តំបន់​ភូមិភាគ​ឦ​សាន្ត ដែលមាន​ដូចជា​ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី និង​ខេត្តមណ្ឌលគិរី​។​

​កម្មវិធី​នេះ​នឹងចូលរួម​ផ្តល់នូវ​ច្រក​សិក្សា​ជំនាញ​វិជ្ជាជីវៈ​ដល់​យុវជន​-​យុវនារី និង​អ្នកជំនាញ​កម្រិត​ទាប​ក្នុង​ខេត្ត​ទាំង ៥ ខាងលើ ដើម្បី​ទទួល​បាល​ការងារ​សមរម្យ និង​បង្កើន​ប្រាក់ចំណូល​បន្ថែម ហើយ​កម្មវិធី​នេះ​ក៏​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ធនធានមនុស្ស ក្នុង​វិស័យ​ទេសចរណ៍ ឆ្នាំ​២០១៧-២០២៥ ផងដែរ​។​

​លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​គម្រោង​កម្មវិធី​បណ្តុះបណ្តាល​បដិសណ្ឋារកិច្ច​សម្រាប់​កម្ពុជា (Hospitality for Kampuchea) បាន​លើកឡើងថា តាមរយៈ​គម្រោង​អភិវឌ្ឍន៍​ជំនាញ (SDP) ដំណាក់កាល​ទី​២​នេះ ក្រសួងទេសចរណ៍​នឹង​យកចិត្តទុកដាក់​លើ​ការអប់រំ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ លើ​កម្មវិធី​បណ្តុះបណ្តាល​បដិសណ្ឋារកិច្ច​សម្រាប់​កម្ពុជា (HoKa) ដល់​យុវជន​-​យុវ​ជ​នារី ដែល​នឹង​ផ្តល់នូវ​វិថី​អភិវឌ្ឍន៍​ជំនាញ​វិជ្ជាជីវៈ​ពិតប្រាកដ​ដល់​ពួកគេ បង្កើត​ការចាប់យក​ឱកាស​ការងារ​សមរម្យ និង​លើកកម្ពស់​ជីវភាព​រស់​នៅ ជាពិសេស​គាំទ្រ​ដល់​ការបង្កើត​មូលធន​មនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ ខណៈពេល​ខេត្តមណ្ឌលគិរី និង​ភូមិភាគ​ឦ​សាន្ត​ទាំងមូល​កំពុង​ទទួលបាន​កំណើន​ទេសចរ​យ៉ាង​កុះករ នា​រយៈកាល​ចុងក្រោយ​នេះ និង​និន្នាការ​ទេសចរណ៍​ភូមិភាគ​ឦ​សាន្ត​កាន់តែ​កើនឡើង​។​

​លោក Christian Volker Ide​ប្រធាន​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ (SDP) នៃ​អង្គការ​ស្វី​ស​ខន់​ថាក់ បាន​បញ្ជាក់ថា គម្រោង​អភិវឌ្ឍន៍​ជំនាញ (SDP) ជំហាន​ទី​២ ឆ្នាំ​២០២០-២០២៤ នេះ ជា​ជំនួយ​ឧបត្ថម​របស់​ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ (SDC) ដោយ​រយៈពេល ៤ ឆ្នាំ​បន្ត​ទៅមុខ​នឹង​យកចិត្តទុកដាក់​អនុវត្ត​លើ​កម្មវិធី​ចំនួន ៤ រួមមាន​៖ ការពង្រឹង​សមត្ថភាព​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ទីពិសោធន៍​នវានុវត្តន៍ ការបណ្តុះបណ្តាល​ពេញ​ម៉ោង​សម្រាប់​យុវជន​ងាយ​រងគ្រោះ និង​បដិសណ្ឋារកិច្ច​សម្រាប់​ក​ម្ពុ​ជា​។​

​លោក Christian Volker Ide បាន​បន្តថា​៖ តាមរយៈ​គម្រោង​នេះ យុវជន​ងាយ​រងគ្រោះ និង​បុគ្គលិក​ជំនាញ​ទាប​ប្រមាណ ១១,៦៤០​នាក់ ព្រមទាំង​គ្រូ​បណ្តុះបណ្តាល បុគ្គលិក អ្នកគ្រប់គ្រង​គ្រឹះស្ថាន​បណ្តុះបណ្តាល និង​ក្រុមហ៊ុន​ឯកជន​ប្រមាណ ៩១០​នាក់ នឹង​ទទួលបាន​ការបណ្តុះបណ្តាល បង្វឹក និង​ពង្រឹងសមត្ថភាព​ទៅតាម​ស្តង់ដា និង​បទដ្ឋាន​នានា​ដែល​បានរៀបចំ​»​។​

​លោក​រដ្ឋលេខាធិការ ប៉ាក់ សុខុម បាន​ផ្តាំផ្ញើ​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ ជាពិសេស​មន្ទីរ​ទេសច​រណ៍​ខេត្ត​គោលដៅ​ទាំង ៥ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ប្រតិបត្តិ​ករ​ទេសចរណ៍​នានា​ចូលរួម​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ​ជំហាន​ទី​២ ឆ្នាំ​២០២០-២០២៤ នេះ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ និង​បញ្ចូល​បុគ្គលិក ដើម្បី​ចូលរួម​ការបណ្តុះបណ្តាល និង​ពង្រឹងសមត្ថភាព​ឱ្យ​កាន់តែ​ផុលផុស​ដើម្បី​លើ​កម្ពស់​គុណភាព​សេវាកម្ម​ទេសចរណ៍​ក្នុង​ខេត្ត ក៏ដូចជា​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​ខេត្ត​ភូមិភាគ​ឦ​សាន្ត​ឲ្យ​កាន់តែ​ល្អប្រសើរ​ផងដែរ​៕
ដោយ​៖CEN


spot_img
×